-សមត្ថកិច្ចកំពុងពន្លឿន ការស្រាវជ្រាវ តាមចាប់ជនដៃដល់

-ជនដែលស្លៀកពាក់ ស្រដៀងឃាតក ជា នគរបាលអន្ដរាគមន៍ ខណ្ឌចំការមន

ភ្នំពេញ ៖ អំពើឃាតកម្មបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ប្រធានក្រុមហ៊ុន ស៊ីម៉ង់ត៍ និងជាថៅកែហាង លក់ពេជ្រ នៅម្ដុំផ្សារទំនើប សូរិយា ពីសំណាក់ ឃាតកដ៏ជំនាញ ក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ បានធ្វើឱ្យមានការចាប់ អារម្មណ៍ និងភ្ញាក់ផ្អើលស្ទើរ ទូទាំងប្រទេស ជាពិសេស នៅលើបណ្តាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក ពីព្រោះថា អ្វីដែល នាំរឿងនេះ បែកធ្លាយកាន់តែខ្លាំង និងលើកឡើងគ្រប់ៗ គ្នានោះ ព្រោះតែវីដេអូ ស្ដីពីសកម្មភាព បាញ់សម្លាប់ លោកឧកញ៉ា ត្រូវបានបែកធ្លាយជា សាធារណៈ ។

អំពើឃាតកម្ម កណ្ដាលក្រុងភ្នំពេញ កាលពីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិត នៅជិតហាង លក់ផ្លែឈើស្រីមុំ ក្បែរស្ដាត អូរឡាំពិក សង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន បានធ្វើឱ្យមានការ ចាប់អារម្មណ៍និងការ ទន្ទឹងរង់ចាំ មើលគ្រប់ៗគ្នា ពីមជ្ឈដ្ឋានទូទៅ ចំពោះប្រតិបត្ដិការ ស្រាវជ្រាវរបស់ សមត្ថកិច្ច ទាំងនគរបាល និងអាវុធហត្ថ ថាតើ ចាប់បាន ឃាតកនិងមេខ្លោង នៅពីក្រោយពេលណា ពី ព្រោះរូបវីដេអូ ដែលបង្ហាញអំពី សកម្មភាព ធ្វើឃាតកម្ម សម្លាប់ អ្នកមានទ្រព្យរូបនេះ ត្រូវនលាតត្រដាង យ៉ាងច្បាស់នោះ ។

វីដេអូ ស្ដីអំពីសកម្មភាព បាញ់សម្លាប់ លោកឧកញ៉ា អ៊ឹង ម៉េងជឺ ប្រមាណ១០គ្រាប់ ពេលដែលលោកចុះពីលើ រថយន្ដលុច្សស៊ីស ៥៧០ បានបន្ដិច ដែលមានរយៈពេល ២២វិនាទី ត្រូវបានគេបង្ហោះ និងចែករំលែកតៗ គ្នា នៅលើបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក តាំងពីពេល កើតហេតុ រហូតមកដល់ រសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ដែល រឿងនេះ មានការចាប់អារម្មណ៍ យ៉ាងខ្លាំង និងចាត់ទុកថា ជាអំពើឃាតកម្ម ធំមួយសម្រាប់ ចុងឆ្នាំ២០១៤ ។

នៅតាមហាងកាហ្វេ នៅកន្លែងលក់បាយ ឬនៅតាមទីប្រជុំជន និងកន្លែងធ្វើការនានា ប្រធានបទនៃការបាញ់ សម្លាប់លោកឧកញ៉ា អ៊ឹង ម៉េងជឺ បានលើកយក មកនិយាយក្នុង ទស្សនៈនិង មតិផ្សេងៗគ្នា ហើយអ្វីដែលពួក គេផ្ដោតសំខាន់នោះ ដោយចោទជាសំណួរ ទៅលើជនរងគ្រោះថា ហេតុអ្វីមិនរត់គេចខ្លួន ពេលឃាតក បាញ់ចំពីក្រោយ និងខ្លះទៀត ថាហេតុអ្វីមិនរត់ ទៅបុកនិង អោបឃាតក រួចស្រែកឱ្យគេជួយ រីឯមតិខ្លះទៀត បានបង្ហាញការងឿងឆ្ងល់ ហេតុអ្វីនៅកន្លែង កើតហេតុពុំមាន សមត្ថកិច្ចនិង ប្រជាពលរដ្ឋនៅ ក្បែរនោះជួយ អន្ដរាគមន៍ ទុកឱ្យជនសង្ស័យ ទាំងពីរនាក់ ធ្វើសកម្មភាពរួច ហើយឡើងជិះ ម៉ូតូគេចខ្លួន ដោយសុវត្ថិភាព ជាទីបំផុត។

តាមរយៈសកម្មភាព បាញ់ប្រហារក្នុងវីដេអូ ដែលថតដោយ កាមេរ៉ាសុវត្ថិភាព បំពាក់នៅ ក្បែរកន្លែងកើតហេតុ រយៈពេល ២២វិនាទី បានបង្ហាញថា ជនសង្ស័យមាន គ្នាពីរនាក់ជិះ ម៉ូតូម៉ាកសេ១២៥ ស៊េរីទំនើបមួយគ្រឿង តាមពីក្រោយ រថយន្ដ របស់លោកឧកញ៉ា ដែលបើក ដោយម្នាក់ឯង ។

នៅពេលដែល ជនរងគ្រោះចុះពីរថយន្ដ គោលបំណងចូល ទៅទិញផ្លែឈើនៅទីនោះ ស្រាប់តែជនសង្ស័យ ម្នាក់ ពាក់មួកកន្ដឹប អាវដៃវែង ខោជើងវែង ស្បែកជើងឃ្លុប បាញ់ពីក្រោយ និងបន្ដបាញ់អស់ ជាច្រើនគ្រាប់ រួចរត់ឡើង ជិះម៉ូតូ ដែលបក្ខពួកម្នាក់ទៀត កំពុងរង់ចាំ នៅលើផ្លូវធំ ។

ក្រោយកើតហេតុភ្លាមៗ និងក្រោយពេល ដែលជនសង្ស័យ ទាំងពីរនាក់ បើកម៉ូតូគេចខ្លួន ដោយសុវត្ថិភាព ខណៈជនរង គ្រោះដេកស្លាប់ ផ្កាប់មុខនៅខាង មុខរថយន្ដ ដោយឈាមដាបពេញខ្លួន ទើបធ្វើឱ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជា ពលរដ្ឋ នៅទីនោះ ហើយកម្លាំងសមត្ថកិច្ច ជាច្រើននាក់ ទាំងនគរបាលនិង អាវុធហត្ថបាន ចុះទៅភ្លាមៗ ជួយអន្ដរាគមន៍ និងបន្ដវិធានការ ជំនាញស៊ើបអង្កេត របស់ខ្លួន ។

ចំពោះអំពើឃាតកម្មនេះ ក៏មានព័ត៌មាន និងការលើកឡើងថា ឃាតក ក្រោយកើត ហេតុបានមកពីនិត្យ មើលនៅ កន្លែងកើតហេតុ ពីព្រោះបុរស នៅក្នុងរូបភាពនោះ ស្លៀកសំលៀកបំពាក់ ដូចជនដៃដល់ ដែលបាញ់ ប្រហារបង្ហាញ នៅក្នុងកាមេរ៉ា សុវត្ថិភាពយ៉ាង ដូច្នេះ ។

យ៉ាងណាក៏ដោយ ចំពោះការលើកឡើង ខាងលើនេះ ត្រូវបានមន្ដ្រីជំនាញព្រហ្មទណ្ឌ រាជធានីភ្នំពេញ ធ្វើការបដិសេធ ហើយប្រាប់ ថា បុរសរូបនោះ ជាមន្ដ្រីនគរបាល ផ្នែកអន្ដរាគមន៍ នៅខណ្ឌចំការមន ។

ស្នងការរងនគរបាល រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ ជួន ណារិន្ទ បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅព្រឹកថ្ងៃ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៤ថា “ករណីដែល គេមើលតាមហ្វេសប៊ុក គឺជាមនុស្សច្រឡំទេ ជាមន្ដ្រី នគរបាល របស់យើង ផ្នែកអន្ដរាគមន៍ ខណ្ឌចំការមន ឈ្មោះ សុខ ម៉ូនីត្រា ទី១ ហើយ ទី២ វាខុសគ្នាឆ្ងាយណាស់ ពីព្រោះខុសគ្នា ទាំងអាយុ ខុសគ្នាទាំងកម្ពស់ និងខុសគ្នាទាំង មាឌ ប៉ុន្ដែបែរជានាំគ្នា យល់ច្រឡំទៅវិញ ”។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ទៀតថា រូបទាំងពីរអាវ ដូចគ្នាមែន តែខោខុសពណ៌ ហើយជនសង្ស័យរាងស្គម មិនដុះក្បាលពោះ ដូចរូបដែលបាន ឃើញនោះឡើយ។

ចំពោះប្រតិបត្ដិការ ស៊ើបអង្កេតតាមចាប់ ជនដៃដល់និង មេខ្លោងនៅពីក្រោយ ខ្នងនៃអំពើ ឃាតកម្មដ៏ សាហាវកណ្ដាល ទីក្រុងភ្នំពេញ ស្នងការរង នគរបាលរូបនេះ មិនទាន់អាចធ្វើ ការអត្ថាធិប្បាយឱ្យ វែងឆ្ងាយនោះឡើយ ពីព្រោះ វាជាការងារជំនាញ ។

លោកឧត្ដមសេនីយ៍ជួន ណារិន្ទ បានបញ្ជាក់ យ៉ាងខ្លីថា “ការងារនេះ យើងបាននឹងកំពុង ប្រស៊ីគ្នាតាមរយៈការ បង្កើតគណៈកម្មការ អង្កេតរវាងនាយកដ្ឋាន ជំនាញព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ជាមួយនគរបាល ជំនាញព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ ដឹកនាំដោយលោក ស្នងការពន្លឿន ការស្រាវជ្រាវ ពាក់ព័ន្ធ និងជំនាញយើង មិនអាចនិយាយ បានទេ” ។

ដូចគ្នានេះដែរ មន្ដ្រីនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃមួយរូប ដែលចូលរួមប្រតិ បត្ដិការស៊ើបអង្កេត និងស្រាវជ្រាវ អំពើឃាតកម្មខាងលើនេះ ក៏មិនអាចធ្វើការអត្ថាធិប្បាយ ឱ្យបានវែងឆ្ងាយនោះទេ ព្រោះស្ថិតក្នុងដំណើរការតាម ដាននៅឡើយ ។

មន្ដ្រីនគរបាលរូបនេះ ដែលសូមមិនបញ្ចេញ ឈ្មោះបានបង្ហាញការ លំបាកលើការស្រាវជ្រាវ តាមចាប់ឃាតក បន្ទាប់ពីវីដេអូបង្ហាញពី សកម្មភាពបាញ់ ប្រហារលើជន រងគ្រោះនោះ ត្រូវបានបែកធ្លាយ ជាសាធារណៈ ។

មន្ដ្រីនគរបាលដដែល បានបញ្ជាក់ទៀតថា ការលំបាកនោះគឺទី១ ជនដៃដល់បាននឹង កំពុងបន្ដរត់គេចខ្លួន ព្រោះតែ សមត្ថកិច្ចមាន វីដេអូ នៅក្នុងដៃនិងទី២ ឃាតកអាចនឹង ត្រូវគេបំបិតមាត់ ព្រោះបែកធ្លាយពីសកម្ម ភាពធ្វើឃាត ។

ចំពោះអំពើឃាតកម្មលើ ឧកញ៉ាអ៊ឹង ម៉េងជឺ វ័យជាង៤០ឆ្នាំ និងជា អ្នកមានទ្រព្យសម្បត្ដិ ស្ដុកស្ដម្ភមួយរូបខាង លើនេះ ត្រូវបានសមត្ថកិច្ច ធ្វើការសន្និដ្ឋានថា ជារឿងគំនុំសុទ្ធសាធ ប៉ុន្ដែមិនដឹងថា ផ្ដើមចេញពី រឿងអ្វីនោះទេ គឺកំពុង ធ្វើការសួរនាំ និងស្រាវជ្រាវ ។

មន្ដ្រីនគរបាល ក្រសួងមហាផ្ទៃ បានចាត់ ទុកថា សកម្មភាពនេះ មិនត្រឹមតែជាអំពើ ឃាតកម្មនោះ តែអាចជាអំពើ ភេវរកម្មពី ព្រោះជាសកម្មភាព មួយបន្លាចអ្នករកស៊ីធំៗ និងអ្នកវិនិយោគិន នៅក្នុងប្រទេសកម្ពុជា។

បុរសម្នាក់ ដែលមានជាម្ចាស់អាខោន ហ្វេសប៊ុក ឈ្មោះ Polo Leab ត្រូវជាប្អូន ប្រុសរបស់ជនរងគ្រោះ ក៏បានបង្ហោះ រូបថត ៤សន្លឹក នៃការធ្វើកោសល្យ វិច័យរបស់សមត្ថ កិច្ចជំនាញ ដោយមានស្នាម គ្រាប់បាញ់ចំលើ ដើមទ្រូង៤គ្រាប់ ធ្លាយទៅខ្នង និងលើដើម ដៃផ្សេងទៀត ដែលសមត្ថកិច្ចអះអាងថា ក្នុងចំណោមការបាញ់ ប្រមាណ១០គ្រាប់ជន រងគ្រោះ ត្រូវ៦គ្រាប់ ។

ប្អូនប្រុសជនរងគ្រោះ រូបនេះ បានចាត់ទុកថា ជនដែលបាញ់ សម្លាប់បងប្រុស របស់ខ្លួន គឺជាឃាតកដែលមាន ជំនាញបំផុត ។

បច្ចុប្បន្នសព លោកឧកញ៉ាអ៊ឹង ម៉េងជឺ ត្រូវបានក្រុមគ្រួសារកំពុងធ្វើ បុណ្យតាមប្រពៃណីនៅ ភូមិគ្រឹះរបស់ លោកនៅជិត ស្ពានឧកញ៉ា ម៉ុងឫទ្ធី ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ខណៈដែលមជ្ឈដ្ឋាន ទូទៅកំពុងរង់ចាំមើល យ៉ាងអន្ទះសារពីការចាប់បាន ឃាតកដែលបាញ់សម្លាប់ ជនរងគ្រោះយក មកផ្ដន្ទាទោស តាមផ្លូវច្បាប់។

ជនរងគ្រោះ លោក អ៊ឹង ម៉េងជឺ និងភរិយាលោកស្រី តាំង គឹមឆេង ត្រូវបានអ្នកស្គាល់អះអាងថា រូបលោកឧកញ៉ា និងភរិយា ជាមនុស្សស្លូតត្រង់ និងចូលចិត្តធ្វើបុណ្យទាន។ ជាពិសេសលោក បានធ្វើផ្ទះទេវតា ជាច្រើនជូនចាស់ជរា និងគ្មានទីពឹង នៅក្នុងខេត្តបាត់ដំបង និងខេត្តប៉ៃលិន។

លោកឧកញ៉ា អ៊ឹង ម៉េងជឺ និងភរិយា ពេលធ្វើដំណើរ ទៅណាមកណា មិនដែលមានអង្គរក្ស ឬអ្នកការពារនោះទេ ពោលទៅណា មកណាមកណា តែពីរនាក់ភរិយា ប៉ុណ្ណោះ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]