រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថចម្រុះ ប្រមាណ១០០នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ រ័ត្នស្រ៊ាង មេបញ្ជាការកង រាជអាវុធហត្ថ រាជធានីភ្នំពេញ និងជាមេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និង លោកវរៈសេនីយ៍ឯក គង់ គីនី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទទួលផែនប្រតិបត្តិការ រួមជាមួយលោក វរៈសេនីយ៍ឯក ខេន សុវណ្ណ មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំង បើកប្រតិបត្តិការ ឆែកឆេរទីទាំង និងបង្រ្កាបក្រុម មុខសញ្ញាសកម្មខាងប្លន់ ជួញដូរ និងប្រើប្រាស់ គ្រឿងញៀន ពីរទីតាំងផ្សេងគ្នា នៅក្នុងខណ្ឌចំនួន២ គឺខណ្ឌដូនពេញ និង ខណ្ឌសែនសុខ នៅក្នុងពេលបន្តបន្ទាប់ កាលពីវេលាម៉ោង១២ និង៥០នាទីអាធ្រាត្រ ឈានចូល ថ្ងៃទី២៧ វិច្ឆិកា ២០១៤ ដោយឃាត់ខ្លួនបាន ជនសង្ស័យ ប្រុស-ស្រី ១៤នាក់ ដកហូតបាន កាំភ្លើងខ្លីមួយដើម រួមជាមួយសម្ភារ សម្រាប់ប្រើប្រាស់ គ្រឿងញៀន មួយចំនួនទៀត ។

លោកឧត្តមសេនីយ៍ទោ រ័ត្នស្រ៊ាង ដែលបានចុះដឹកនាំ កម្លាំងឆែកឆេរ និងបង្រ្កាបមុខសញ្ញា ជនសង្ស័យផ្ទាល់ បានឱ្យដឹងថា ជាដំបូងកម្លាំងរបស់លោក បានធ្វើការចុះបង្រ្កាប ទីតាំងដែលសង្ស័យ ថាមានមុខសញ្ញា សកម្មខាងប្លន់ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន មួយកន្លែងនៅក្នុង ភូមិត្រពាំងឈូក ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយក្នុងនោះបង្រ្កាប បានមនុស្សប្រុស៥នាក់ រួមជាមួយនឹង សម្ភារសម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។ លោកបានបន្តថា ក្នុងពេលបន្តបន្ទាប់គ្នា កម្លាំងរបស់លោក បានបើកប្រតិបត្តិការ ចុះឆែកឆេរ ក្នុងផ្ទះសំណាក់ <<អូ!យ៉េស>> ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ជនសង្ស័យ ប្រុស -ស្រីចំនួន៧ នាក់ រួមជាមួយនឹងសម្ភារ សម្រាប់ប្រើប្រាស់ គ្រឿងញៀនមួយចំនួន ។ ហើយក្នុងពេល បន្តបន្ទាប់ទៀត កម្លាំងរបស់លោកបាន ធ្វើការឆែកឆេរ បន្ទប់លេខA06 ជាន់ទី២ ក្នុងផ្ទះសំណាក់ដដែល ដោយឃាត់ខ្លួនបាន ជនសង្ស័យ២នាក់ទៀត ដែលម្នាក់ត្រូវបាន គេស្គាល់ថាជាមន្រ្តីយោធា នៅអង្គភាព ង.៧០ មានឈ្មោះគឹម ហេង ភេទប្រុស អាយុ៥៤ឆ្នាំ កំពុងសម្ងំ ប្រើប្រាស់គ្រឿងញៀន រួមទាំងដកហូតបាន កាំភ្លើងខ្លីK54 មួយដើមផងដែរ។ សរុបមកប្រតិបត្តិការ ចុះឆែកឆេរ និងបង្រ្កាបទីតាំង ពីរកន្លែងផ្សេងគ្នា ក្នុងខណ្ឌចំនួនពីរ ដែលក្រុមជនសង្ស័យ ជ្រកកោនដើម្បី ធ្វើសកម្មភាពប្លន់ ប្រើប្រាស់ និងជួញដូរ គ្រឿងញៀននោះ កម្លាំងរបស់លោក បានធ្វើការឃាត់ខ្លួន បានជនសង្ស័យ ប្រុស-ស្រី ចំនួន១៤នាក់ ដកហូតបាន កាំភ្លើងខ្លីK54 មួយដើម រួមជាមួយនឹង សម្ភារសម្រាប់ ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត ។

បច្ចុប្បន្ននេះជនសង្ស័យ ប្រុស-ស្រី ទាំង១៤នាក់ រួមជាមួយនឹងវត្តុតាង ត្រូវកម្លាំង កងរាជអាវុធហត្ថ បញ្ជូនទៅកាន់បញ្ចាការដ្ឋាន កងរាជអាវុធ រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងធ្វើកំណត់ហេតុ ចាត់ការតាម និតិវិធីច្បាប់ ។

គួរបញ្ជាក់ថា នៅក្រោយប្រតិបត្តិការ ចុះបង្រ្កាប និងឆែកឆេរទីតាំង មុខសញ្ញាប្លន់ ប្រើប្រាស់ និងជួញដូរគ្រឿងញៀន រួចមកលោក លោកឧត្តមសេនីយ៍ទោ រ័ត្នស្រ៊ាង បានប្រាប់ក្រុម អ្នកយកព័ត៌មានថា ដោយសារតែមួយរយៈនេះ នៅក្នុងរាជធានីភ្នំពេញ ក្រុមចោរបានធ្វើ សកម្មភាពប្លន់ ជាបន្តបន្ទាប់ ដូច្នេះហើយលោក ក៏បានរៀបចំកម្លាំង ដាក់ពង្រាយនៅតាម មូលដ្ឋានជាច្រើន ដើម្បីធ្វើការល្បាត និងចាំឃាត់ម៉ូតូ ដែលអត់មានពាក់ ស្លាកលេខមកត្រួតពិនិត្យ និងធ្វើការឃាត់ខ្លួន ជនសង្ស័យយកមក សាកសួរដើម្បីឈាន ទៅចាប់ខ្លួន មុខសញ្ញាពិត ប្រកដយកមក ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]