ប៉ៃលិន ៖ អំពើឃាតកម្ម ដុតសម្លាប់ ស្មៀនឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ប្រពន្ធ និងកូនស្រី អាយុទើប៦ខែ បណ្តាលឲ្យ ស្លាប់ក្នុងផ្ទះ យ៉ាងសាហាវ ឃោឃៅនោះ ឥឡូវនេះកម្លាំង នគរបាល ខេត្ត ប៉ៃលិន ក្រោមការ ដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ ស្នងការ នគរបាល ខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ត្រី ជា ចាន់ឌិន បានបំបែកបានហើយ ពោលបាន ឃាត់ខ្លួន ជនដៃដល់ កាលពី រសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ នោះ គឺជាបងថ្លៃ របស់ជនរងគ្រោះជាភរិយា (ប្រពន្ធជនដៃ ដល់ និងជនរងគ្រោះ ជាប្រពន្ធ ស្មៀនឃុំ សាលាក្រៅ ជាបងប្អូនបង្កើត)។

ស្នងការនគរបាល ខេត្តប៉ៃលិន លោកឧត្តមសេនីយ៍ ជា ចាន់ឌិន បានបញ្ជាក់ថា មូលហេតុ ដែលនាំឲ្យ ជនសង្ស័យ សម្លាប់ជនរងគ្រោះ មួយគ្រួសារខាងលើនេះ ដោយសារតែ រឿងកេរមរតក និងខឹង ជនរងគ្រោះ ជាប្តីមើលងាយខ្លួន ។ បើតាមលោកស្នងការ ជនសង្ស័យ រូបនេះ បានធ្វើ សកម្មភាព តែម្នាក់ ឯង នោះទេ ពោលពុំមានបក្ខពួកផ្សេង ទៀតនោះឡើយ។

លោកឧត្តមសេនីយ៍ ជា ចាន់ឌិន បានបន្តទៀតថា ក្រោយមានករណី អំពើឃាតកម្ម ដ៏សហាវ ខាងលើនេះ កើតឡើងភ្លាម និងនាំឲ្យ មានការភ្ញាក់ផ្អើល  ដល់ប្រជាពលរដ្ឋ ទូទាំង ខេត្តប៉ៃលិននោះ លោកបានដឹកនាំ កម្លាំង នគរបាល ជំនាញ ព្រហ្មទណ្ឌ និងកម្លាំងនគរបាល មូលដ្ឋាន បើកការស្រាវជ្រាវ យ៉ាងយក ចិត្ត ទុកដាក់ រហូតតាមចាប់ជនសង្ស័យរូបនេះតែម្តង ។

លោកស្នងការ បានបន្តថា ពេលឃាត់ខ្លួនភ្លាមៗ ជនសង្ស័យមិនព្រមសារភាពនោះទេ ប៉ុន្តែដោយសារតែ មន្រ្តីនគរបាល របស់លោក សួរចំចំណុចស្រាប់តែ ជនសង្ស័យ ដឹងខ្លួន រត់បុកជញ្ជាំង និងបុកសមត្ថកិច្ច របស់លោក រត់ចេញពីស្នងការដ្ឋាន ទើបនគរបាល បង្ខំចិត្ត បាញ់ភ្ជច់ដី បណ្តាលឲ្យខ្ទាចដំថ្ម ចំជើង រងរបួស ។

លោក ជា ចាន់ឌិន បានថ្លែងថា ក្រោយការជជីកសួរនាំ រួចមក ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានសម្លាប់ជនរងគ្រោះ និងក្រុមគ្រួសារមែន ដោយវាយនឹងដែកបំពង់ទីប បន្ទាប់មកយក ខ្សែភ្លើងរឹតក ហើយយកសព ទៅដុតបំផ្លាញចោលតែម្តង ។

លោកស្នងការ បានបញ្ជាក់ ទៀតថា មុនពេលកើតហេតុ ជនសង្ស័យបានត្រៀមដែកបំពង់ទីប ដែលយកពី ផ្ទះឪពុកក្មេក រួចជាស្រេច ទុកនៅក្បែរផ្ទះ ជនរងគ្រោះ ពេលនោះ បានហៅ ជនរងគ្រោះ ដោយកុហកថា មានពស់វែក ។ ខណៈជនរងគ្រោះ កំពុងឈ្ងោក មើលពស់វែក ស្រាប់តែជន សង្ស័យបាន យកដែក បំពង់ទីប វាយចំកញ្ចឹងក ពីក្រោយបណ្តាល ឲ្យសន្លប់ និងដួលផ្កាប់ មុខ ។

បន្ទាប់មក ជនសង្ស័យ បានហៅ ប្រពន្ធរបស់ជនរងគ្រោះ មកមើលប្តីវាយសត្វពស់វែក ហើយស្រ្តីជាប្រពន្ធ បានមកមើលក៏ត្រូវ ជន សង្ស័យវាយនឹងដែកបំពង់ទីប បណ្តាលឲ្យ ចំកញ្ចឹងកសន្លប់ ដូចគ្នា រួចបាន យកខ្សែភ្លើងមករឹតក ស្លាប់ ទាំង២នាក់ ។ ក្រោយសម្លាប់ ជនរងគ្រោះទាំង២នាក់ហើយ ជន សង្ស័យ បានទៅច្របាច់ច្រមុះ និងសង្កត់ដើមទ្រូងកូនស្រី ជនរងគ្រោះរហូតស្លាប់ ។

រួចមក ជនសង្ស័យរូបនេះ បានយកសពជនរងគ្រោះទាំង៣នាក់ ដាក់លើគ្រែ ហើយយកប្រេងម៉ាស៊ូត មួយប៊ីដុងកន្លះ ចាក់អស់មួយប៊ីដុង និងកន្លះប៊ីដុង ដាក់នៅសងខាងផ្ទះ ហើយដុតសម្លាប់ចោល ដើម្បីបំបិតភស្តុតាងតែម្តង។

បើតាមការឲ្យដឹងពី លោកស្នងការ ជនសង្ស័យរូបនេះមាន ឈ្មោះ ឆោម ចំរើន អាយុ៣២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ជាមួយជនរងគ្រោះ ជាប្អូនថ្លៃស្រី។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ស្ថិតក្រោមការ ព្យាបាល សួរនាំ និងត្រៀមកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការ តាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា អំពើឃាតកម្ម យ៉ាងសាហាវ មួយបានធ្វើឱ្យមាន ការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅទូទាំង ខេត្ដប៉ៃលិន ដោយសារតែ ឃាតក បានចូលទៅសធ្វើ ឃាតបុរស ជាស្មៀន ឃុំសាលាក្រៅម្នាក់ ដោយរឹតក រួច ហើយយក ប្រេងសាំងចាក់ដុត ផ្ទះសម្លាប់ អស់មួយ គ្រួសារទាំងប្រពន្ធ និងកូនស្រីអាយុទើប៦ខែ ។

ករណីឃាតកម្ម បិទមុខខាងលើនេះ ត្រូវ បានគេអះអាងថា បានកើតឡើង កាលពី វេលាម៉ោងជាង ១រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិអូរ៧៥ ឃុំអូរអណ្ដូង ស្រុកសាលា ក្រៅ ខេត្ដប៉ៃលិន ។

មន្រ្តីនគរបាលខេត្តប៉ៃលិន បានឱ្យដឹងថា ជនរងគ្រោះ ដែលស្លាប់ក្នុង ហេតុការណ៍ អំពើឃាតកម្មនេះ ទី១-ឈ្មោះ ហេង រ៉ាវី ភេទប្រុស អាយុ២៨ឆ្នាំ ត្រូវជាប្ដី ដែលមានមុខរបរ ជាស្មៀន ឃុំសាលា ក្រៅ ស្រុកសាលាក្រៅ និងជា ម្ចាស់សៃឡូ ទទួលទិញ ពោតដំឡូងផងដែរ ទី២-ឈ្មោះ ធី ផល ឡៃ អាយុ២៤ឆ្នាំ ត្រូវជាប្រពន្ធ មុខរបរលក់អីវ៉ាន់ ចាប់ហួយ និងទី៣ ឈ្មោះ ហេង ម៉េងជូ កូនស្រី អាយុ ៦ខែ រស់នៅក្នុងបន្ទុក អ្នកទាំង៣ រស់នៅ ភូមិឃុំកើតហេតុខាង លើ។

ប្រភពព័ត៌មានពី មន្រ្តីនគរបាល បានឱ្យដឹងថា នៅម៉ោងប្រមាណ ជាង១រំលងអាធ្រាត្រ គេមានការ ភ្ញាក់ផ្អើល ដោយសារតែមានអគ្គិ ភ័យឆាបឆេះផ្ទះតៀម ដែលសង់ពីឈើ ដែល គេស្គាល់ថា គឺជាផ្ទះរបស់ ស្មៀនឃុំ ។ ក្រោយភ្លើងឆាបឆេះពេញទំហឹង និងអ្នកស្រុកនាំគ្នា ជួយពន្លត់ គេបានរក ឃើញថា នៅក្នុងគំនរ ផេះមានសពចំនួន៣នាក់ បានឆេះស្លាប់ស្ទើរ តែក្លាយទៅជា ធ្យូងទៅហើយ ដែលគេដឹង ថា គឺជាគ្រួសារដែលមានប្ដី-ប្រពន្ធ និងកូន ស្រី ។

ក្នុងនោះជំហានដំបូងគេបានធ្វើការសន្និ ដ្ឋានថា ករណីអគ្គិភ័យ ឆេះសម្លាប់មនុស្ស ទាំងគ្រួសារខាង លើនេះ វាមិនមែនជារឿង ឧប្បត្ដិហេតុ គ្រោះអគ្គិភ័យនោះឡើយ គឺ អាចជាករណី ឃាតកម្ម ចាក់សាំងដុតផ្ទះ សម្លាប់មនុស្ស ព្រោះប្រសិនបើជាឧប្បត្ដិ ហេតុគ្រោះ អគ្គិភ័យធម្មតា ជនរងគ្រោះ អាចនឹងរត់រួច ដោយសារតែផ្ទះដែលឆេះ គឺ សាងសង់ ពីឈើ មានទំហំតូចតែប៉ុណ្ណោះ ។

បើតាមសម្ដីបងប្រុសជនរងគ្រោះឈ្មោះ ឆោម ចំណាន អាយុ៣២ឆ្នាំ ដែលមាន ផ្ទះជាប់គ្នាបានរៀបរាប់ថា វេលាម៉ោង១២ រលងអធ្រាត្រ នៅពេលដែលគាត់កំពុងតែ លង់លក់ស្រាប់តែឮស្នូររប៉េះរប៉ោះ ហើយ ឃើញភ្លើងក្រហម គាត់ក៏រត់ចេញមកក្រៅ ទើបឃើញភ្លើងកំពុង ឆាបឆេះផ្ទះរបស់បង ខ្លួន។

ពេលនោះគាត់ក៏បានឃើញម៉ូតូជន សង្ស័យ២គ្រឿងបានជិះចេញ បន្ទាប់មក គាត់ក៏បានស្រែកហៅឱ្យ អ្នកជិតខាង ជួយពន្លត់ ភ្លើង ទើប ដឹងថាបងនិងក្មួយរបស់ខ្លួនបាន ស្លាប់បាត់ទៅហើយ។  

សពជនរងគ្រោះទាំងបីនាក់ ឪពុកម្ដាយ និងកូនស្រី ក្រោយពីសមត្ថកិច្ច ពិនិត្យកោ សល្យវិច័យរួចមក បានប្រគល់ទៅឱ្យក្រុម គ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃណីដោយ ក្ដីអាលោះអាល័យជាទីបំផុត ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]