បាត់ដំបង ៖ យុវតីវ័យ១៦ឆ្នាំ វក់ដើរលេង ជាមួយមិត្តភក្តិមិន សូវចូលរៀនម្នាក់ បានខឹងម្តាយ និងបង ប្រុសស្តីបន្ទោស ឲ្យរឿងដើរលេងច្រើន សម្រេចចិត្តផឹក ថ្នាំបាញ់ស្មៅ ធ្វើអត្តឃាត កាលពីវេលា ម៉ោង៧ យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុច ភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក តែត្រូវក្រុមគ្រួសារ បញ្ជូនមក សង្រ្គោះ នៅមន្ទីរពេទ្យខេត្ត បាន១យប់ លុះរសៀល ម៉ោង៣ ថ្ងៃទី២៦ ខែវិច្ឆិកា ជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់ រួចគ្រូពេទ្យបាន អនុញាតិឲ្យ ដឹកសពចេញ យកទៅធ្វើ បុណ្យតាមប្រពៃណី ។

លោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា កាលពីវេលាម៉ោង ៧យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចភូមិកណ្តាល ឃុំអូររំដួល ស្រុកភ្នំព្រឹក មានករណី ធ្វើអត្តឃាត ខ្លួនឯង មួយបានកើតឡើង ដោយជនរងគ្រោះ បានផឹកថ្នាំ បាញ់ស្មៅបំណង សម្លាប់ខ្លួន ភ្លាមៗនោះក្រុម គ្រួសារ បាន ដឹកជនរង គ្រោះមកមន្ទីរ ពេទ្យខេត្ត ដើម្បីសង្រ្គោះជីវិត លុះដល់ម៉ោង ៣រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់តែម្តង ។

តាមសម្តីម្តាយ ជនរងគ្រោះបាននិយាយ ប្រាប់សមត្ថកិច្ចថា កូនស្រីរបស់គាត់បាន ផឹកថ្នាំសម្លាប់ខ្លួននេះ ដោយសារតែខឹងម្តាយ និងបងប្រុស បានស្តីបន្ទោស ឲ្យរឿងដើរលេង ច្រើនមិនសូវ ចូលរៀន ហើយដើរបាត់ៗពីផ្ទះ លុះយប់ឡើងគាត់ដើរ ទៅមើលស្រាប់តែ ឃើញប្រកាច់ ហើយឃើញដបថ្នាំ ស្មៅនៅជិតនោះ ហើយនាំគ្នាផ្អើល ឆោឡោពេញផ្ទះតែម្តង។ ជនរងគ្រោះដែល បានស្លាប់នេះ មានឈ្មោះ ភាព មុំ ភេទស្រី អាយុ១៦ឆ្នាំ រៀនថ្នាក់ទី៩ នៅវិទ្យាល័យ ឃុំពេជ្រចិន្តា មានបងប្អូន៣នាក់ ប្រុស២នាក់ជាបង និងជនរងគ្រោះ ជាកូនពៅ ម្តាយឈ្មោះ រឹង រ៉ាត់ អាយុ៤៨ឆ្នាំ មុខរបរធ្វើចម្ការ ជាស្រ្តីមេម៉ាយ។ បច្ចុប្បន្នសពជនរង គ្រោះក្រុមគ្រួសារ កំពុងធ្វើបុណ្យតាម ប្រពៃណីនៅផ្ទះ ស្រុកភ្នំព្រឹក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]