ខេត្តស្វាយរៀង ៖ ទឹកប្រាក់ ប្រមាណ២៧លានរៀល ត្រូវបានចោរប្លន់ ទាំងថ្ងៃ នៅកណ្តាល ក្រុងស្វាយរៀង កាលពីវេលា ម៉ោង១ និង៤០នាទីរសៀល ថ្ងៃទី២២ វិច្ឆិកា នៅចំណត រថយន្តក្រុងស្វាយរៀង ស្ថិតក្នុង ភូមិវាលយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខណៈជនរងគ្រោះ ២នាក់ប្តីប្រពន្ធ ដើរចេញ ពីផ្ទះប្តូរប្រាក់ ហើយបម្រុង ទ្បើងជិះរថយន្ត ត្រទ្បប់ទៅខេត្តព្រៃវែង ក៏ត្រូវក្រុមចោរ ភ្ជង់ដោយអាវុធខ្លី រួចបាញ់គំរាម ប្លន់យកប្រាក់ ។


ជនរងគ្រោះ ជាប្តីឈ្មោះ សឿន សារ៉ាយ អាយុ២៩ឆ្នាំ ប្រពន្ធឈ្មោះ ឆេង សុខរ័ត្ន អាយុ២២ឆ្នាំ ជាអាជីវករ ទិញលក់ស្រូវ មានទីលំនៅ ភូមិជ្រៃសីមា ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

បើតាមជនរងគ្រោះ ប្រាប់ឱ្យដឹងថា ពួកគាត់២នាក់ ប្តីប្រពន្ធ បានប្រមូលទិញស្រូវ ពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង រួចដឹកមកលក់ នៅច្រកទ្វារអន្តរជាតិ ព្រៃវល្លិ ឃុំថ្មី ស្រុកកំពង់រោទ៍ គឺលក់ឱ្យឈ្មួញ វៀតណាម បានជាប្រាក់ដុង ក៏យកប្រាក់ ដុងវៀតណាម មក ប្តូរយកប្រាក់រៀល នៅផ្ទះប្តូរប្រាក់ បានចំនួន២៧លានរៀល ។ ម្ចាស់ផ្ទះប្តូរប្រាក់ ឈ្មោះ ម៉ៅ យ៉ា អាយុ៥៦ឆ្នាំ នៅផ្ទះជួរមុខ ផ្សារវាលយន្ត។

ក្រោយពីប្តូរប្រាក់រួច ក៏យកដាក់ ក្នុងកាបូប កាន់ចេញពី ផ្ទះប្តូរប្រាក់នោះ ហើយដើរទៅកាន់ ចំណតរថយន្តក្រុង ខាងកើតផ្ទះ ប្តូរប្រាក់ ចម្ងាយប្រមាណ ១០០ម៉ែត្រ យកប្រាក់ ដាក់ក្នុងរថយន្តរួច ប្តីទ្បើងជិះរថយន្ត ដឹកស្រូវពាក់ ស្លាកលេខ កំពង់ចាម 3A-3589 ក៏ត្រូវចោរប្លន់ ២នាក់ ដកកាំភ្លើងខ្លី ម៉ាកកា៥៤មួយដើម ភ្ជង់ឱ្យប្រគល់ ប្រាក់ដល់ពួកគេ ។

ប៉ុន្តែជនរងគ្រោះ អល់អែក មិនព្រមឱ្យ ចោរនោះ ក៏ភ្ជង់ចំដើមទ្រូង រួចកេះកៃបាញ់ តែសំណាងល្អ មិនផ្ទុះ ហើយជនរងគ្រោះ រត់គេចចេញ ចោរក៏បាញ់ មួយគ្រាប់ទៀត ។ ពេលនោះ ជនរងគ្រោះ បានក្រាបទៅនឹងដី ទើបចោរបាញ់ខុស ហើយចោរ ក៏លូកយក កាបូបប្រាក់ ពីកាប៊ីនរថយន្ត រួចរត់ទ្បើង ជិះម៉ូតូ ម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ ដែលបក្សពួក ម្នាក់ទៀត បញ្ឆេះចាំ រួចជាស្រេច បើកគេចខ្លួន តាមផ្លូវជាតិលេខ១ ។ ភ្លាមៗ នគរបាល ក្រុងស្វាយរៀង ក៏បើករថយន្ត ដេញតាមពីក្រោយ រហូតដល់ ខ្លោងទ្វារ វត្តចំបក់បិទមាស ចោរបានបោះ កាបូបមួយចោល ទើបនគរបាល ឈប់រថយន្តរើស ហើយក្រុមចោរ ក៏ជិះម៉ូតូ បត់ចូលផ្លូវលំ ចូលទៅវត្ត ចំបក់បិទមាស ។

ការរើសកាបូបនោះ ព្រោះស្មានថា ជាកាបូបលុយ ដែលចោរបោះឱ្យវិញ តែជាការ ចាញ់ល្បិចចោរ ព្រោះជាកាបូប ដាក់សម្លៀក បំពាក់ចាស់ៗ ក៏ព្យាយាម បើករថយន្ត ដេញតាម ក្រុមចោរនោះទៀត រហូតជ្រុលចង្កូត ធ្លាក់ស្រែ ជាប់ផុង ទៅមុខលែងរួច ។ រីឯក្រុមចោរ ជិះម៉ូតូ ឆ្ពោះទៅខាងជើង ខ្លោងទ្វា វត្តចំបក់បិទមាស ស្ថិតក្នុងភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង គេចខ្លួន បាត់ស្រមោលទៅ ។

មានការសន្និដ្ឋានថា នេះមិនមែនជា អំពើប្លន់ ដោយចៃដន្យទេ គឺក្រុមចោរ បានតាម ឃ្លាំមើលសកម្មភាព ដែលជាធម្មតា ជនរងគ្រោះ តែងដឹកស្រូវ មកលក់ឱ្យឈ្មួញ វៀតណាម បានប្រាក់ដុង ហើយយកមកប្តូរ យកប្រាក់រៀល នៅផ្ទះប្តូរប្រាក់ ឈ្មោះ ម៉ៅ យ៉ា រាល់លើក ។ ដូច្នេះហើយ ទើបក្រុមចោរ ឆក់ឱកាស ធ្វើសកម្មភាព ប្លន់ទាំងថ្ងៃ នៅកណ្តាលក្រុង តែម្តង ។

មហាជន បានរិះគន់ថា សមត្ថកិច្ច គ្មានសមត្ថភាព ទើបចោរប្លន់ ទាំងថ្ងៃ ហើយចំកណ្តាល ក្រុងទៀត តែសមត្ថកិច្ច មិនអាចបង្ក្រាប ឬចាប់ ក្រុមចោរបាន ដែលប្រការនេះ ធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេស អាជីវករ នៅក្រុងស្វាយរៀង មានការភ័យខ្លាច យ៉ាងខ្លាំង រហូតដល់ ក្រុមអាជីវករ លក់មាស ប្តូរប្រាក់ នាំគ្នាបិទតូប ។

នេះជាលើកទីមួយហើយ ដែលក្រុមចោរ ហ៊ានចូលមកប្លន់ ទាំងថ្ងៃ ហើយជនរងគ្រោះ ក៏សំណាង មហាសំណាងដែរ ដែលចោរ បាញ់មិនផ្ទុះ បើសិនជាផ្ទុះ ពិតជាស្លាប់ មិនខានទ្បើយ និងមួយគ្រាប់ ចុងក្រោយ ចោរបាញ់ មិនត្រូវទៀត ដោយជនរងគ្រោះ ក្រាបផុត។

រីឯស្ត្រីជាប្រពន្ធ ឃើញប្តីក្រាប នៅនឹងដី ស្មានថាចោរ បាញ់ត្រូវប្តី ក៏ស្ទុះចូលឱបប្តី ដោយក្តីរន្ធត់ញាប់ញ័រ លុះពេលងើបទ្បើង ឈរពុំមានរបួស ក៏នាំគ្នា ទាំង២នាក់ប្តីប្រពន្ធ រត់ចូលផ្ទះ ប្តូរប្រាក់វិញ ទើបមានការ ឆោទ្បោទ្បើង ។ លុះប្រមាណ១០នាទីក្រោយមក កងរាជអាវុធហត្ថ ខេត្តមកដល់ និងបន្ទាប់គ្នា នគរបាលក្រុង ស្វាយរៀង មកដល់ រីឯនគរបាលខេត្ត ប្រហែលកន្លះម៉ោងក្រោយ ទើបមកដល់ ។

អ្វីដែលគួរ ឱ្យកត់សម្គាល់ ដែរនោះ គឺមន្ត្រីនគរបាល ក្រុងស្វាយរៀង មួយរូប នៅក្នុងហេតុការណ៍ មិនបានរាយការណ៍ ឱ្យលោកអធិការ ឬលោកស្នងការ ដឹងភ្លាមទេ បែរជាបើករថយន្ត ដេញតាមចោរ តែម្នាក់ឯង រហូតបើករថយន្ត ធ្លាក់ស្រែ ទៅមុខលែងរួច ទុកឱកាស ឱ្យចោរជិះម៉ូតូ គេចខ្លួនបាត់ ៕

ប្តីប្រពន្ធអ្នកលក់ស្រូវដែលចោរប្លន់

ប៉ូលិសពិភាក្សាគ្នាជុំវិញរឿងចោរប្លន់ទាំងថ្ងៃនៅកណ្តាលក្រុងស្វាយរៀង

រថយន្តដឹកស្រូវ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]