រតនគិរីៈ យុវជនម្នាក់ ដួលម៉ូតូបាក់កស្លាប់ ខណៈកំពុងដឹកឈើ ចេញពីស្រុកវ៉ឺនសៃ ឆ្ពោះមក ក្រុងបានលុង ខេត្តរតនគិរី កាលពីវេលាម៉ោង ៤ល្ងាច ថ្ងៃទី២៧ ខែវិច្ឆិកា ស្ថិតត្រង់ចំណុច ភូមិប៉ុង ឃំទប៉ុង ស្រុកវ៉ឺនសៃ ខេត្តរតនគិរី ។

បើតាមនគរបាល ស្រុកអូរជុំ ប្រាប់ឲ្យដឹងថា យុវជនរងគ្រោះ មានឈ្មោះ អៀប ប៉ត អាយុ១៤ឆ្នាំ ជនជាតិគ្រឹង មានទីលំនៅភូមិអូរជុំ ឃុំអូរជុំ ស្រុកអូរជុំ មុខរបរស៊ីឈ្នួល ដឹកឈើ ។

នគរបាលខាងលើ ប្រាប់បន្តទៀតថា យុវជនរងគ្រោះរូបនេះ តែងតែស៊ីឈ្នួលដឹក ឈើឲ្យថៅកែស្រីម្នាក់ ដែលមានលំនៅដ្ឋាន ទីរួមស្រុកអូរជុំ រហូតដល់ថ្ងៃ កើតហេតុ ផ្ទុកឈើច្រើនពេក ដោយខ្លួនមានមាឌល្អិត មិនអាចទ្រ នឹងទម្ងន់ឈើ បានក៏ដួល ត្រូវឈើសង្កត់ ពីលើបាក់កស្លាប់ នឹងកន្លែងតែម្តង។

នគរបាលខាងលើ បញ្ជាក់ឲ្យដឹងទៀតថា ថៅកែឈើដ៏ល្បី នេះមានឈ្មោះ ចែ ណាន ជាភ្នាក់ងារកាសែត មាតុភូមិប្រចាំ ខេត្តរតនគិរី ។

សពជនងរគ្រោះ បន្ទាប់ពីសមត្ថកិច្ចធ្វើការ ត្រួតពិនិត្យរួច បានប្រគល់ ឲ្យក្រុមគ្រួសារ ធ្វើបុណ្យ នៅលំនៅដ្ឋាន ខាងលើតាម ប្រពៃណីជនជាតិ ។

គួរបញ្ជាក់ផងដែរថា របររកស៊ី ដឹកឈើ តាមម៉ូតូសព្វថ្ងៃនេះ កំពុងត្រូវប៉ាន់ ខ្លាំងណាស់ ដោយក្រុមឈ្មួញ បានបង្វែរពីការ ដឹកជញ្ជូន តាមរថយន្ត ព្រោះត្រូវចំណាយ លុយបង់ ជូនសមត្ថកិច្ច ច្រើនពេក។ ប្រភពពត៌មាន ដោយឡែកផ្សេងទៀត ប្រាប់ឲ្យដឹងថា ការដឹកជញ្ជូន ឈើតាមម៉ូតូ ចូលក្រុងបានលុង សព្វថ្ងៃនេះប្រឈមមុខ នឹងបញ្ហាគ្រោះថ្នាក់ ណាស់ ព្រោះម៉ូតូ១គ្រឿង អាចផ្ទុកឈើចាប់ពី ៥ដុំឡើងទៅ បើកបរម៉ូតូដោយ មានល្បឿនលឿន បើសិនមានគ្រោះថ្នាក់ ប្រាកដជាស្លាប់។ ដោយឡែកសមត្ថកិច្ច ជាច្រើនស្ថាប័ន ចាប់ពីនគរបាល ប៉ុស្តិ៍ឡើង ទៅរហូតដល់ ថ្នាក់ខេត្ត និងក្រសួងសម្ងំដេក កើបលុយពីឈ្មួញ រកស៊ីដឹកឈើតាមម៉ូតូ ដោយពុំខ្វល់ពីបញ្ហា គ្រោះថ្នាក់នោះទេ។

ក្រុមឈ្មួញរកស៊ីឈើ តាមម៉ូតូសូម មិនបញ្ចេញ ឈ្មោះម្នាក់ប្រាប់ឲ្យដឹងថា ចាប់ពីទីរួមក្រុង បានលុង រហូត ដល់ទីរួម ស្រុកអូរជុំ ចំងាយប្រហែល ៧គីឡូម៉ែត្រ មានសមត្ថកិច្ច មិនក្រោមពី ៣០ស្ថាប័ន នោះទេហើយ ម៉ូតូដឹកឈើចូល ក្រុងបានលុងនេះ មានពី៣០ទៅ ៥០គ្រឿង ដោយ១គ្រឿង ត្រូវចំណាយ ២-៣លានរៀល បង់ជូនក្រុមគាត់ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]