ចិន៖ បណ្ណាល័យ ទីក្រុងហាំងចូង ក្នុងខេត្ត Zhejiang ត្រូវបានគេ ដាក់ឈ្មោះថា “បណ្ណាល័យដ៏កក់ក្តៅ បំផុតក្នុង ប្រវត្តិសាស្ត្រ” ដែលផ្តល់ឲ្យជនអនាថា នូវកន្លែងស្នាក់ និង សៀវភៅសម្រាប់អាន ក្នុងអំឡុងម៉ោង ដែលបណ្ណាល័យបើក ដោយសេរី។

បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅក្បែរបណ្ណាល័យ ក្នុងខេត្ត Zhejiang បានឲ្យដឹងថា ជារៀងរាល់ព្រឹកម៉ោង៨ គេតែងតែឃើញ អ្នកដែលគ្មានផ្ទះសម្បែង ជាច្រើនអ្នកបានមករង់ចាំ នៅមុខបណ្ណាល័យ មុនពេលបើកទ្វារឲ្យចូល។ ក្នុងនោះដែរលោក Liang Liang បណ្ណារក្សរង នៅក្នុងបណ្ណាល័យ បានឲ្យដឹងថា ជនអនាថាគ្មាន ផ្ទះសម្បែងទាំងនោះ បានទុករបស់ដែល ពួកគេប្រមូលបាន ពីសម្រាម នៅមុខមាត់ទ្វារ ហើយចំណាយពេល ក្នុងមួយថ្ងៃអានសៀវភៅ និងកាសែតផ្សេងៗ។

ជាមួយគ្នានេះដែរ លោក Zhang Kai អាយុ៧៦ឆ្នាំ ដែលជាមនុស្សម្នាក់ ក្នុងចំណោម ជនគ្មានផ្ទះសម្បែង ក៏បានចូលមក បណ្ណាល័យដែរ ដោយការរស់នៅ ពឹងផ្អែកលើ ប្រាក់ចូលនិវត្តន៍ និង ការលក់ក្រដាស ឬ កំប៉ុងដែលរើសបាន។ គាតបានប្រាប់អ្នក យកព័ត៌មានថា គាត់ពីមុនធ្លាប់ធ្វើ គ្រូបង្រៀននៅក្នុង ភូមិដែរ ប៉ុន្តែបន្ទាប់ពីលែងលះគ្នាមក គាត់រស់នៅម្នាក់ឯង រសាត់អណ្តែត គ្មានទីពឹង បែបនេះ។ លោក Zhang បានបន្តថា៖ «ខ្ញុំតែងតែ លាងដៃ គ្រប់ពេលទាំងអស់ មុនពេល ចាប់កាន់សៀវភៅ នៅក្នុងបណ្ណាល័យ យកមកអាន ព្រោះតែខ្ញុំមិនចង់ ធ្វើឲ្យសៀវភៅកខ្វក់ឡើយ»។

ក្រៅពីនេះ ក៏មាន មនុស្សមួយចំនួន មកពីខេត្ត ដាច់ស្រយាល ដើម្បីរកការងារធ្វើ នៅក្នុងទីក្រុង ប៉ុន្តែដោយសារ មិនមានការងារ ដែលសាកសមនឹងពួកគេ ទើបសម្រេចចិត្ត ដើររើសម្រាមដើម្បីលក់ ផ្គត់ផ្គង់ជីវភាព។ ជារៀងរាល់ថ្ងៃ ពួកគេ តែងតែមក បណ្ណាល័យ អានសៀវភៅ ដើម្បីបង្កើនចំណេះដឹង ដោយសង្ឃឹមថា អាចរកបាន ការងារល្អ ធ្វើនឹងគេ។ ក្នុងនោះដែរ មានបុរសម្នាក់ ឈ្មោះ Xie Bin អាយុ៣២ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សា ពីសាលា ពហុបច្ចេកវិទ្យា និង បានធ្វើការ នៅក្នុងរោងចក្រ ស្បែកជើង អាចរកចំណូលបាន ៤,០០០ យ័ន (៦៥១.៥៦ដុល្លារ) ក្នុងមួយខែ ប៉ុន្តែ រោងចក្រនោះ បើករយៈពេលតែ ៣ខែប៉ុណ្ណោះ ក្នុងមួយឆ្នាំៗ ទើបគាត់ ចំណាយពេល មកអង្គុយ អានសៀវភៅ នៅក្នុងបណ្ណាល័យនេះ ដើម្បីរង់ចាំ រោងចក្រ បើកដំណើរការវិញ។

យ៉ាងណាមិញ ក្រៅពីផ្តល់កន្លែង ស្នាក់នៅពេលថ្ងៃហើយនោះ ខាងបណ្ណាល័យ ក៏មានផ្តល់នូវទឹកឆ្អិន សម្រាប់ទទួលទាន មានអគ្គិសនី ទូរទស្សន៍ខ្សែកាប និង អ៊ីនធើណេតផងដែរ សម្រាប់អ្នកដែល គ្មានផ្ទះសម្បែងទាំងនោះ ប្រើប្រាស់៕









ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]