រាជធានីភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កាលពីថ្ងៃទី២៧ វិច្ឆិកា បានថ្លែង ឱ្យដឹងថា ស្ត្រីជនជាតិខ្មែរម្នាក់ ដែលមានស្វាមី ជនជាតិកូរ៉េ បានទទួល មរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ។ ដោយយោងតាម ស្ថានទូតកម្ពុជា ប្រចាំនៅ សាធារណរដ្ឋកូរ៉េ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤ នៅប្រទេសកូរ៉េ មានគ្រួសារមួយ ជួបគ្រោះថ្នាក់ ចរាចរណ៍ បណ្ដាលឱ្យ ប្រពន្ធជនជាតិខ្មែរ ដែលមានផ្ទៃពោះ ៧ខែផងនោះ បានស្លាប់ នៅនឹងកន្លែង កើតហេតុ ហើយប្ដី ជនជាតិកូរ៉េ រងរបួសស្រាល ។

ក្រោយពេលកើតហេតុ នគរបាលកូរ៉េ បានធ្វើការ ស្រាវជ្រាវ រកមូលហេតុ នៃគ្រោះថ្នាក់ ចរាចរណ៍នេះ ហើយបានរកឃើញថា ប្ដីជនជាតិកូរ៉េ រូបនេះ មានចេតនា សម្លាប់ប្រពន្ធ ជនជាតិខ្មែរ តាមរូបភាព ជាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីបាន ប្រាក់សំណង ពីក្រុមហ៊ុន  ធានារ៉ាប់រង ជីវិតប្រពន្ធ ដែលមាន ចំនួនជិត៩លាន ដុល្លារអាមេរិក។ បច្ចុប្បន្ន នគរបាលកូរ៉េ បានចាប់ខ្លួន ប្ដីកំណាច ឃោរឃៅ នេះហើយ ។

ស្ត្រីខ្មែររងគ្រោះ រហូតដល់ បាត់បង់ជីវិតនេះ មានឈ្មោះ អីុ សីុឡែន មានស្រុកកំណើត នៅភូមិក្ដល់លើ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានរៀបការ និងរស់នៅ ជាមួយប្ដី ជនជាតិកូរ៉េ នៅឆ្នាំ២០០៨ រហូតមកដល់ ពេលនេះ មានកូនស្រីម្នាក់ អាយុ៥ឆ្នាំ ។ នៅថ្ងៃកើតហេតុ កូនស្រីនេះ មិនស្ថិតក្នុងរថយន្ត ជាមួយឪពុកម្ដាយទេ ។ លោក កុយ គួង បន្តថា ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានណែនាំ ស្ថានទូតកម្ពុជា ឱ្យប្ដឹងទាមទារ សំណងជំងឺចិត្ត ជូនគ្រួសារសព និងសំណង សម្រាប់ចិញ្ចឹមកូនស្រី ដែលនៅ រស់រានមានជីវិត ។

ចំពោះករណី ខាងលើនេះ លោកជំទាវ ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ មានការចាប់អារម្មណ៍ យ៉ាងខ្លាំង ហើយទូរទស្សន៍ កូរ៉េល្បីៗ មួយចំនួន គ្រោងធ្វើដំណើរ មកកម្ពុជា ដើម្បីថត និងសម្ភាសន៍ គ្រួសារសព ស្ត្រីរងគ្រោះ នៅខេត្តត្បូងឃ្មុំ នាពេល ខាងមុខនេះ ។

តាមប្រភពព័ត៌មាន ដែលបានចុះផ្សាយ ក្នុងសារព័ត៌មានកូរ៉េ បានឱ្យដឹងថា ករណីស្ត្រីខ្មែរ ដែលត្រូវបុរស ជាប្ដីកូរ៉េ ប្រើល្បិច សម្លាប់ដើម្បី បានប្រាក់ ធានារ៉ាប់រង ជីវិតនោះ គឺបានឱ្យស្ត្រី ជាប្រពន្ធ លេបថ្នាំ ងងុយដេក រួចបើករថយន្ត ទៅបំបុករថយន្ត ដឹកទំនិញ ចំណុះ៨តោន បណ្ដាលឱ្យ ស្លាប់នាងជាប្រពន្ធ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២៣ សីហា កន្លងមក ។

ជាការកត់សម្គាល់ បុរសជនជាតិកូរ៉េ រូបនេះ ធ្លាប់រៀបការ ជាមួយស្ត្រីកូរ៉េ ដូចគ្នា មានកូនស្រីម្នាក់ ដែលពេលនេះ មានអាយុ១៦ឆ្នាំហើយ ។ បន្ទាប់មក ធ្លាប់រៀបការ ជាមួយស្ត្រី ជនជាតិចិន និងឆ្នាំ២០០៨ បានរៀបការ ជាមួយស្ត្រីខ្មែរ ដែលជាជនរងគ្រោះនេះ ។ គេមិនដឹងថា រវាងប្រពន្ធកូរ៉េ និងចិន លើកមុនៗនោះ បានលែងលះគ្នា ឬបែបណានោះទេ ។

លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាល ខេត្ត មានប្រសាសន៍ ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ វិច្ឆិកា រូបលោក បានចាត់ឲ្យ កម្លាំងសមត្ថកិច្ច ចុះទៅកាន់ លំនៅឋាន របស់ឪពុក ម្ដាយ សព ស្ថិតនៅ ភូមិក្តុលលើ ឃុំទ្រា ស្រុកក្រូចឆ្មារ ដោយបាន សួរនាំរក ប្រភពព័ត៌មាន ពីក្រុម សាច់ញាតិនៃសព ។ គ្រានោះត្រូវបាន ស្ត្រីជាម្ដាយ ឈ្មោះ អោក សាវ៉េង អាយុ៥៤ឆ្នាំ និងបុរស ជាឪពុក ឈ្មោះ អីុម អុី អាយុ ៥៦ឆ្នាំ មានក្តីរន្ធត់ ក្នុងចិត្ត បង្ហូរទឹកភ្នែក គ្រប់គ្នា ក្រោយពីបានដឹងថា កូនស្រីឈ្មោះ អុី ស៊ីឡែន អាយុ២៥ឆ្នាំ បានស្លាប់ ក្នុងឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសកូរ៉េនោះ ។

បើតាមប្រភព ពីលោកអនុសេនីយ៍ឯក អ៊ុក ពៅ អធិការរង នគរបាល ស្រុកក្រូចឆ្មារ បានឱ្យដឹងថា តាមដំណឹងថា សពអាចដឹកតាម យន្តហោះ មកដល់កម្ពុជា នៅយប់ថ្ងៃទី២៨ វិច្ឆិកា ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ហើយនៅថ្ងៃទី២៩ វិច្ឆិកា នឹងមានមន្ត្រី ស្ថានទូតកូរ៉េ ខាងត្បូង អញ្ជើញទៅ សួរសុខទុក្ខ ដល់គ្រួសារសព ផងដែរ ៕


ចុចអានព័ត៌មានចាស់ ៖ Update: ករណី សំលាប់ស្ត្រី ខ្មែរ ដើម្បី ប្រាក់ធានា រ៉ាប់រង ដោយប្តី នៅកូរ៉េ ត្រូវ ទំលាយ កាន់តែច្បាស់ តាមរយៈ សារព័ត៌មាន ដ៏ធំ អង់គ្លេស (Video)

បុរសជនជាតិកូរ៉េ សម្លាប់ប្រពន្ធ ជាជនជាតិខ្មែរ និងកូនក្នុងផ្ទៃ៧ខែ តាមរូបភាព គ្រោះថ្នាក់ ចរាចរណ៍ ព្រោះចង់បានលុយ ពីក្រុមហ៊ុន ធានារ៉ាប់រង ជិត៩លានដុល្លារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]