ភ្នំពេញ៖ ចាប់តាំងពី សាលារាជធានីភ្នំពេញ បានសម្រេច ចាប់ផ្តើមដាក់ឲ្យ ដំណើរការនូវ សេវាកម្ម រថយន្តក្រុង កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៤ មកប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ទាំងមូល បានគាំទ្រ និងមានភាព រីករាយក្នុងការ ទទួលយកសេវាកម្មនេះ។

លើសពីនេះទៀត ដោយសារតែ កាលពីពេល ថ្មីៗនេះ សាលារាជធានីភ្នំពេញ ក៏បានបន្ថែម នូវរថយន្តក្រុង ជាច្រើន ក៏ដូចជា បង្កើនផ្លូវខ្សែរត់ កាន់តែ ច្រើន ទៀត ដូចជា ខ្សែទី១ ចាប់ផ្តើមពីចំណត គីឡូម៉ែត្រលេខ៩ កាត់តាមផ្លូវជាតិលេខ៥ , មហាវិថី ព្រះមុនីវង្ស,  កាត់តាមផ្លូវជាតិលេខ១ រហូតដល់ វត្តក្តីតាកុយ ហើយត្រឡប់មកវិញ សម្រាប់ខ្សែទី២ ចាប់ផ្តើមពីផ្សាររាត្រី បត់ក្រោមស្ពាន ជ្រោយចង្វា ឆ្ពោះទៅអង់តែន ទួលគោក តាមផ្លូវទំនប់ ទួលគោក កាត់ផ្លូវលេខ២៨៩, កាត់តាមមហាវិថី ម៉ៅសេទុង ដល់ស្តុបបូកគោ, បត់តាមវិថីព្រះមុនីវង្ស, កាត់តាមផ្លូវជាតិលេខ២ ឆ្ពោះទៅតាខ្មៅ ហើយត្រឡប់មកវិញ សម្រាប់ខ្សែទី៣ ចាប់ផ្តើមពីផ្សាររាត្រី បត់តាមផ្លូវលេខ ១០៦, បត់តាមវិថីព្រះនរោត្តម, កាត់តាមផ្លូវលេខ ១៣០, កាត់តាមផ្លូវ កម្ពុជាក្រោម, ឆ្ពោះទៅមហាវិថី សហព័ន្ធរុស្ស៊ី, ឆ្ពោះទៅរង្វង់មូលចោមចៅ ហើយត្រឡប់មកវិញ ដើម្បីបម្រើដល់ តម្រូវការរបស់ ប្រជាពលរដ្ឋនោះ ទើបក្រុមការងារ របស់ខ្មែរឡូត បានចុះទៅផ្ទាល់ ដើម្បីសាកសួរ ប្រជាជន ក៏ដូចជាសិស្ស និស្សិត និងអ្នកបើកបរ រថយន្តក្រុងផ្ទាល់ តែម្តង ដើម្បីចង់ដឹងថា តើពួកគាត់ យល់ឃើញ ចំពោះសេវាកម្ម រថយន្តក្រុង នេះយ៉ាងណា ហើយតើពួកគាត់ មានការគាំទ្រ សេវាកម្មនេះ យ៉ាងណា? ម្យ៉ាងវិញទៀត តើមានផលវិបាក ឬក៏បញ្ហា ណាខ្លះដែល ពួកគាត់កំពុង តែជួបប្រទះ។




ជួបជាមួយបងប្រុសម្នាក់ ដែលគាត់ជាញឹកញាប់ ឧស្សាហ៍ធ្វើដំណើរតាម រថយន្តក្រុង ដោយគាត់បាន បញ្ជាក់ប្រាប់ ខ្មែរឡូត ថា“វាពិតជាប្រសើរ ណាស់សម្រាប់ខ្ញុំ ព្រោះថាការ ធ្វើដំណើរតាម រថយន្តក្រុង បានផ្តល់នូវ សុវត្ថិភាពដល់ខ្ញុំ ហើយសម្រាប់តម្លៃ វិញក៏ធូរថ្លៃទៀតផងដែរ។ តែយ៉ាងណាមិញ ក៏មានផលវិបាក មួយចំនួន ដូចជាត្រូវចាំរថយន្តក្រុង នៅឯចំណតយូរ លើសពីការគ្រោងទុក ម្យ៉ាងវិញទៀត មានចំណតច្រើន ដូច្នេះរថយន្តក្រុង ត្រូវឈប់រហូត ដើម្បីចាំទទួលមនុស្ស ដែលនេះបានបង្ក នូវការរំខាន ខ្លះៗសម្រាប់ខ្ញុំដែរ តែយ៉ាងណាក៏ដោយ ខ្ញុំនៅតែយល់ថា សេវាកម្ម រថយន្តក្រុងនេះ ល្អសម្រាប់ខ្ញុំ ក៏ដូចជា ប្រជាជន ផ្សេងទៀតផងដែរ។

ងាកមកប្អូនស្រី ដែលជានិស្សិត នៅសាកលវិទ្យាល័យ ជាតិគ្រប់គ្រង វិញប្អូន ក៏បាននិយាយដែរថា “សេវាកម្ម រថយន្តក្រុង បានផ្តល់នូវ លក្ខណៈងាយស្រួល យ៉ាងច្រើន ហើយខ្ញុំក៏សប្បាយចិត្ត ដែរព្រោះថា ប្រទេសយើងមាន រថយន្តក្រុង ដូចប្រទេសគេដែរ តែពេលខ្លះខ្ញុំ ក៏ត្រូវចាំយូរ ផងដែរ”។

ចំពោះបញ្ហា នៃការរង់ចាំ រថយន្តក្រុង យូរបែបនេះ ខ្មែរឡូត ក៏បានសាកសួរ បងប្រុសម្នាក់ ដែលជាអ្នកបើកបរ រថយន្តក្រុង នេះផ្ទាល់ អំពីបញ្ហានេះ ហើយគាត់ក៏បាន បញ្ជាក់ថា “ដោយសារតែ មួយរយៈពេល ថ្មីនេះ រថយន្តក្រុង ជាច្រើនគ្រឿង បានខូច ទាមទារឲ្យមាន ការចំណាយពេល សម្រាប់ជួសជុល ឡើងវិញ ហេតុនេះហើយ ទើបបានជាមាន ការយឺតយ៉ាវ ក្នុងការដឹកជញ្ជូន ប្រជាពលរដ្ឋ”។

គួរបញ្ជាក់ផងដែរថា សេវាកម្ម រថយន្តក្រុង សាធារណៈ គឺជាវិធានការ មួយដែល សាលារាជធានីភ្នំពេញ បង្កើតឡើង ដើម្បីជៀសវាង នូវការកកស្ទះចរាចរ ក៏ដូចជាគ្រោះថ្នាក់ចរាចរ និងព្រមទាំង ជួយកាត់បន្ថយ ការចំណាយរបស់ ប្រជាជន ម្យ៉ាងវិញទៀត សម្រាប់ប្រជាជនក្រីក្រ សិស្ស,និស្សិត ជនចាស់ជរា និងព្រះសង្ឃ គឺមិនត្រូវ តម្រូវឲ្យបង់លុយ ក្នុងការធ្វើដំណើរ តាមរថយន្តក្រុង នេះឡើយ។ ម្យ៉ាងវិញទៀត ចាប់តាំងពីមានការ ដាក់ឲ្យដំណើរការមក ចំនួននៃប្រជាជន ដែលប្រើប្រាស់ សេវាកម្មនេះ មានការកើនឡើង ជាលំដាប់ គួរឲ្យកត់សំគាល់ ដោយពីពេលដំបូងៗ ក្នុងមួយថ្ងៃ មានប្រជាជន ប្រហែលជា ២,០០០ ទៅ៣,០០០នាក់ ប៉ុណ្ណោះឡើងជិះ រថយន្តក្រុង តែមកទល់និង ពេលនេះ ប្រជាជនជាង ១០,០០០នាក់ ហើយបានជិះ រថយន្តក្រុង ទៅមកជារៀងរាល់ថ្ងៃ៕




ចង់ដឹងច្បាស់ អំពីការយល់ឃើញ និងទឹកចិត្ត របស់ពួកគាត់ យ៉ាងណានោះ សូមទស្សនា វីដេអូខាងក្រោម ទាំងអស់គ្នា៖

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

អត្ថបទដោយ៖ កា & សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]