រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ បានធ្វើសកម្មភាពដាក់ថ្នាំ បំពុលឆ្កែប្រជាពលរដ្ឋ ងាប់អស់ចំនួន១០ក្បាល ក្នុងបំណងយកទៅលក់ ប៉ុន្តែត្រូវបានកម្លាំង ប្រជាការពារប្រទះឃើញ ឃាត់ខ្លួនបានភ្លាមៗ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

ហេតុការណ៍នោះ បានកើតឡើងកាលពី វេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៣ វិច្ឆិកា ២០១៤ នៅក្នុងភូមិស្រះសង្គម និងភូមិទួលស្រម៉ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ២នាក់ ម្នាក់ឈ្មោះ ចាន់ សំអាន អាយុ៣១ឆ្នាំ ជាអ្នករត់ម៉ូឌុប ស្រុកកំណើត នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ស្នាក់នៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ ង៉ែត បូរិន អាយុ១៩ឆ្នាំ ស្រុកកំណើត នៅភូមិពោន ឃុំត្រពាំងសិលា ស្រុកបន្ទាយមាស ខេត្តកំពត បច្ចុប្បន្នស្នាក់នៅ ផ្ទះជួលភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោសែនជ័យ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមជនសង្ស័យខាងលើ បានជិះម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-1782 ដើរបំពុលឆ្កែ នៅក្នុងភូមិខាងលើ ដោយបានយក សាច់ក្រក ប្រឡាក់ថ្នាំពុល បោះឲ្យឆ្កែស៊ី បណ្ដាលឲ្យពុលងាប់ ជាបន្តបន្ទាប់ ក្នុងបំណងយកទៅលក់ ប៉ុន្តែខណៈនោះ ត្រូវបានកម្លាំង ប្រជាការពារ ប្រទះឃើញទាន់ ក៏បានរាយការណ៍ ប្រាប់កម្លាំងប៉ូលិស ចុះទៅឃាត់ខ្លួន បានភ្លាមៗតែម្ដង៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]