រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃកម្ពុជា លោកនាយ ឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងប្រាប់ កោះសន្តិភាព តាមទូរស័ព្ទថា ការទទួលយក ជនភៀសខ្លួនមកពី ប្រទេសអូស្ត្រាលី ជាការស្ម័គ្រចិត្ត មិនមានការ បង្ខិតបង្ខំនោះទេ។ បើទោះបីលោក មិនទាន់បានឃើញ សេចក្តីថ្លែងការណ៍ របស់អង្គការ Human Right Watch ក្តី ក៏លោកសួរបញ្ជាក់ថា អ្វីដែលអង្គការនេះ បានលើកឡើងពី ស្ថានភាពជនភៀសខ្លួន មកកម្ពុជា រកឃើញថា អ្នកភៀសខ្លួនកំពុង រស់នៅដោយលំបាក ឬប្រឈម នឹងគ្រោះថ្នាក់ ដោយពួកគេ មិនត្រូវបាន យកចិត្តទុកដាក់ ធានាសិទ្ធិសេរីភាព ឱ្យបានពេញលេញ នោះមិនត្រឹមត្រូវឡើយ។

លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើង នៅព្រឹកថ្ងៃទី២៣ វិច្ឆិកា ២០១៤ ថា វាជាសិទ្ធិ ក្នុងការលើកឡើង របស់អង្កការ Human Right Watch តែកម្ពុជាបាន យកចិត្តទុកដាក់ ចំពោះជនភៀសខ្លួន ដែលកន្លងបាន មករស់នៅកម្ពុជា មិនដូចការ អះអាងរបស់ Human Right Watch នោះទេ។ កន្លងមក ប្រទេសអូស្ត្រាលី បានទទួលយក ជនភៀសខ្លួន កម្ពុជាជាច្រើន ហើយកម្ពុជាទទួលយក ជនភៀសខ្លួន ពីអូស្ត្រាលី នៅពេលនេះ ក៏មិនបង្ខំពួកគាត់ ឲ្យមកដែរ គឺតាមការស្ម័គ្រ ហើយមានន័យថា «កម្ពុជាក៏មិនទៅល្ងង់អី ទៅចិញ្ចឹមកូនគេ មិនគិតដល់កូន ខ្លួនឯងនោះដែរ»។

យោងតាមសេចក្តីថ្លែងការណ៍ របស់អង្គការអន្តរជាតិ នេះអះអាងថា ជនភៀសខ្លួន ដែលស្វែងរក សិទ្ធិជ្រកកោននៅ ប្រទេសអូស្ត្រាលី មកកាន់កម្ពុជា នឹងអាចជួបប្រទះ បញ្ហាទាំងនោះដែរ ។ ករណីនេះ អង្គការឃ្លាំមើល សិទ្ធិមនុស្សស្នើឱ្យ រដ្ឋាភិបាលនៃ ប្រទេសអូស្ត្រាលី ពិចារណាឡើងវិញ ពីគម្រោងបញ្ជូន ជនភៀសខ្លួនមកកម្ពុជា។ ចំណែករដ្ឋាភិបាលកម្ពុជា គួរតែកែសម្រួល ចំណុចខ្វះខាត របស់ខ្លួនជាមុនសិន មុននឹងទទួល ជនភៀសខ្លួនទាំងនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]