ខេត្តសៀមរាប ៖ ពេទ្យនៅតាមជនបទម្នាក់ ដែលគ្មាន សញ្ញាបត្រត្រឹមត្រូវ បានដើរចាក់ថ្នាំ តាមភូមិរហូត ដល់មានមនុស្សចាស់ ក្មេងស្លាប់ជាបន្តបន្ទាប់អស់ ចំនួន៤នាក់ ក្នុងភូមិសាស្រ្តឃុំខ្វាវ ហើយបច្ចុប្បន្ននេះ នៅតែមិនទាន់ឃើញ មានសមត្ថកិច្ច ពាក់ព័ន្ធណាមួយ ចេញមុខចាត់ការករណីនេះទៅតាម ផ្លូវច្បាប់នៅឡើយទេ ដោយគ្រាន់តែចេញ ប្រាក់សំណង ជម្ងឺចិត្ត ចំនួន២ម៉ឺនរៀល ឲ្យទៅម្តាយ ជនរងគ្រោះ ដើម្បីបញ្ចប់រឿងតែប៉ុណ្ណោះ។ ហេតុការណ៍ គ្រូពេទ្យគ្មានជំនាញ ចាក់ថ្នាំ បណ្តាលឲ្យស្លាប់ក្មេងស្រី ម្នាក់ បានកើតឡើង នៅថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៤នេះ ស្ថិតក្នុងភូមិក្រាំង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ។

ក្មេងស្រីរងគ្រោះ ដែលត្រូវគ្រូពេទ្យ ចាក់ថ្នាំ បណ្តាលឲ្យស្លាប់ នោះ មានឈ្មោះ លន់ ចាន់ធី ភេទស្រី អាយុ១ខួប៥ខែ រីឯម្តាយ ជនរងគ្រោះ មានឈ្មោះ ថន សុភឿន អាយុ២៨ឆ្នាំ រស់នៅភូមិឃុំខាងលើ (ជាស្រ្តីមេម៉ាយ) ។ សាក្សីដែលបានឃើញ ហេតុការណ៍ខាងលើ បានប្រាប់កោះសន្តិភាពតាទូរស័ព្ទ នៅរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ថា នាងខ្ញុំបានឃើញ ម្តាយឲ្យក្មេងស្រី ដែលកូននោះ មានអាការៈក្តៅខ្លួនខ្លាំង រហូតដល់ប្រកាច់ ទើបម្តាយក្មេងរងគ្រោះ នោះ បានទៅហៅពេទ្យ ឲ្យមកព្យាបាល ហើយឃើញពេទ្យ មកដល់ក៏ចាក់ថ្នាំ និងបញ្ចូលស៊ីរ៉ូម ប៉ុន្តែភ្លាមៗ ជនរងគ្រោះកាន់តែមាន សភាពធ្ងន់ធ្ងរឡើងៗ ទើបម្តាយ បានបញ្ជូន កូនមកកាន់មណ្ឌលសុខភាព ឃុំខ្វាវ តែត្រូវបានស្លាប់ នៅពាក់កណ្តាលផ្លូវ ហើយត្រូវបានម្តាយយក ត្រឡប់ទៅផ្ទះវិញ ។ សាក្សីបានបន្តទៀតថា ពេលឃើញហេតុការណ៍ កើតឡើង យ៉ាងដូច្នេះ គ្រូពេទ្យខាងលើនេះ បានឲ្យប្រាក់ទៅម្តាយជនរងគ្រោះ ចំនួន២ម៉ឺន រៀល តែប៉ុណ្ណោះដើម្បីបញ្ចប់រឿង ហើយគ្រូពេទ្យនោះ បា្រប់ម្តាយ ក្មេងស្រីថា កុំឲ្យដើរប្រាប់គេទៀតឲ្យសោះ ។

ចំណែកគ្រូពេទ្យ ដែលព្យាបាល ក្មេងស្រី បណ្តាលឲ្យស្លាប់នោះ មានឈ្មោះ រុំ សាត មិនអាចសុំការ ពន្យល់អំពីករណី ខាងលើនេះ បានទេដោយសារទូរស័ព្ទ របស់លោក នៅក្រៅតំបន់សេវា ទាំង២ខ្សែ ។ លោក សួស ណារិន មន្ត្រីស៊ើបអង្កេត នៃអង្គការអាដហុក ប្រចាំខេត្តសៀមរាបបានមានប្រសាសន៍ ប្រាប់នៅរសៀលនេះថា ម្តាយជនរងគ្រោះ មិនទាន់បានដាក់ពាក្យបណ្តឹង ដល់កន្លែងលោកនោះទេ ។ លោកបន្តថា បើតាមព័ត៌មានពីអ្នកភូមិ បានប្រាប់ថា ម្តាយជនរងគ្រោះ គឺជាគ្រួសារមួយ ដ៏ក្រីក្រដូច្នេះ គាត់មិនមានជំរើសអ្វី ក្រៅពីទទួលយកសំណង បន្តិបន្តួចដើម្បីបញ្ចប់រឿងនោះទេ។ លោកបន្តទៀតថា នៅក្នុងឆ្នាំនេះលោក ទទួលបានពាក្យបណ្តឹង ចំនួន២លើក ក្នុងករណីគ្រូពេទ្យ គ្មានសញ្ញាបត្រមកដើរព្យាបាលអ្នកជម្ងឺ រហូតដល់ស្លាប់នេះ ។ លោកបន្ថែមទៀតថា ក្រសួងសុខាភិបាល គួរតែមានវិធានការឲ្យបានតឹងរឹង ទៅលើគ្រូពេទ្យ មួយចំនួនដែលគ្មានសញ្ញាបត្រត្រឹមត្រូវ ដើម្បីយកមកអប់រំ និង ចាត់ការទៅតាមផ្លូវច្បាប់ ព្រោះនៅប្រទេសជឿនលឿន មួយចំនួន គ្រូពេទ្យគេមានជំនាញច្បាស់លាស់ណាស់ ។

លោកវរសេនីយ៍ទោ តូច សាកល អធិការស្រុកជីក្រែង បានមានប្រសាសន៍ តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២២ ខែ វិច្ឆិកា ថា គ្រូពេទ្យឈ្មោះ រុំ សាត ពិតជាមានមែន នៅឃុំខ្វាវ ប៉ុន្តែគ្រូពេទ្យនោះគ្មានលើកស្លាកយីហោឬដាក់លក់នៅតាមផ្សារ នោះតទេ ព្រោះគាត់តែងដែលចាក់ថ្នាំ ឲ្យប្រជាពលរដ្ឋនៅតាមភូមិ ចំណែកជនរងគ្រោះដែលស្លាប់នោះ លោកពុំទាន់ បានដឹងច្បាស់ទេ ដោយគ្រាន់ដឹងថា មានករណីស្លាប់ អញ្ចឹងមែន ហើយលោកក៏បានបញ្ជាឲ្យលោក មេប៉ុស្តិ៍ ទៅធ្វើការស៊ើបអង្កេត នៅកន្លែងកើតហេតុ ឲ្យបានច្បាស់ ព្រោះករណីនេះ ម្តាយជនរងគ្រោះ មិនទាន់បានដាក់ពាក្យបណ្តឹងអធិការ ស្រុកនោះទេ ។ លោកបន្តថា រងចាំការស៊ើបអង្កេតសិន ប៉ុន្តែរឿងនេះលោក ចាំមើលខាងម្តាយ ដាក់ពាក្យបណ្តឹង ឲ្យបានដឹងច្បាស់លាស់សិន ទើបលោក ធ្វើសេចក្តីរាយការណ៍ មួយទៅឲ្យគណៈបញ្ជាការ ឯកភាពស្រុក ដើម្បីឲ្យស្រុកចាត់ការ រៀបចំទៅមន្ទីរសុខាភិបាល ខេត្ត ព្រោះរឿងនេះជារឿង របស់ខាងមន្ទីរសុខាភិបាល ខេត្តតែប៉ុណ្ណោះ។

ជុំវិញព័ត៌មានខាងលើនេះ លោក គ្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប មិនអាចទាក់ទង សុំការពន្យល់ បានទេ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកានេះ ដោយសារ ទូរស័ព្ទរបស់លោក នៅក្រៅតំបន់សេវា ។

គួររំលឹកផងដែរថា ករណីគ្រូពេទ្យ គ្មានជំនាញត្រឹមត្រូវ ច្បាស់លាស់ នៅឃុំខ្វាវ ស្រុកជីក្រែង ដូចករណីគ្រូពេទ្យ គ្មានសញ្ញាបត្រ នៅស្រុកប្រាសាទបាគង ដែលព្យាបាល អ្នកជម្ងឺបណ្តាល ឲ្យស្លាប់ក្មេងស្រី ម្នាក់ រហូត មកដល់ចុងសបា្តហ៍នេះ មានចំនួន៥នាក់ នៅក្នុងខេត្តសៀមរាប តែរហូតមកដល់ពេលនេះនៅមិនទាន់មានចំណាត់ការណាមួយ ឲ្យបានតឹងតែង ពីសំណាក់អាជ្ញាធរ ពាក់ព័ន្ធ ជាពិសេសខាង មន្ទីរសុខាភិបាលខេត្តសៀមរាប ដោយសារ មានភាពធូរលុង ទើបបណ្តាលឲ្យ គ្រូពេទ្យដែលគ្មានសញ្ញាបត្រ កើតមាន ដូចស្រមោច ធ្វើឲ្យមជ្ឍដ្ឋាននានា រិះគន់មិនដាច់ពីមាត់ ថាតើនៅមនុស្ស ប៉ុន្មាននាក់ ដែលស្លាប់ ដោយសារគ្រូពេទ្យនោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]