ខេត្តកណ្ដាល ៖ បុរសចិត្តស្លុយម្នាក់ ត្រូវនគរបាល ស្រុកកោះធំ ចាប់ខ្លួន កាលពីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ បន្ទាប់ពីបាន ធ្វើសកម្មភាព ចូលទៅក្នុងផ្ទះ នារីម្នាក់ ហើយចាប់បង្ខំនាង ប៉ុនប៉ងរំលោភ តែត្រូវនាង រើបម្រាស់រួច ស្រែកឆោឡោ ឲ្យគេជួយ កាលពីម៉ោង ២ទៀបភ្លឺ ឈានចូល ថ្ងៃទី២៣ ខែវិច្ឆិកា ស្ថិតក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខណៈម្ដាយ ឪពុកនាង មិននៅផ្ទះ ។

នគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហេង ចាន់ហ៊ាង ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិស្វាយ តាមេឃ ឃុំកោះធំ (ខ) ជននេះ ជាមុខសញ្ញា ចោរកម្ម និងប្រើប្រាស់ ថ្នាំញៀន នៅក្នុងមូលដ្ឋាន ។ ចំណែកនារីរងគ្រោះ ឈ្មោះ ល សន អាយុ២០ឆ្នាំ នៅភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពដដែល បានឲ្យដឹងទៀតថា នៅយប់កើតហេតុនោះ ម្ដាយឪពុកនាង មិននៅផ្ទះ ទៅលក់ដូរ នៅភ្នំពេញ នាងនៅផ្ទះ តែម្នាក់ឯង ។ នៅវេលា ម៉ោង២ទៀបភ្លឺ ឈានចូល ថ្ងៃទី២៣ ខែវិច្ឆិកា ជនសង្ស័យ ឈ្មោះហេង ចាន់ហ៊ាង បានលបលួច ចូលទៅក្នុងផ្ទះ ឃើញនារីរងគ្រោះ កំពុងដេកលក់ នៅលើគ្រែ ក៏បានចាប់អោបថើប ពេលនាងដឹងខ្លួនឡើង បានខំរើបម្រាស់ និងប្រកាយ ប្រតប់គ្នា រហូតរួចពីដៃ ជនសង្ស័យ ក៏ស្រែកឆោឡោ ឡើងផ្អើល ទាំងយប់ ហៅឲ្យគេជួយ ។ ពេលនោះ ជនសង្ស័យ បានរត់គេចខ្លួន បាត់ទៅ ប៉ុន្តែនាង បានស្គាល់មុខ ជនសង្ស័យច្បាស់ ។

លុះដល់រសៀល ថ្ងៃទី២៣ ខែវិច្ឆកា ឆ្នាំ២០១៤ ដដែល ម្ដាយឪពុកនាង ត្រឡប់មកវិញ នាងប្រាប់ពី ហេតុការណ៍ខាងលើ ម្ដាយឪពុកនាង ក៏ទៅប្ដឹងនគរបាល តែម្ដង ។ ក្រោយពីទទួល ពាក្យបណ្ដឹងភ្លាម នគរបាល បានធ្វើការឃាត់ខ្លួន ជនសង្ស័យ នាំមកអធិការដ្ឋាន នគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងកសាង សំណុំរឿង ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]