បរទេស៖ ប្រិយមិត្តរបស់ខ្មែរឡូត ប្រហែលជាបាន ស្គាល់នូវកំណត់ត្រា របស់ពិភពលោក ដែលត្រូវបាន ហៅថា Guinness World Records ដែលបានកត់ត្រា នូវទេពកោសល្យ ដ៏អស្ចារ្យរបស់ មនុស្សមួយចំនួន ដែលជាទូទៅ មនុស្សដទៃទៀត ពិបាកនឹងធ្វើដូច។

ស្របពេលក្នុង សប្តាហ៍នេះជា ខួប៦០ឆ្នាំ នៃកំណត់ត្រា ពិភពលោក Guinness World Records ខ្មែរឡូតក៏ បាននាំមកនូវ កំណត់ហេតុចម្លែកៗ ទាំង១០យ៉ាង ដែលមនុស្សធម្មតា ពិបាកនឹង ធ្វើដូច បានណាស់។ តោះនៅចាំអីទៀត ទៅទស្សនាទាំងអស់គ្នា៖

១.បុរសដែល មានអណ្តាតវែង ជាងគេក្នុងពិភពលោក


រូបភាពៈ បុរសដែល មានអណ្តាតវែង ជាងគេក្នុងពិភពលោក
បុរសម្នាក់ នេះមានឈ្មោះថា Nick Stoeberl វ័យ២៤ឆ្នាំ រស់នៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានក្លាយជាមនុស្ស ដែលមានអណ្តាត វែងជាងគេក្នុងលោក ក៏ព្រោះតែ អណ្តាត របស់គេ មាន ប្រវែង ដល់ទៅ ១០.១សង់ទីម៉ែត្រ។

២.ការប្រមូលផ្តុំ របស់ដែលទាក់ទង និងរឿង James Bond ដ៏ធំជាងគេបំផុត


រូបភាពៈ វត្ថុដែល ទាក់ទងទៅនិង សាច់រឿង James Bond
Nick Bennett អាយុ៤៧ឆ្នាំ រស់នៅក្នុងទីក្រុង Lancashire ប្រទេសអង់គ្លេស បានប្រមូលផ្តុំ នូវវត្ថុ ចំនួន ១២,៤៦៣ប្រភេទ ដែលទាក់ទង ទៅនិងសាច់រឿង ដ៏ល្បីមួយ គឺរឿង James Bond ហើយវត្ថុទាំងនេះ បានក្លាយទៅជា កំណត់ត្រារបស់ ពិភពលោក មួយផងដែរ។

៣.ការបាញ់ព្រួញ ដោយប្រើជើង បានឆ្ងាយបំផុត


រូបភាពៈ ការប្រើប្រាស់ ជើងដើម្បី បាញ់ព្រួញ ដែលមានចំងាយ ឆ្ងាយបំផុត
Nancy Siefker អាយុ២៦ឆ្នាំ រស់នៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានប្រើប្រាស់ ជំនាញរបស់នាង ខាងផ្នែកពត់ខ្លួន បូករួមជាមួយ ជំនាញបាញ់ព្រួញ ដើម្បីបង្កើត កំណត់ត្រាដ៏ ថ្មីមួយ សម្រាប់ពិភពលោក ក្នុងការប្រើប្រាស់ ជើងដើម្បី បាញ់ព្រួញ ក្នុងរយៈចំងាយ ដ៏ឆ្ងាយមួយ បើតាមកំណត់ត្រា Nancy អាចបាញ់ព្រួញ ដោយប្រើជើង ក្នុងចំងាយ ៦.០៩ម៉ែត្រ។

៤.ដងវាយ កូនហ្គោល ដ៏វែងបំផុត ក្នុងពិភពលោក


រូបភាពៈ ដងវាយកូនហ្គោល ដែលមានប្រវែង វែងបំផុតក្នុង ពិភពលោក
លោក Karsten Maas អាយុ៤៩ឆ្នាំ បានបង្កើតនូវ ដងវាយកូនហ្គោល ដែលអាចប្រើបាន មួយហើយ វាមាន ប្រវែងវែងបំផុត ក្នុងពិភពលោក។ ចំពោះដងនេះ មានប្រវែង ៤.៣៧ម៉ែត្រ និងអាច វាយកូនបាល់ បានចំងាយដល់ទៅ ១៦៥.៤៦ម៉ែត្រ ផងដែរ។

៥.រថយន្តដែល មានកន្លែងស្នាក់នៅ (Caravan) ដ៏តូចបំផុត ក្នុងពិភពលោក


រូបភាពៈ រថយន្ត Caravan ដែលតូចជាងគេ បំផុតក្នុងលោក
លោក Yannick Read អាយុ៤៣ឆ្នាំ រស់នៅក្នុង ទីក្រុងឡុងដ៏ បានបង្កើតរថយន្តដែល មានកន្លែង ស្នាក់នៅ ដ៏តូចបំផុត ក្នុងពិភពលោក ដែលវាមានប្រវែង ត្រឹមតែ១.៥៣ម៉ែត្រ កម្ពស់ ០.៧៩ម៉ែត្រ និងទម្ងន់ ត្រឹមតែ ១៣១.‌១គីឡូក្រាម ប៉ុណ្ណោះ តែក្នុងនោះវិញ មានគ្រែមួយ អំពូលភ្លើង ទូរទស្សន៍ ធុងទឹក និងកំសៀវផងដែរ។

៦.មនុស្សដែល អាចយកមុខ ទ្រលំនិងស្លាបព្រា បានយ៉ាងច្រើន


រូបភាពៈ មនុស្សដែល អាចយកមុខ មកទ្រលំនឹង ស្លាបព្រា បានយ៉ាងច្រើន បំផុត
Dailbor Jablanovic ប្រទេស ស៊ែប៊ី បានជាប់កំណត់ត្រា ពិភពលោក ដ៏ចម្លែកដែល គេអាច ប្រើប្រាស់ មុខរបស់ខ្លួន ដើម្បីទ្រលំនឹង ស្លាបព្រាបាន ដល់ទៅ៣១។

៧.មនុស្សដែល អាចដោតម្ជុល ចូលក្នុងក្បាល បានច្រើនបំផុត


រូបភាពៈ មនុស្សដែល អាចដោតម្ជុល ចូលក្នុងក្បាល បានច្រើនបំផុត
Wei Shengchu ជាជនជាតិចិន រស់នៅក្នុងទីក្រុង Istanbul ប្រទេសទួរគី បានបង្កើត កំណត់ត្រា សម្រាប់ ពិភពលោក ដ៏អស្ចារ្យដែល រូបគាត់អាចដោត ម្ជុលចូល ក្នុងក្បាលរបស់ខ្លួន ដល់ទៅ ២,១៨៨ដើម។

៨.ការបំបែក ប៉េងប៉ោង ដ៏អស្ចារ្យបំផុតមួយ


រូបភាពៈ ការពត់ខ្នង ដើម្បីបំបែក ប៉េងប៉ោង
នាង Julia Gunthel រស់នៅក្នុង ទីក្រុងកូឡូញ ប្រទេសអាល្លឺម៉ង់ បានបង្កើតកំណត់ត្រា ដ៏ចម្លែក និង អស្ចារ្យមួយ ដែលនាងអាច ពត់ខ្នងដើម្បី បំបែកប៉េងប៉ោង ចំនួន៣ ក្នុងរយៈពេល ត្រឹម ១២វិនាទី ប៉ុណ្ណោះ នេះគឺជាកំណត់ត្រា ដ៏អស្ចារ្យមួយ ដែលមនុស្សជាច្រើន ផ្សេងទៀត មិនអាចធ្វើដូច នាងបាន។

៩.ប្រើធ្មេញលើក តុ


រូបភាពៈ បុរសម្នាក់ ប្រើធ្មេញ លើកតុដែល មានមនុស្សអង្គុយ ពីលើ សរុបទម្ងន់ គឺជាង៦០គីឡូក្រាម
Georges Christen មកពីប្រទេស Luxembourg អាចប្រើធ្មេញ របស់គាត់លើកតុ ទម្ងន់១២ គីឡូក្រាម ព្រមទាំងបន្ថែម មនុស្សម្នាក់ ដែលមានទម្ងន់ ៥០គីឡូក្រាម ហើយអំឡុងពេល លើកតុនោះ គាត់ក៏អាច ដើរបានចំងាយ ១១.៨០ម៉ែត្រ ផងដែរ។

១០.ការកំទេចកំប៉ុង ភេសជ្ជៈដោយប្រើ ខ្សែតី


រូបភាពៈ មនុស្សដែល ប្រើខ្សែតី វាយកំទេច កំប៉ុងភេសជ្ជៈ បានយ៉ាងរហ័សបំផុត

Adam Winrich មកពីសហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រា សម្រាប់ពិភពលោក ក្នុងការកំទេច កំប៉ុងភេសជ្ជៈ ដោយប្រើខ្សែតី បានយ៉ាងច្រើនបំផុត ដោយចំណាយពេល ត្រឹមតែ ៣នាទីនិង ២៣វិនាទី ប៉ុណ្ណោះ។

ទាំងនេះគឺជា កំណត់ត្រាពិភពលោក ដ៏អស្ចារ្យដែល មនុស្សជាច្រើន មិនអាចធ្វើដូចបាន៕

ចុះប្រិយមិត្តពេញចិត្ត មួយណាជាងគេ?

ប្រភព៖ មេត្រូ

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]