ភ្នំពេញ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ២ខណ្ឌ គឺខណ្ឌទួលគោក និងខណ្ឌ៧មករា បានឃាត់ខ្លួន ក្មេងស្ទាវ៤នាក់ ជិះម៉ូតូ២គ្រឿង ក្រោយពីបានធ្វើ សកម្មភាពឆក់កាបូប និងឆក់ទូរស័ព្ទ របស់ប្រជាពលរដ្ឋ តាមដងផ្លូវ នៅក្នុងទឹកដី ខណ្ឌចំការមន កាលពីវេលាម៉ោង ១០និង៤០នាទី ព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុច រង្វង់មូលកាំកូស៊ីធី ខណ្ឌទួលគោក ។

មន្រ្តីនគរបាល ខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យ ទី១ឈ្មោះ អ៊ុំ សុវណ្ណរ៉ាត់ អាយុ១៩ឆ្នាំ ស្នាក់នៅម្តុំបុរី ១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងម្នាក់ទៀតឈ្មោះ អឿន ណុបអាយុ២០ឆ្នាំ ស្នាក់នៅម្តុំរ៉ាដា ខណ្ឌ ទួលគោក ខណៈបក្ខពួក ២នាក់ទៀត បើកម៉ូតូគេចខ្លួនបាត់ ។

ដោយឡែក ជនរងគ្រោះឈ្មោះ ភោគ កនិកា ភេទស្រី ជានិស្សិតឆ្នាំទី១ នៃសាកលវិទ្យាល័យ បញ្ញាសាស្រ្ត ស្នាក់នៅភូមិ បុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលឈាន ដល់ឃាត់ខ្លួន ជនសង្ស័យ ទាំង៤នាក់ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទ អ្នកដំណើរ បានសម្រេច នៅតាមបណ្តោយ ផ្លូវនរោត្តម ។

បន្ទាប់មកទៀត ពួកគេក៏បាន ធ្វើសកម្មភាព ឆក់កាបូប អ្នកដំណើរបាន សម្រេចមួយលើក ទៀតនៅជិត ស្ថានទូតវៀតណាម នៅក្នុងទឹកដី ខណ្ឌចំការមន។

ក្រោយធ្វើសកម្មភាព ជនសង្ស័យបាន ជិះម៉ូតូគេចចូលទឹកដី ខណ្ឌ៧មករា ក៏ត្រូវបានកម្លាំង នគរបាលព្រហ្ម ទណ្ឌ៧មករា ប្រដេញស្ទាក់រហូត ដល់ទឹកដី ខណ្ឌទួលគោក ទើបចាប់ឃាត់ខ្លួន បាននៅចំណុចជិតរង្វង់ មូលកាំកូស៊ីធី បាន២នាក់ ដកហូតម៉ូតូ ម៉ាកហុងដាឌ្រីមសេ ១២៥ស៊េរី ឆ្នាំ២០១៥ ពណ៌ខ្មៅមួយគ្រឿង ។

ចំណែកបក្ខ ពួក២នាក់ទៀត ជិះម៉ូតូម៉ាកនិច បានគេចខ្លួនបាត់ ។ ក្រោយពេលឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូន មកអធិការដ្ឋាន នគរបាលខណ្ឌ ៧មករា ចាត់ការបន្តតាម នីតិវិធីផ្លូវច្បាប់ ដោយឡែកទ្រព្យសម្បត្តិ ដែលដកហូតបាន ត្រូវសមត្ថកិច្ចប្រគល់ ទៅឲ្យ ជនរងគ្រោះវិញ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]