រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានធ្វើដំណើរ មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារ តែមិនបានសម្រេច ដោយសារប៉ូលីស ការពារស្ពានឃាត់ទាន់ ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី ២៧ វិច្ឆិកា ២០១៤ នៅចំណុចកំផែង ស្ពានជ្រោយចង្វារចាស់ ផ្នែកខាងលិច ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ស្ត្រីដែលប៉ុនប៉ង លោតទឹកសម្លាប់ខ្លួន មិនបានសម្រេចនេះ ឈ្មោះហេង សុខគា អាយុ៣១ឆ្នាំ ជាអតីតអាជីវករ លក់ស្បែកជើង នៅផ្សារឈូកមាស មានប្តីឈ្មោះក្រាប ចាន់ណៃ អាយុ៣៣ឆ្នាំ (លែងលះគ្នា រយះពេល១ឆ្នាំហើយ) មានកូន៣នាក់ ប្រុស២ ស្រី១ បច្ចុប្បន្ននាងស្នាក់ នៅផ្ទះជួលក្នុង ភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

តាមសម្តីស្ត្រីរងគ្រោះ បានឱ្យដឹងថា មូលហេតុដែលនាង ប៉ុនប៉ងលោតទឹក សម្លាប់ខ្លួនដោយសារ ពិបាកចិត្តរឿង ប្តីលែងលះចោទថា នាងមានសហាយ មិនតែប៉ុណ្ណោះ ក្រុមគ្រួសារខាងប្តី របស់នាងចេះតែនិយាយ បរិហារកេរ្តិ៍នាង ចោទនាងថាថត វីដេអូអាសអាភាស។ នាងបានលែងលះ ជាមួយប្តីរបស់នាង រយះពេល១ឆ្នាំហើយ តែអារម្មណ៍នៅតែ មិនដាច់ស្រឡះ ចេះតែពិបាកចិត្ត ហើយដើរតែលតោល គ្មានគោលដៅ ម្យ៉ាងទៀតពេល ទៅផ្ទះម្តងៗ គ្រួសារខាងប្តីរបស់នាង ចេះតែនិយាយ បរិហារកេរ្តិ៍លើរូបនាង ធ្វើឱ្យនាងតូចចិត្ត ចង់សម្លាប់ខ្លួនតែម្តង ។

ស្ត្រីរងគ្រោះបានឱ្យដឹងទៀតថា មុនពេលនាងធ្វើដំណើរ មកលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារនេះ នាងបានទិញថ្នាំ ងងុយដេកចំនួន ២០គ្រាប់មកផឹក សម្លាប់ខ្លួននៅក្នុង ផ្ទះសំណាក់មួយស្ថិតនៅ ក្រោយផ្សារសូរិយា តែមិនដឹងយ៉ាងម៉េច ព្រឹកឡើងអត់ស្លាប់ ក៏ជិះម៉ូតូត្រឡប់ មកផ្ទះជួលវិញ ហើយជិះម៉ូតូឡើង លើស្ពានជ្រោយចង្វារថ្មី ឆ្លងមកស្ពានចាស់ ដល់ចំណុចកំផែងស្ពាន នាងបម្រុងបោះ កាបូបលុយ ចូលទៅក្នុងទឹក ហើយឡើងលើ បង្កាន់ដៃស្ពាន លោតសម្លាប់ខ្លួន តែត្រូវប៉ូលិសយាមស្ពាន ឃើញទាន់ឃាត់ យកមកសួរនាំ។

បន្ទាប់ពីសួរនាំ និងអប់រំរួច ប៉ូលិសបានឱ្យនាង ត្រឡប់ទៅផ្ទះវិញ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]