ហ្គីប្រាលតា៖ ការហោះឡើង ឬ ក៏ចុះចត នៅលើព្រលាន យន្តហោះ ដែលមាន ផ្លូវសំរាប់ យន្តហោះរត់ សរុប ត្រឹម ៦ គីឡូម៉ែត្រ មិនមែនជា រឿងគួរឲ្យងាយស្រួល ប៉ុន្មានដែរ។ ដូច្នេះហើយទើប រដ្ឋាភិបាលនៃ ប្រទេសតូច មួយឈ្មោះ Gibraltar (ហ្គីប្រាលតា) បានរក ដំណោះស្រាយ ដ៏ប្លែក និង កម្រឃើញនៅ បណ្តាប្រទេសនានា ដោយយន្តហោះ ដែលចុះចតនៅ ប្រទេសនោះ ត្រូវរត់កាត់ទទឹង ផ្លូវ មហាវិថី ដ៏មមាញឹក មួយក្នុងពេលដែល ចុះចតម្តងៗ។

ជារៀងរាល់ថ្ងៃឡាន និង យានយន្តផ្សេងទៀត ដែលធ្វើដំណើរលើ មហាវិថីឈ្មោះ Winston Churchill តែងតែ ត្រូវផ្អាកចរាចរណ៍ ២ ឬ ៣ ដង ដោយសារតែ មានយន្តហោះ រត់ឆ្លងកាត់ ហើយក្នុងមួយដង គឺ ចំណាយពេល ប្រហែល ១០នាទី តែវាបានក្លាយទៅ ជារឿងសាមញ្ញ ទៅហើយ សំរាប់ប្រទេសនេះ សំរាប់ប្រជាជននៅ Gibraltar ការឈប់ចាំ យន្តហោះឆ្លងផ្លូវ ដូចជាការឈប់ចាំ រថភ្លើងបើកកាត់ផ្លូវ ដូច្នោះដែរ។

ជើងហោះហើរ ភាគច្រើន របស់យន្តហោះ គឺភ្ជាប់ ទំនាក់ទំនងជាមួយ ចក្រភពអង់គ្លេស ដែលមាន ដូចជា ទីក្រុង London, Birmingham, ឬក៏ Manchester ជាដើម ដោយក្នុង១ សប្តាហ៍ មានយន្តហោះ ចុះចត ជាង ៣០គ្រឿង។ ដោយសារតែ វិសាលភាព ផ្ទៃដី របស់ប្រទេស មិនមានទំហំធំ ធ្វើឲ្យព្រលាន យន្តហោះ មិនអាចពង្រីកផ្លូវ រត់របស់ខ្លួនបាន ទើបធ្វើឲ្យ ព្រលានយន្តហោះខាងលើ ជាប់ជា ព្រលានយន្តហោះ អន្តរជាតិ ដែលមានប្រវែង ផ្លូវរត់ របស់យន្តហោះ ខ្លីជាងគេ នៅលើពិភពលោក។

គូសបញ្ជាក់ផងដែរថា ព្រលានយន្តហោះនេះ ចាប់ផ្តើម សាងសង់ ដំបូង នៅសម័យសង្គ្រាម លោកលើក ទី២ ដោយសង់ពីលើដី របស់ ទីលានប្រណាំងសេះ ពីសម័យមុន។ ក្នុងឆ្នាំ ១៩៣៩ ទីនោះ ត្រូវបានគេ ដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការ តែប្រើសំរាប់ ដឹកជញ្ជូន ក្នុងវិស័យ យោធាប៉ុណ្ណោះ រហូតដល់ សម័យក្រោយៗមក មានការពង្រីក ព្រលាន ជាបន្តបន្ទាប់ ដោយទន្រ្ទានយក ដីក្បែរឆ្នេរសមុទ្រ ទើបព្រលានយន្តហោះនេះអាចចុះចត បានដោយ យន្តហោះ ប្រភេទ ទាំងដឹកអ្នកដំណើរ និង យន្តហោះដឹកទំនិញ រហូតដល់សព្វថ្ងៃនេះ៕





ប្រភព៖ បរទេស

ដោយ៖ Roth

បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]