ត្បូងឃ្មុំ ៖ ករណីដ៏ភ្ញាក់ផ្អើល និងធ្វើឱ្យ មានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ មជ្ឈដ្ឋានទាំង នៅប្រទេសកម្ពុជា និងនៅ ប្រទេសកូរ៉េនោះ ស្ដីអំពីស្ដ្រី ជនជាតិខ្មែរ ម្នាក់ត្រូវប្ដីជនជាតិ កូរ៉េ សម្លាប់តាមរយៈប្រើរូប ភាពបង្កជាគ្រោះថ្នាក់ ចរាចរណ៍ នៅព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ នគរបាលខេត្ដ ត្បូងឃ្មុំ បានចុះទៅជួប សម្ភាសន៍និងសួរនាំពី ដំណើររឿង របស់ឪពុកម្ដាយ និងក្រុមគ្រួសារ ស្ដ្រីរងគ្រោះ ដល់ស្រុកកំណើត តែម្ដង។ ផ្ទះស្ដ្រីរងគ្រោះស្ថិតនៅ ភូមិក្ដល់លើ ឃុំទ្រា ស្រុកក្រូចឆ្មា ខេត្ដត្បូងឃ្មុំ ។

ស្នងការនគរបាល ខេត្ដត្បូងឃ្មុំ លោក ឧត្ដមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាក់ថា “ ក្រោយ ពីទទួលបានសេចក្ដី ប្រកាស ព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពីករណីនេះ ខ្ញុំបានចាត់ឱ្យ មន្ដ្រីនគរបាលជំនាញ ចុះទៅដល់ ផ្ទះឪពុកម្ដាយ និងសាច់ញាតិ ស្ដ្រីរងគ្រោះ ហើយយើងទទួល បានរូបថត និងការជួប សម្ភាសន៍ផ្ទាល់ ជាមួយឪពុក ម្ដាយរបស់នាង ដោយបានសម្ដែង ការសោកស្ដាយ និងឈឺ ចាប់បំផុត ពេលទទួលបាន ព័ត៌មានដ៏តក់ស្លុត ខាងលើនេះ” ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយមន្ដ្រីនគរបាល ដែលចុះទៅសួរ នាំខាងលើនេះ ម្ដាយស្ដ្រីរងគ្រោះ បាននិយាយ ទាំងក្ដុកក្ដួលថា “ខ្ញុំ មានការសោកស្ដាយកូន ស្រីខ្លួនឯងយ៉ាងខ្លាំង នៅពេលដែលដឹងថា កូនមានរឿង” ។

យោងតាមរូបថត ដែលសមត្ថកិច្ចបង្ហាញ អំពីការថតរួមគ្នា រវាងស្ដ្រីរងគ្រោះ និងជនល្មើសជាប្ដី ឃើញថា ពួកគេទាំងពីរ នាក់ពិត ជាសាកសម និងស្រស់ស្អាតយ៉ាងខ្លាំង ប៉ុន្ដែ មិនគួរណា បុរសជនជាតិកូរ៉េរូបនោះ ប្រព្រឹត្ដទង្វើដ៏ ព្រៃផ្សៃយ៉ាងដូច្នេះ មកលើប្រពន្ធរបស់ ខ្លួន តាមរយៈគ្រោះថ្នាក់ ចរាចរណ៍ទាំងនាង មានផ្ទៃពោះ៧ខែ និងបន្សល់ទុក កូនស្រីអាយុ ៥ឆ្នាំឱ្យនៅកំព្រា ទៀតផង ពោលម្ដាយស្លាប់ ចោល រីឯឪពុកត្រូវជាប់គុក ។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ ក្រសួងការបរទេស លោក កុយ គួង បានបញ្ជាក់កាលពី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ថាក្រោយពី ការស្រាវជ្រាវតាម ជំនាញរបស់ខ្លួន ពីសំណាក់ នគរបាលប្រទេស កូរ៉េនោះ ជាលទ្ធផល ស្ដ្រីជនជាតិខ្មែរ ឈ្មោះ អ៊ី ស៊ីឡែន មិនបានស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ពិតប្រាកដ នោះឡើយ ពោលជាការសម្លាប់ របស់ប្ដីនាង ដែលជនជាតិកូរ៉េ ក្នុងគោលបំណង ចង់បានលុយ ពីក្រុមហ៊ុន ធានារ៉ាប់រង អាយុជីវិតរបស់ ប្រពន្ធជិត ៩លានដុល្លារ ។

លោកកុយ គួង បានបញ្ជាក់ នៅក្នុងសេចក្ដី ថ្លែងការណ៍របស់ ខ្លួនទៀតថា “បុរសជន ជាតិកូរ៉េ មានចេតនាសម្លាប់ ប្រពន្ធខ្លួនឯង តាមរយៈរូបភាពជា គ្រោះថ្នាក់ចរាចរណ៍ កាលពី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៤” ។

បើតាមអ្នកនាំ ក្រសួងការបរទេសរូបនេះ ក្រសួងការបរទេស បានជំរុញឱ្យស្ថានទូត របស់ខ្លួននៅ ប្រទេសកូរ៉េ ដាក់ពាក្យបណ្ដឹង ទាមទារសំណង ជូនក្រុមគ្រួសារ ។

ស្ដ្រីរងគ្រោះជា អ្នកស្រុកក្រូចឆ្មា ខេត្ដត្បូងឃ្មុំ បានរៀបការ ជាមួយបុរសជនជាតិ កូរ៉េរូបនេះ កាលពីឆ្នាំ២០០៨ មកម្ល៉េះ ហើយពួកគេបង្កើត បានកូនស្រីម្នាក់ រហូតមកដល់ពេលនេះ មានអាយុ ៥ឆ្នាំហើយ និងមានកូនក្នុងផ្ទៃ ៧ខែ ប៉ុន្ដែមិនទាន់បាន ឃើញពន្លឺព្រះអាទិត្យ ក៏ស្លាប់ ទៅជាមួយម្ដាយ របស់ខ្លួនតាមរយៈ ឪពុកខ្លួនឯង ។

បច្ចុប្បន្នបុរស ជនជាតិកូរ៉េ រូបនេះ ត្រូវបាននគរបាល ប្រទេសកូរ៉េ ចាប់ខ្លួននិងបញ្ជូន ទៅកាន់តុលាការ ផ្ដន្ទាទោសតាម ផ្លូវច្បាប់៕

អត្ថបទចាស់៖ បុរសជនជាតិកូរ៉េ សម្លាប់ប្រពន្ធ ជាជនជាតិខ្មែរ និងកូនក្នុងផ្ទៃ៧ខែ តាមរូបភាព គ្រោះថ្នាក់ ចរាចរណ៍ ព្រោះចង់បានលុយ ពីក្រុមហ៊ុន ធានារ៉ាប់រង ជិត៩លានដុល្លារ






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]