ចិន៖ សាស្ត្រាចារ្យនៅ សាកលវិទ្យាល័យ Peking ដែលស្ថិតនៅ ទីក្រុងប៉េកាំង ត្រូវបាន គេដកចេញ ពីតំណែង និង បានដកហូត អាជ្ញាប័ណ្ណ ក្នុងការបង្រៀន បន្ទាប់ពីមាន ទំនាក់ទំនង ជាមួយនឹង និស្សិតស្រីបរទេស ម្នាក់ ដែលមកសិក្សា ផ្នែកអន្តរជាតិ ហើយថែមទាំង ធ្វើឲ្យ នាងមានផ្ទៃពោះថែមទៀត។

លោក Yu Wanli ជាអតីត សាស្ត្រាចារ្យរង ផ្នែកអន្តរជាតិ នៃសាកលវិទ្យាល័យ Peking ក្នុងទីក្រុងប៉េកាំង ត្រូវបាន សាកលវិទ្យាល័យ ធ្វើការស៊ើបអង្កេត និង ដកចេញពីតំណែង បន្ទាប់ពី ធ្វើឲ្យនិស្សិតស្រី មានផ្ទៃពោះ។ ដំបូងឡើយ សាស្ត្រាចារ្យ Yu បានស្គាល់និស្សិតស្រី ឈ្មោះ Wang Jing ជនជាតិ សឹង្ហបុរី ដែលមករៀននៅក្នុង សាកលវិទ្យាល័យ Peking ក្នុងទីក្រុងប៉េកាំង តាមរយៈមិត្តភក្តិ របស់នាង ឈ្មោះ Liu Wei។

ជាមួយគ្នានេះដែរ Liu បានផ្ញើរអ៊ីម៉ែល និង សំបុត្រ៣ច្បាប់ ទៅកាន់ សាកលវិទ្យាល័យ រួមជាមួយនឹង រូបថត និង កំណត់ត្រា ជជែកសកម្សាន្តនៅក្នុង ទូរស័ព្ទដៃរបស់ Wang ផងដែរ។ បន្ទាប់មក Wang បានប្រាប់អ្នក យកព័ត៌មានថា កាលពីខែមិថុនា ឆ្នាំ២០១៣ លោកសាស្ត្រាចារ្យ Yu បានមករកនាង ជាមួយនឹងមិត្ត រួមបន្ទប់ របស់នាងម្នាក់ ហើយពួកគេ ទាំង២នាក់ ក៏បានចាប់ផ្តើម មានទំនាក់ទំនង ផ្លូវភេទជាមួយគ្នា តាំងពីពេលនោះមក។

ក្រោយមកទើប Wang ដឹងថា លោកសាស្ត្រាចារ្យ Yu រៀបការរួចហើយ ថែមទាំង មានកូនទៀតផង នៅពេលដែលនាង ទៅលេងផ្ទះរបស់គាត់ ប៉ុន្តែគាត់បាន និយាយថា គាត់ និងប្រពន្ធរបស់គាត់ បានចែកផ្លូវគ្នាហើយ។ នៅពេលដែលបាន ដឹងរឿងនេះ Wang ក៏បានឲ្យដឹងដែរថា នាងនឹងមិនធ្វើ ជាស្រីលួចលាក់នោះទេ ព្រោះវាមិនយុត្តិធ៌ម សម្រាប់នាង តែលោកសាស្ត្រាចារ្យ Yu បានប្រាប់មកថា គាត់ត្រូវការពេលវេលា ដើម្បីដោះស្រាយរឿងនេះ។

យ៉ាងណាមិញ សាស្ត្រាចារ្យ Yu បានប្រាប់ឲ្យនាង ទៀតថា ឲ្យយកកូនចេញ ទើបនាងសម្រេចចិត្ត និយាយពីទំនាក់ទំនង មួយនេះចេញមក។ ក្រោយពីរឿងនេះ បានបែកធ្លាយ លោកសាស្ត្រាចារ្យ Yu ត្រូវបានដកហូត អាជ្ញាប័ណ្ណគ្រូបង្រៀន និងបណ្តេញចេញពី សាកលវិទ្យាល័យតែម្តង៕

ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]