បាត់ដំបង ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល សហការជាមួយ កម្លាំងបង្កាបង្រ្កាប បានធ្វើការ ឃាត់ខ្លួន យុវជនម្នាក់ កាលពីវេលាម៉ោង ៩និង៤០នាទី យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ពីបទ វ៉ៃកាប់គ្នា ក្នុងវង់ផឹកស៊ី នៅចំណុចមុខ ផ្ទះសំណាក់ ខូលហៅ ស្ថិតក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង នាំយមកសាកសួរ រួចកសាង សំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការ តាមច្បាប់ ។

លោក អ៊ុក សុវត្តិ នាយផ្នែកនៃ ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល បានឲ្យដឹងថា កាលពីវេលា ព្រលប់យប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ជនសង្ស័យ និងជនរងគ្រោះ មានការផឹកស៊ី ២កន្លែង ផ្សេងគ្នា ក្រោយមកមិត្ត រួមផឹកស៊ី ជាមួយគ្នា បានហៅជនសង្ស័យ មកផឹកស៊ីជុំគ្នា កន្លែងកើតហេតុ ។ ក្រោយពីបានផឹកស៊ី អស់លុយជនរងគ្រោះ បានប្រគល់ទូរស័ព្ទ ដៃចុចពិល ១គ្រឿង យកបញ្ចាំគេ យកលុយផឹកបន្ត ជនសង្ស័យបាន យកទូរស័ព្ទ ចេញទៅបាត់តែ មិនបានបញ្ចាំទេ ក៏យកមកកន្លែង ស៊ីផឹកវិញ ។ លុះដល់ម៉ោងកើតហេតុ ជនរងគ្រោះ បានសួររឿង លុយបញ្ចាំទូរស័ព្ទ បានហើយ ឬនៅ ជនសង្ស័យបានឆ្លើយថា មិនបានបញ្ចាំទេ ពេលនោះជនរងគ្រោះ ក៏បានទារ ទូរស័ព្ទវិញ ជនសង្ស័យក៏បានហុច ទូរស័ព្ទឲ្យ វិញ តែពេលហុចនោះ ក៏របូតដៃធ្លាក់ ទូរស័ព្ទដៃទៅដី ភ្លាមៗនោះ ជនរងគ្រោះ បានខឹងថា មើលងាយគេ ដោយចោទថា ទម្លាក់ទូរស័ព្ទគេចោល ជនរងគ្រោះ និងបក្ខពួក ៣នាក់ទៀត ក៏កើតផ្ទុះកំហឹង បានព្រួតដៃគ្នា ស្ទុះទៅវ៉ៃជនសង្ស័យ បណ្តាលឲ្យបែកមាត់ ពេលនោះជនសង្ស័យ បានខឹងក៏ចេញ ទៅយកកាំបិតបុ័ងតោ មកកាប់លើ ជនរងគ្រោះវិញ បណ្តាលឲ្យ រងរបួសរយះដៃ ដេរជាច្រើនថ្នេរ នៅមន្ទីរពេទ្យខេត្ត រួចជនសង្ស័យក៏ បានគេចខ្លួនបាត់ បន្ទាប់ពីកើតហេតុ ហើយ កម្លាំងបង្កាបង្រ្កាប បានឃាត់ខ្លួនជន សង្ស័យបានភ្លាមៗ បន្ទាប់ពីមាន បណ្តឹងពីជនរងគ្រោះ រួចនាំយកមក ការិយាល័យជំនាញ ទាំងយប់ ។ ជនសង្ស័យដែល សមត្ថកិច្ចឃាត់ខ្លួនបាន មានឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ ។ ចំណែកជនរងគ្រោះ មានឈ្មោះ គង់ សុធា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ ជាមួយគ្នា ។

ជនសង្ស័យបាន ឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ ទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយសារតែ ជនរងគ្រោះ និងបក្ខពួកបាននាំគ្នា វ៉ៃទៅលើខ្លួនមុន ទើបខ្លួនខឹង ក៏បានយកកាំបិត កាប់តបវិញតែម្តង ។ បច្ចុប្បន្នមន្រ្តី ការិយាល័យ ជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការ បន្តតាមច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]