បន្ទាយមានជ័យ ៖ ស្ត្រីម្នាក់ ត្រូវពស់វែក ស្រកាចាស់ ចឹកស្លាប់ ចោលប្តីនិង កូនប្រុស ស្រីចំនួន៤នាក់ ខណៈដែលស្ត្រីរងគ្រោះ ចុះពីលើផ្ទះ ដើរទៅដាំបាយ។

ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ៦និង៣០ល្ងាច កាលពី ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុច ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកអនុសេនីយ៍ឯក សុង សុខុន អធិការរង នគរបាលស្រុក ស្វាយចេក ទទួលការងារ ព្រហ្មទណ្ឌ បានប្រាប់ឱ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ សុខ ណាង អាយុ៣៣ឆ្នាំ មានប្តីនិង កូនប្រុសស្រីចំនួន ៤នាក់ក្នុងបន្ទុក បច្ចុប្បន្នរស់នៅ ភូមិឃុំកើតហេតុ ខាងលើ។

ប្តីស្ត្រីរងគ្រោះ បានប្រាប់ ប្រពន្ធគាត់បានដើរ ចុះពីលើផ្ទះទៅផ្ទះបាយ ដើម្បីដាំបាយអោយ ហូបនៅពេល្ងាច ។ ពេលគាត់មិនទាន់ ដើរដល់ផ្ទះបាយផង គួបផ្សំនិងមេឃងងឹត មើលពុំសូវឃើញ ស្រាប់តែដើរទៅ ជាន់ពស់ ស្រកាចាស់ ក៏ត្រូវពស់ចឹក ចំខ្នងជើងខាងស្តាំ រំពេចនោះគាត់ក៏ ស្រែកឱ្យគេជួយថា មានពស់ចឹក គាត់ហើយ ដោយឮដូច្នេះ ប្តីស្ត្រីរងគ្រោះ ក៏ចុះពីលើផ្ទះ វាយពស់នោះងាប់ នៅកន្លែងកើតហេតុ ។

លោកអធិការរង បានបន្តឱ្យ ដឹងទៀតថា ក្រោយពីកើតភ្លាម ក្រុមគ្រួសារស្ត្រី រងគ្រោះក៏ដឹក បញ្ជូនមកកាន់ មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ក៏ប៉ុន្តែដោយ សារតែ ផ្លូវលំបាកដោយ ផ្ទះស្ត្រីរងគ្រោះនៅតំបន់ ដាច់ស្រយាល ពីទីប្រជុំឆ្ងាយ ពីមន្ទីរពេទ្យ ស្ត្រីរងគ្រោះក៏ ត្រូវដាច់ខ្យល់ស្លាប់ នៅពាក់កណ្តាល ផ្លូវតែម្តង ត្រូវបានក្រុមគ្រួសារដឹក ត្រឡប់មកផ្ទះវិញ ដើម្បីចាត់ចែង ធ្វើបុណ្យតាម ប្រពៃណី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]