កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី២៨ កន្លងទៅនេះខ្មែរឡូត ធ្លាប់បានចុះផ្សាយ ជាបន្តបន្ទាប់រួចមក ហើយ ពីហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ក្លែងក្លាយមួយ នៅប្រទេស កូរ៉េខាងត្បូង ដោយសារតែ ប្តីដែលជា ជនជាតិកូរ៉េមានគំរោង រៀបចំផែនការសំលាប់ ប្រពន្ធខ្លួនឯងដែល ជាស្ត្រីជនជាតិខ្មែរ មកពីខេត្តត្បូងឃ្មុំ ដើម្បីទទួលបាន ប្រាក់ជិត ៩លានដុល្លារអាមេរិក ពីក្រុមហ៊ុន ធានារ៉ាប់រង។ ដោយឡែកពេលនេះ សារព័ត៌មានដ៏ធំមួយ របស់អង់គ្លេសឈ្មោះ Dailymail ក៏បានចុះផ្សាយ ពីហេតុការណ៍ សំលាប់ប្រពន្ធខ្លួន ដ៏នឹកស្មានមិនដល់នេះ ហើយក៏បាន បញ្ជាក់ពី ហេតុការណ៍ យ៉ាងលំអិតផងដែរ។

ដំណើរដើមទង នៃហេតុការណ៍នេះគឺ ពីដំបូង មានគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង នៅក្នុង ប្រទេស កូរ៉េខាងត្បូង ដែលបណ្តាល ឲ្យប្រពន្ធ ជាជនជាតិខ្មែរស្លាប់ បាត់បង់ជីវិត រួមទាំង កូនអាយុ ៧ ខែនៅក្នុងផ្ទៃ ផងដែរ ខណៈប្តីដែល ជាជនជាតិ កូរ៉េខាងត្បូងមិនបាន ស្លាប់នោះទេ។ ក្រោយការ ស៊ើបអង្កេត យ៉ាងម៉ត់ចត់ពី សំណាក់ប៉ូលិសនៅកូរ៉េ បានរកឃើញ រឿងហេតុ គួរឲ្យសង្ស័យមួយ ចំនួននៅពីក្រោយ គ្រោះថ្នាក់នេះដោយប៉ូលិស បានរកឃើញ ប្តី ឈ្មោះ Lee រូបនោះបាន ឲ្យប្រពន្ធអាយុ ២៦ ឆ្នាំលេប ថ្នាំងងុយ គេង ហើយមិន បានដាក់ ខ្សែក្រវ៉ាត់សុវត្ថិភាព ឲ្យប្រពន្ធនោះទេ បន្ទាប់មក បុរសអាយុ៤៥ឆ្នាំ បានបើកឡានយ៉ាងលឿន ទៅបុកឡានដឹក ទំនិញធុនធំ ពីក្រោយ យ៉ាងពេញ ទំហឹងធ្វើឲ្យប្រពន្ធរបស់ ខ្លួនស្លាប់ បាត់បង់ជីវិត ហើយ លោក Lee ខ្លួនឯង ដែលបានពាក់ ខ្សែក្រវ៉ាត់ សុវត្ថិភាព យ៉ាងត្រឹមត្រូវ បាន រងរបួសស្រាល ប៉ុណ្ណោះ។

បើតាមច្បាប់របស់ ក្រុមហ៊ុនធានារ៉ាបរងជីវិត ការស្លាប់របស់ប្រពន្ធនេះ លោក Lee ជាប្តីនឹង ទទួលបាន ៩.៦ កោដិវ៉ុន (Won) ឬ៩លានដុល្លារអាមេរិក តែទោះជាយ៉ាងណាក៏ដោយ ករណីគ្រោះ ថ្នាក់ចរាចរណ៍ ខាងលើ ពេលនេះ ត្រូវបានប៉ូលីស សង្ស័យថា ជាករណីឃាតកម្ម សំលាប់ប្រពន្ធ ដើម្បីប្រាក់ធានារ៉ាប់ រងជីវិតទៅវិញ។ យោងតាមរបាយការណ៍ របស់ប៉ូលិស បានឲ្យដឹងថា រថយន្តរបស់ លោក Lee បានកើតហេតុ នៅលើផ្លូវ ជាតិចំងាយ ៤០២ គីឡូម៉ែត្រពីទីក្រុង Busan វេលាម៉ោង ៣.៤០ នាទីព្រឹកម៉ោង នៅកូរ៉េខាង ត្បូង។ លោក Lee បានបដិសេធ ថាគាត់ មិនបានសំលាប់ប្រពន្ធ ដោយសារតែ ប្រាក់ធានា រ៉ាប់រងនោះ ទេ គ្រោះថ្នាក់គឺ កើតឡើងដោយសារ តែគាត់ងក់ ពេលកំពុងបើកបរ ទើបជ្រុល ទៅបុក រថយន្តដឹកទំនិញ ៨ តោន ដែលចត ចោលក្បែរផ្លូវ តែម្តងទៅ។

តាមរយៈវីដេអូដែល ថតដោយកាមេរ៉ា ដែលដាក់ចោលតាមផ្លូវ បានបង្ហាញថារថយន្តរបស់ លោក Lee បានបើក ភ្លើងហ្វារ ចំងាយ ប្រហែល ៤០០ ម៉ែត្រ ពីឡានដឹកទំនិញហើយ គាត់បើក យ៉ាងលឿន ទៅបុក ពីក្រោយឡាន តែម្តង។ ប៉ូលិសបាននិយាយថា តាមរយៈវីដេអូ គេអាចមើលដឹងថា អ្នកបើកបររថយន្ត គឺមិនស្ថិតក្នុង ស្ថានភាព ងងុយគេងនោះទេ ហើយពេលដែល បុករថយន្តទៀតសោត គឺ Lee បានកាច់ចង្កូត គេចចេញបន្តិច ដើម្បីឲ្យ រថយន្តបុកត្រូវតែ ខាងប្រពន្ធ ហើយខ្លួនឯងគឺ ផុតពីគ្រោះថ្នាក់ ដែលទាំង អស់នេះ សុទ្ធតែជារឿង ដែលគួរឲ្យសង្ស័យ៕


ប្តី ឈ្មោះ Lee ឲ្យប្រពន្ធលេបថ្នាំងងុយ គេង ហើយ បើកឡានយ៉ាងលឿន ទៅបុកឡានដឹកទំនិញធុនធំ 


លោក Lee បានបើកភ្លើងហ្វារ ចំងាយ ៤០០ ម៉ែត្រពីឡានដឹកទំនិញហើយ គាត់បើកទៅបុក ពីក្រោយតែម្តង


Lee បានកាច់ចង្កូតគេចចេញបន្តិច ដើម្បីឲ្យរថយន្តបុកត្រូវតែ ខាងប្រពន្ធ ហើយខ្លួនឯងគឺ ផុតពីគ្រោះថ្នាក់ 


តាមច្បាប់ ការស្លាប់របស់ប្រពន្ធ លោក Lee ជាប្តីនឹងបានសំណង ៩.៦ កោដិវ៉ុន (Won) ឬ៩លានដុល្លារអាមេរិក 

 

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]