អាមេរិក៖ បុរសអ្នក ប្រមាញ់ម្នាក់ ក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិក បានដាច់ចិត្តបាញ់ សំលាប់ក្តាន់ ភឿក ពណ៌ស ដ៏កម្រមានបំផុត មួយក្បាល រួចហើយរូបគាត់ បានថត ជាមួយ សាកសពរបស់វា  និងបង្ហោះ បង្អួតមិត្តភក្តិ ក្នុងបណ្តាញសង្គម Facebook ក៏ប៉ុន្តែ ឆ្លើយតបនឹងទង្វើនេះ គាត់ក៏ទទួលបានការ រិះគន់ និង ស្តីបន្ទោស យ៉ាងកក្រើកពេញ Facebook រហូតផ្អើល ដល់បណ្តាញ ផ្សព្វផ្សាយនានា យកមកចុះផ្សាយ។

បុរសដែល មានឈ្មោះថា Jerry Kinnaman រូបនោះ បានប្រើធ្នូក្នុង ការបាញ់សំលាប់ក្តាន់ កាលពីពេលដែល គាត់ទៅលេង ផ្ទះមិត្តភក្តិនៅតំបន់ Cape Girardeau កាលពីសប្តាហ៍មុន។ ក្តាន់ ភឿកនោះដែរ គឺជាសត្វក្តាន់ មួយក្បាលដែល ត្រូវបានប្រជាជននៅ តំបន់ Cape ស្គាល់ច្បាស់ និងចាត់ទុក ជាសត្វ ដ៏ល្បី ដែលគ្រប់គ្នា សុទ្ធតែស្រលាញ់ និង ខិតខំអភិរក្ស។

Kinnaman បានបកស្រាយ តាមសារព័ត៌មាន ក្រោយរងការរិះគន់ថា គាត់យល់ពីរឿង ដែលមនុស្សគ្រប់គ្នាខឹង ព្រោះពួកគេខ្លះ មានទំនាក់ទំនង និងអនុស្សាវរីយ៍ ជាមួយក្តាន់នេះ ក៏ប៉ុន្តែគេ មិនដឹងទេថា ក្តាន់មួយក្បាលនេះ គឺចាស់ ណាស់ទៅហើយ មិនយូរមិនឆាប់វា គង់តែងាប់ដដែល។ “អ្នកមិនមែន ជាអ្នកប្រមាញ់វា ដូច្នេះវាពិបាកសំរាប់ អ្នកដែលយល់ពីរឿងនេះ។ ខ្ញុំចង់ប្រាប់ថា ក្តាន់នេះគឺវា ចាស់ណាស់ទៅហើយ វាធ្លាប់មានអ្នកប្រមាញ់ដែរ កាលពីពេលមុន តែសំណាងវា មិនងាប់ សូម្បីតែ ធ្មេញ ក្នុងមាត់របស់វា ក៏បាក់អស់ដែរ នេះបង្ហាញថា ក្តាន់នេះ រស់យ៉ាងយូរ ត្រឹមរដូវរងារ ខាងមុខនេះ ប៉ុណ្ណោះ” លោក Kinnaman បានប្រាប់ដូច្នេះ។

លោក Kinnaman បន្តថា លោកប្រម៉ាញ់វា នេះគឺមិនមែនសំរាប់ យកទៅជួញដូរលក់ ឬយកទៅ ធ្វើជាអាហារអ្វីនោះទេ លោកនឹងយកវីដេអូ ឯកសារ នៃការប្រមាញ់នេះ ទៅរក្សាទុក និង អាចផ្សាយជូន សាធារណៈជន ពីក្តាន់ពណ៌ស ដ៏កម្រនេះ នៅមជ្ឈមណ្ឌលធម្មជាតិ (Nature Center) ដែលស្ថិតនៅក្នុងតំបន់៕


លោក Jerry Kinnaman ថតរូបជាមួយក្តាន់ភឿកដ៏កម្រ ក្រោយពេលបាញ់វាងាប់

ក្តាន់នេះរស់នៅតំបន់ Cape Girardeau ក្នុងរដ្ឋ Missouri សហរដ្ឋអាមេរិក

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]