រាជធានីភ្នំពេញ ៖  បុរសម្នាក់ ជាជនជាតិបរទេស ហើយត្រូវសមត្ថកិច្ច វាយតម្លៃថា ទំនងជាជនជាតិ អូស្ត្រាលី បានប្រកាច់ស្លាប់ នៅលើកៅអីថ្ម នៅសួនច្បារមាត់ទន្លេ ខាងកើតក្រុមប្រឹក្សាអភិវឌ្ឍន៍ វិថីព្រះសុីសុវត្ថិស្ថិត ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ហើយក្បែរខ្លួន ជនដែលស្លាប់ មានដបស្រា និងដបភេសជ្ជផងដែរ ។

សមត្ថកិច្ចបាននិយាយថា យោងតាមការឲ្យដឹង ពីប្រជាពលរដ្ឋម្នាក់ នៅវេលាជាង២រសៀល នាថ្ងៃទី១៦ ខែធ្នូ គាត់បានឃើញបុរសម្នាក់ ជាជនជាតិបរទេស បានអង្គុយនៅលើ កៅអីថ្មសួនច្បារ មាត់ទន្លេខាងកើត ក្រុមប្រឹក្សាអភិវឌ្ឍន៍ វិថីព្រះសុីសុត្ថិ ដោយមានកាន់ដបស្រា និងដបទឹកក្រូច មិនដឹងជាមូលអ្វី ស្រាប់តែបុរសនោះ ប្រកាច់ស្លាប់ភ្លាម មួយរំពេច ហើយក្បាលបាន កើយនៅលើកៅអីថ្ម ។ គាត់ឃើញដូច្នេះ ក៏បានរាយការណ៍ ទៅសមត្ថកិច្ចមូលដ្ឋាន ឲ្យចុះមកពិនិត្យ ហើយបើតាមអ្នកបើក រុឺម៉កកង់បីម្នាក់ បានប្រាប់ថា បុរសដែលប្រកាច់ ស្លាប់មិនទាន់ ដឹងមូលហេតុនេះ ជាជនជាតិអូស្ត្រាលី តែងតែឃើញអង្គុយផឹកស្រា នៅម្តុំផ្សារសូរិយាម៉ល ផ្លូវលេខ៥១ ស្ថិតក្នុងសង្កាត់ថ្មី៣ ខណ្ឌដូនពេញ ថ្ងៃណាក៏ស្រវឹង ធ្លាក់ភ្នែកដែរ និងមិនដែលឃើញ ហូបអ្វីនោះទេ ។

សមត្ថកិច្ចមិនទាន់បានបញ្ជាក់ ពីមូលហេតុនៃការស្លាប់ របស់បុរសជនបរទេស នេះនៅឡើយទេ គ្រាន់ជាការសន្និដ្ឋាន មិនផ្លូវការថា បណ្ដាលមកពី គាំងបេះដូង ហើយសពត្រូវបាន យកទៅរក្សាទុក នៅមន្ទីរពេទ្យកាល់មែត៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]