អាមេរិក៖ សត្វឆ្មាញី មួយក្បាល ល្បីខ្លាំង ក្នុងពិភពអ៊ីនធើណិត ដោយសារតែ មុខក្រញ៉ូវរបស់វា ដែលកន្លងមក ត្រូវបានគេយកទៅ ធ្វើជារូបភាព បែបកំប្លែងលេង (meme) នោះ ពេលនេះ វា បានជួយរកចំនូល យ៉ាងច្រើន សន្ធឹកសន្ធាប់ ឲ្យម្ចាស់របស់វា តាមរយៈ ការថតខ្សែភាពយន្ត (រឿង Grumpy Cat's Worst Christmas Ever), ឡើងកម្មវិធីទូរទស្សន៍, ការផ្តល់សិទ្ធ, បោះពុម្ភលក់ សៀវភៅផ្សេងៗ ដែលមាន រូបមុខរបស់វា ជាដើម។

ឆ្មាមួយក្បាល ខាងលើ មានឈ្មោះថា Tardar Sauce ចាប់ផ្តើមល្បី ខ្លាំងបំផុត កាលពី២ ឆ្នាំមុន នៅពេល ដែលម្ចាស់ បង្ហោះរូបភាព របស់វាក្នុង YouTube ដែលកាលណោះ មានអ្នកចូលមើល ជាង ១៥.៧ លានដង។ តាមការប៉ាន់ស្មាន មួយបានឲ្យដឹងថា ដោយសារតែភាពល្បីល្បាញរបស់វា បានធ្វើឲ្យម្ចាស់ទទួល ចំនូលបានយ៉ាងច្រើន មកពីប្រភព ផ្សេងៗ ជាង ៦៤ លានផោន ឬ ជាង៩៩ លានដុល្លារ អាមេរិក ដែលចំនូលនេះ គឺច្រើនជាង ចំនូលរបស់តារាហូលីវូដ មួយចំនួន ដូចជា Nicole Kidman, Cameron Diaz និង Matthew McConaughey ទៅទៀត។

អ្នកស្រី Morristown ដែលជា ម្ចាស់របស់ឆ្មា Tardar នៅរដ្ឋ Arizona បានឲ្យដឹងថា ២ឆ្នាំមកនេះ ឆ្មា របស់គាត់ គឺរវល់ជាប់រហូត។ អ្នកស្រីបានឈប់ ពីការងារ ជាអ្នករត់តុ ដើម្បី ជួយរៀបចំឲ្យឆ្មា របស់អ្នកស្រី នៅពេលដែល មានការថត ម៉ូឌែល ឬ ការបង្ហាញតាម កម្មវិធីផ្សេងៗជាដើម ដែល មានគេទំនាក់ទំនង មកគ្រប់ ទិសទី សឹងតែទុកពេលឲ្យ ទូរស័ព្ទនៅស្ងាត់មិនបាន។

ពេលនេះវា មានអ្នកចុច follow នៅលើគណនី Instagram ជាង ៥២១,០០០ នាក់ និង ២៥៥,០០០ ផ្សេងទៀត នៅលើគណនី Twitter។ ដោយឡែក មុខក្រញូវ របស់ឆ្មា Tardar នេះ ត្រូវបានគេ ទិញសិទ្ធ យកទៅបោះលើ ប្រតិទិន កែវ ឬ ក៏ពែង និង លើអាវយឺត ផងដែរ។ ជាងនេះទៅទៀត វាបាន ចុះកុងត្រា ជាមួយ ក្រុមហ៊ុនចំនីសត្វ និង ក្រុមហ៊ុន កាហ្វេ Grumppuccino ពីការយករូប របស់វា ទៅប្រើជាឡូហ្គូ បិទនៅលើ ដបផងដែរ៕


សត្វឆ្មាល្បីដោយសារ មុខក្រញ៉ូវឈ្មោះ Tardar Sauce 


  រូបរបស់ ឆ្មា Tardar Sauce ដែលគេយកទៅសរសេរបែបកំប្លែងលេង ក្នុងបណ្តាញអ៊ីនធើណិត


ក្រុមហ៊ុនកាហ្វេ Grumppuccino ដែលទិញសិទ្ធយករូបរបស់វាទៅដាក់ជាឡូហ្គូ


  ឆ្មា Tardar ជាមួយ Jennifer Lopez ក្នុងកម្មវិធីទូរទស្សន៍ American Idol


  អ្នកគាំទ្រ២នាក់ ពាក់អាវដែលមានរូប ឆ្មា Tardar 


  តុក្កតារបស់ឆ្មា Tardar ជាច្រើនត្រូវគេធ្វើ និងដាក់លក់


Tardarឡើងកម្មវិធី ប៉ុស្តិ៍ NBC ក្រោយថតចប់ រឿង Grumpy Cat's Worst Christmas Ever 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]