ពិតណាស់ មនុស្សយើងគ្រប់គ្នា ធ្វើការអ្វីក៏ដោយ មិនថា សិក្សារៀនសូត្រ ធ្វើការឫ ប្រកបអាជីវកម្ម  ក៏ត្រូវការ មានកំលាំងថាមពល ដើម្បី យកមកធ្វើការទាំងនោះដែរ។ តើលោកអ្នកធ្លាប់ មានអារម្មណ៍ថា អស់កម្លាំង ដែរឬទេ? ប្រាកដណាស់ សិស្សនិស្សិត បុគ្គលិក អាជីវករមួយ ចំនួន ប្រហែលជាមាន អាការៈ អស់កម្លាំង ល្ហិតល្ហៃ ហើយ មិនដឹងពីមូលហេតុ ដែលបណ្តាលឲ្យមាន បញ្ហាដូច្នេះកើតឡើងឡើយ យ៉ាងណាមិញ ថ្ងៃនេះខ្មែរឡូត នឹងបង្ហាញពី ទំលាប់មិនល្អ ទាំង ៥ យ៉ាង ដែលអាចធ្វើឲ្យលោកអ្នក មានអាការៈ អស់កម្លាំងដូចខាងក្រោម ៖

១. មិនទទួលទានទឹក៖ តើអ្នកដឹងទេថា ការខ្វះជាតិទឹក ក្នុងបរិមាណ បន្តិចបន្តួច ក៏ដោយ ក៏អាចធ្វើឲ្យកំលាំង ថាមពល ក្នុងរាយកាយ របស់អ្នក ចុះខ្សោយ បានយ៉ាងលឿនដែរ។ ក្នុងនោះដែរ ការខ្វះជាតិទឹក គឺបានធ្វើឲ្យឈាម ក្នុងរាងកាយ របស់អ្នក មានកំហាប់ កាន់តែខាប់ ដែលមានន័យថា បេះដូង របស់អ្នក ធ្វើការកាន់តែខ្លាំង ដើម្បីទទួលបាន អុកស៊ីសែន និង សារធាតុចិញ្ចឹម មកពី សាច់ដុំ និង សរីរាង្គរបស់អ្នក។ ដូច្នេះ បេះដូង ធ្វើការកាន់តែខ្លាំង នោះថាមពល រាងកាយ របស់អ្នក នឹងចុះខ្សោយ ទៅតាមនោះផងដែរ។ យ៉ាងណាមិញ លោកអ្នកអាចកែខៃ បញ្ហានេះបាន ដោយព្យាយាមទទួលទានទឹក និងអាហារ ដែលមានជាតិទឹក ឲ្យបានច្រើន ដើម្បីមានកំលាំងម៉ាំមួន។

២. មិនទទួលទានអាហារពេលព្រឹក ៖ មនុស្សមួយចំនួន តែងតែគិតថា អាហារពេលព្រឹក គឺមិនមាន សារៈសំខាន់ សំរាប់រាងកាយ របស់ពួកគេឡើយ។ យ៉ាងណាមិញ ការមិនទទួលទាន អាហារពេលព្រឹក បានជះឥទ្ធិពល យ៉ាងខ្លាំង ដល់រាងកាយ របស់មនុស្ស ព្រោះថា វាជាអាហារដំបូងដែល ផ្តល់ថាមពល ដល់រាងកាយ របស់យើងគ្រប់គ្នា បន្ទាប់ពីភ្ញាក់ពីដំនេក។ ដូច្នេះ មិនថារវល់ យ៉ាងណាក៏ដោយ ក៏លោកអ្នកត្រូវ ឆ្លៀតពេល ញ៉ាំអាហារ ពេលព្រឹក ឲ្យទៀងទាត់ មិនថា ក្នុងបរិមាណ តិចឫច្រើនឡើយ។

៣.ផឹកគ្រឿងស្រវឹង ៖ ពិតណាស់ មិនថាយុវជន និង លោកអ៊ុំចាស់ៗទេ គឺតែងតែ ទទួលទានស្រា បន្ទាប់ពី បានបំពេញការងារ ប្រកបរបររកស៊ី អស់រយៈពេល ពេញមួយថ្ងៃ រួចមក។ ប៉ុន្តែ ការទទួលទាន គ្រឿងស្រវឹង មុនពេល គេងដូច្នេះ គឺអាចធ្វើឲ្យរំខាន ដល់ការទទួលទានដំនេក ទោះបីជា វាបានធ្វើឲ្យអ្នក រំសាយ ទុក្ខកង្វល់ ទាំងឡាយ និង ធ្វើឲ្យអ្នក ឆាប់គេងលក់ ក៏ដោយ ក៏វាអាច ធ្វើឲ្យអ្នក ភ្ញាក់ឡើងនៅ ពាក់កណ្តាលយប់ ជាហេតុធ្វើឲ្យកំលាំង របស់អ្នក កាន់តែចុះខ្សោយ បានទៀតផង។

៤. មិនងាយចូលគេងនៅថ្ងៃចុងសប្តាហ៍ ៖ ការចូលគេងយប់ជ្រៅ នៅថ្ងៃចុងសប្តាហ៍ អាចធ្វើឲ្យអ្នក មានអារម្មណ៍អស់កម្លាំង នៅថ្ងៃបន្ទាប់។ ដូច្នេះ លោកអ្នក គួរតែផ្លាស់ប្តូទំលាប់ ចូលគេងយប់ជ្រៅ នៅថ្ងៃចុងសបា្តហ៍ ហើយព្យាយាមគេង ឲ្យបានទៀងទាត់ ជារៀងរាល់ថ្ងៃ មិនថាថ្ងៃចន្ទ ឫ ថ្ងៃអាទិត្យនោះទេ ព្រោះថា ការចូលគេងទៀងទាត់ ជារៀងរាល់ថ្ងៃ គឺអាចធ្វើឲ្យ រដ្តនៃដំនេក របស់អ្នក មានដំនើរការល្អ និង ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា នៅពេលដែលភ្ញាក់ឡើង។

៥. លេងទូរស័ព្ទ នៅពេលគេង ៖ ពន្លឺដែលបញ្ចេញ ដោយគ្រឿងអេឡិចត្រូនិច ដូចជា ទូរសព្ទ , ទូរទស្សន៍, កុំព្យូទ័រ អាចធ្វើឲ្យ ប៉ះពាល់ដល់ដំនេក របស់អ្នកជាខ្លាំង។ រាងកាយរបស់អ្នក ជាទូទៅ ភ្ញាក់ឡើង នៅពេលដែល ទទួលពន្លឺ បង្ហាញថា ពេលណាដែលត្រូវភ្ញាក់ ដូច្នេះ ប្រសិនបើ មេឃ ងងឹត គឺមានន័យថា គឺដល់ពេលគេងហើយ។ ពន្លឺដែលបញ្ចេញ គ្រឿងអេឡិចត្រូនិច នេះទៀតសោត គឺអាចធ្វើឲ្យ អ្នកមិនងាយគេងលក់ និង អាចធ្វើឲ្យរាងកាយ របស់អ្នក កាន់តែអស់ ថាមពលបន្ថែមទៀតផង។

ដូច្នេះបន្ទាប់ពីអាន នូវទំលាប់ទាំង៥ យ៉ាង ដែលអាចធ្វើឲ្យថាមពល រាងកាយ របស់អ្នកចុះខ្សោយហើយ លោកអ្នកអាចផ្លាស់ប្តូរទំលាប់ទាំងនោះ និងព្យាយាម ទទួលទាន អាហារណា ដែលផ្តល់សារៈប្រយោជន៍ ដល់សុខភាព លោកអ្នក កាន់តែប្រសើរ៕

ប្រភព ៖ Prevention

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]