(ភ្នំពេញ)៖ បើទោះបីជាបេក្ខជន ឃុន វុត្ថា មិនទទួលជ័យលាភីនៅក្នុងកម្មវិធី The Voice Cambodia នៅក្នុងរដូវកាលទី១ នេះក៏ដោយ តែបេក្ខជនរូបនេះ នៅតែមិនមានភាពរាថយ ក្នុងការបន្តប្រឡូក ក្នុងអាជីពសិល្បៈទេ ។ បេក្ខជនដែលជាកូនក្រុម របស់តារាចម្រៀងស្រី កញ្ញា ឱក សុគន្ធ កញ្ញា បានបង្ហើបឲ្យដឹងថា រូបគេនឹងខំប្រឹងស្រវ៉ាប្រជាប្រិយភាព ពុះពារឧបសគ្គគ្រប់បែបយ៉ាង ដើម្បីធ្វើឲ្យ ខ្លួនឯង ជោគជ័យក្នុងវិថីសិល្បៈនៅថ្ងៃណាមួយ។

ជួបសម្ភាសន៍ជាមួយ LookingTODAY នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បេក្ខជន ឃុន វុត្ថា បានប្រាប់ ឲ្យដឹងថា ទោះជារូបគេមិន បានទទួលជោគជ័យ លើកពាន The Voice ក៏ពិតមែន តែលោក មានមោទនភាព ដែលបានចូលរួមប្រកួតប្រជែង នៅក្នុងកម្មវិធីលំដាប់ អន្តរជាតិនេះ ព្រោះថា កម្មវិធីនេះ បាន ផ្តល់បទពិសោធន៍ និងបង្រៀនលោកឲ្យចេះច្រើន ទាក់ទងវិស័យចម្រៀង ជាពិសេស គឺ គ្រូ បង្វឹក កញ្ញា ឱក សុគន្ធកញ្ញា បានចែករំលែកបទពិសោធន៍ច្រើនឲ្យលោក ។

ទន្ទឹមជាមួយគ្នាក្នុងការបង្ហាញ ពីអារម្មណ៍ពិតក្នុងការក្លាយខ្លួន ជាបេក្ខជនប្រឡងក្នុងកម្មវិធី លំដាប់ អន្តរជាតិនេះ លោក ឃុន វុត្ថា ក៏បានប្រាប់ឲ្យដឹងថា “បន្ទាប់ពីខ្ញុំបានក្លាយខ្លួន ជាបេក្ខជនក្នុងកម្មវិធីនេះ គឺបានធ្វើឲ្យទស្សនិកជនពុកម៉ែ បងប្អូនបានស្គាល់ខ្ញុំច្រើន ពេលទៅណាមកណាតែងតែ មានអ្នកចោម រោម សុំថតរូបនិងគាំទ្រខ្ញុំ ច្រើនខ្លាំងណាស់ ហើយបើទោះជាពេលនេះខ្ញុំ មិនបានជាប់ ក្នុង កម្មវិធី ក៏ពិតមែន ប៉ុន្តែខ្ញុំមិនបាក់ទឹកចិត្តដកខ្លួនពីសិល្បៈទេ ផ្ទុយទៅវិញខ្ញុំបានក្លាយខ្លួន ជាតារា ចម្រៀង ក្នុងក្លឹបកម្សាន្ត ២ផងដែរ ” ។

លោក ឃុន វុត្ថា បានប្រាប់ឲ្យដឹងទៀតថា តាមរយៈការប្រឡងចម្រៀង លំដាប់ថ្នាក់អន្តរជាតិនេះ បានធ្វើឲ្យ ខ្សែជីវិតលោក មានការ ប្រែប្រួល ដោយពីមុនលោកគ្រាន់ តែជាតារាចម្រៀងធម្មតា នៅខេត្ត កំពង់ចាម តែពេលនេះខុសពីមុនលោកមានឱកាស បានច្រៀងក្នុងក្លឹប កម្សាន្តទំនើប ដូចជា នៅក្លឹប The Classic Night ។

បើទោះបីជាពេលនេះបេក្ខជន ឃុន វុត្ថា បានបញ្ចប់ការប្រឡងក្នុងកម្មវិធី The Voice Cambodia ក៏ដោយ តែសម្រាប់អ្នកគាំទ្រ បេក្ខជនសំនៀងផ្អែមរូបនេះ ក៏អាចជួបលោក និងស្តាប់លោកបកស្រាយ បទចម្រៀង បានដដែល ដោយគ្រាន់តែអញ្ជើញទៅក្លឹប The Classic Night រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៩ ដល់ម៉ោង១០ យប់នោះ លោកអ្នកនឹងបានជួប ឃុន វុត្ថា ជាក់ជាមិនខាន ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា