ម៉ិចស៊ីកូ៖ សត្វឆ្កែ គឺជាសត្វ មួយប្រភេទ ដែលមានភាព ស្មោះត្រង់ ជាមួយមនុស្ស ហើយវាក៏ជា សត្វដែលមានចិត្ត ស្រលាញ់ និង ការពារអ្នកដែលវាស្គាល់ យ៉ាងអស់ពីចិត្តផងដែរ។ តួយ៉ាងដូចជា សត្វឆ្កែមួយក្បាល នៅក្នុងវីដេអូនេះ វាបានព្យាយាមយ៉ាងខ្លាំង ដើម្បីជួយដាស់មិត្ត របស់វាដែលបាន បាត់បង់ជីវិត ទៅហើយ ដោយសារ តែរថយន្តបុក។

ទិដ្ឋភាពដ៏គួរ ឲ្យខ្លោចចិត្តនេះ ត្រូវបានអ្នកបើក តាក់ស៊ីម្នាក់ ឈ្មោះថា Serrano Madera អាយុ ៤២ឆ្នាំ បានប្រទះឃើញ អំឡុងពេល ដែលគាត់ កំពុងបើកបរ នៅលើផ្លូវមួយ ក្នុងប្រទេស ម៉ិចស៊ីកូ និង បានថត ជាវីដេអូ ដែលបង្ហាញពី សត្វឆ្កែ មួយក្បាលបាន ព្យាយាមជួយដាស់, ជួយអូស និង ជួយទាញ មិត្តភក្តិរបស់វា បើទោះជាគ្មាន សង្ឃឹមថា មិត្តរបស់វា នឹងអាចងើប ឡើងវិញ រត់លេងជាមួយ គ្នាទៀតបាន យ៉ាងណាក៏ដោយ។


បើតាមការ ដកស្រង់សម្តី របស់លោក Madera បានឲ្យដឹងថា “ដំបូងឡើយ សត្វឆ្កែ ទាំង២ក្បាលនេះ បានដើរឆ្លងផ្លូវ ជាមួយគ្នា តែសត្វឆ្កែ ដែលដើរនៅខាងក្រោយ ក៏ត្រូវបានរថយន្ត មួយគ្រឿងកំពុង បើកយ៉ាងលឿន បុកយ៉ាង ពេញទំហឹងតែម្តង ហើយក្រោយមក រថយន្តនោះក៏ បន្តបើកទៅបាត់ រីឯឆ្កែមួយទៀត បន្ទាប់ពីឃើញ មិត្តរបស់វា ដេកងាប់នៅលើផ្លូវ ហើយក៏មិនបាន រត់ទៅណាដែរ នៅតែជួយទាញ និងដាស់មិត្ត របស់វា។ បន្តិចក្រោយមក ដោយមិនអាច ទាញទៅណាបាន វាក៏សុខចិត្ត អង្គុយយាមមិត្ត របស់វាកណ្តាលផ្លូវ ដោយមិនខ្លាច សេចក្តីស្លាប់ ផងដែរ ហើយសកម្មភាព បែបនេះធ្វើឲ្យ ខ្ញុំរំជួលចិត្ត ជាខ្លាំង”។

គួរបញ្ជាក់ផងដែរថា វីដេអូនេះ បានធ្វើឲ្យអ្នក ទស្សនាហើយមាន អារម្មណ៍រំជួលចិត្ត និង នឹកអាណិត សត្វឆ្កែ ទាំង២ក្បាល នោះជាពន់ពេក។ ម្យ៉ាងវិញទៀត ករណីមួយនេះ បានក្លាយទៅជា ចំណុចដ៏គួរឲ្យ ចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងប្រទេស ម៉ិចស៊ីកូ ដោយមានមនុស្ស ជាច្រើនបាន លើកឡើងថា គួរតែផ្តល់ ការស្រលាញ់ និងការគោរព ទៅដល់សត្វឆ្កែ ឲ្យបាន កាន់តែច្រើន៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]