រាជធានីភ្នំពេញ ៖ នៅទីបំផុត ស្នេហាខុសវ័យ រវាងតារាសម្តែង ចាស់វស្សា អ្នកនាង ប៉ែន សុផានី និងតារាចម្រៀង សប្បុរសខ្មៅស្រអែម លោក ម៉ារ៉ា ប៊ុណា្ណ បានដល់ផ្លូវបំបែកហើយ បន្ទាប់ពីចំណងស្នេហ៍ ក្រោមដំបូលផ្ទះតែមួយ របស់តារាមួយគូនេះ បានអូសបន្លាយ ពេលជាង១ឆ្នាំមកនេះ ។

កន្លងមក ប្រភពពីចង្កោមសិល្បៈដូចគ្នា ធ្លាប់បានលួចបង្ហើប ពីការបែកបាក់ ចំណងស្នេហ៍ របស់អ្នកទាំងពីរ ដែលបានកើតឡើង ជាយូរមកហើយ ប៉ុន្តែអ្នកទាំងពីរ មិនដែលបង្ហាញ ជាសាធារណៈទេ ទើបតែពេលនេះ អ្នកនាង ប៉ែន សុផានី បានទម្លាយ ជាសាធារណៈ ក្នុងកម្មវិធីវេទិកា «តុបំភ្លឺ» កាលពីយប់ថ្ងៃទី១២ ធ្នូ របស់ស្ថានីយ ទូរទស្សន៍ MY TV។

តារាសម្ដែងជើងចាស់ អ្នកនាង ប៉ែន សុផានី បានធ្វើការលើកឡើង ជាច្រើនតបនឹង ការចុះផ្សាយពាក់ព័ន្ធ រឿងអតីតសង្សារ ចុងក្រោយ ដែលគេស្គាល់ថា គឺលោកម៉ារ៉ា ប៊ុណ្ណា ហើយអ្នកនាងក៏បាន ពន្យល់ពីមូលហេតុ ដែលនាំឲ្យអ្នកនាងចែកផ្លូវ ដោយលែង ត្រឡប់ក្រោយ វិលរកលោកម៉ារ៉ា ប៉ុណ្ណា វិញនោះផងដែរ ។

ស្រដៀងទៅនឹង ការបកស្រាយខាងលើនេះ អ្នកនាង ប៉ែន សុផានី បានអះអាង ប្រាប់ដល់ទស្សនិកជន នៅក្នុងកម្មវិធី តុបំភ្លឺនោះថា ស្នេហារបស់នាង កើតឡើងពីការស្ម័គ្រចិត្ត របស់បុរសចុងក្រោយ ដោយមិនមែនជាស្នេហា កើតចេញពីការ ជះប្រាក់នោះឡើយ។ អ្នកនាងបញ្ជាក់ថា ក្នុងមួយជាតិអ្នកនាង មិនដែលឲ្យគេចិញ្ចឹម ហើយក៏អត់ដែល ទៅចិញ្ចឹមអ្នកណាដែរ ពេលនាងមានសង្សារ ទោះថាក្មេង ឬចាស់អី គឺសុទ្ធតែស្រឡាញ់គ្នា ចិត្តនឹងចិត្តទាំងអស់ ដោយពួកយើង រកលុយរៀងខ្លួន ហើយចាយរួមគ្នា និយាយរួម អត់មានអ្នកណា មកចិញ្ចឹមអ្នកណាទេ។

អ្នកនាង ប៉ែន សុផានី បានទទួលស្គាល់ ពីការបែកបាក់ស្នេហា ជាមួយលោក ម៉ារ៉ា ប៊ុណ្ណា ដែលទស្សនិកជនមួយចំនួន ផ្ដោតការចាប់អារម្មណ៍ ក្នុងនោះអ្នកនាង ក៏បញ្ជាក់ពីហេតុផល បែកបាក់ ថាជារឿង រស់នៅមិនចុះសម្រុងគ្នា ហើយអ្នកនាង បានបដិសេធចំពោះ ការលើកឡើង ផ្ទុយដែលថា បណ្ដាលមកពី អ្នកនាង និងលោក ម៉ារ៉ា ប៊ុណ្ណា មានភាគីខាងណា ក្បត់ខាងណានោះទេ។ អ្នកនាងបញ្ជាក់ថា ស្នេហាចុងក្រោយ ដែលបានបែកបាក់នេះ នឹងមិនអាច ត្រលប់ថយក្រោយ ហើយអ្នកនាង មិនមានការ ខូចចិត្តអ្វីឡើយ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]