ខេត្តកំពត៖ រថយន្តមួយគ្រឿង ប្រភេទសណ្តោងកន្ទុយ ដែលគេនាំគ្នាហៅ បែបសាមញ្ញថា «អាខ្លាពាំ» ដែលដឹកគោ ទៅស្រុកយួន បាន ក្រឡាប់ ធ្លាក់ប្រឡាយ បះជើងឡើងលើកប់់ ក្នុងទឹក ធ្វើឱ្យគោ ប្រមាណជិត ៤០ក្បាលងាប់ កាលពីវេលា ម៉ោង៣រសៀល ថ្ងៃទី២០ វិច្ឆិកា នៅលើកំណាត់ ផ្លូវក្រាលក្រួស ក្រហមមួយខ្សែ ដែលនៅចម្ងាយតែ ១គីឡូម៉ែត្រទៀត ដល់ព្រំដែនវៀតណាម ទៅហើយ ក៏ជួបឧបទ្ទវហេតុ នេះ នៅក្នុងភូមិខ្នាយ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស ។ រហូតមកដល់វេលា រសៀលថ្ងៃទី២១ វិច្ឆិកា ខ្មោចគោដែលងាប់ កប់ក្នុងទឹក ស្រង់ បានបណ្តើរៗហើយ នៅច្រើនក្បាលទៀត ងាប់កប់ក្នុងភក់ មិនទាន់ស្រង់យកបាន ។ រីឯរថយន្តក៏មិនទាន់ ស្ទូចឡើងគោកបាន នៅ ឡើយទេ ។

អ្នកមើលការ ខុសត្រូវនៅកន្លែង មានគ្រោះថ្នាក់ បាននិយាយថា រថយន្តប្រភេទខ្លាពាំ សណ្តោង រុឺម៉កវែងនេះ ដឹកគោមានតូចមាន ធំចំនួន ១០៦ ក្បាល ក្នុងទិសដៅពីជើង ទៅត្បូងឆ្ពោះ ទៅស្រុកយួន តែពេលមកដល់ ចំណុចខាងលើ ក៏បានបង្កើនល្បឿន ប្រុងជែងរថយន្តដឹក ស្រូវ ដែលបើកបរ យឺតៗនៅខាង មុខ មិនដឹងយ៉ាងម៉េច ក៏ស្រុតកង់រុឺម៉ក ទាញផ្អៀងដាច់ ក្រឡាប់ចូលទៅក្នុង ទឹកប្រឡាយដែល មានជម្រៅ ទឹក ជាងមួយ ម៉ែត្រ សង្កត់ គោឈ្លក់ទឹក ឈ្លក់ភក់ ងាប់ទាំងតូច ទាំងធំរដូករណែល ។ អ្នកទទួលខុសត្រូវ នៅទីនោះនិយាយថា កុំអីមិនមាន គោ ងាប់ច្រើន បែបនេះទេ តែធម្មតារថយន្ត ដឹកគោត្រូវ ចងឈើ ពីលើគោបន្ថែម ខ្លាចគោផ្លោះរួច ។ លុះពេលក្រឡាប់ គោប្រៀបដូចជាប់ ក្នុង ទ្រុង ហើយលិចក្នុង ទឹកជម្រៅ ជាងមួយម៉ែត្រទៀតនោះ ក៏ឈ្លក់ងាប់ជា ច្រើនក្បាលបែបនេះ ប៉ុន្តែមានភាគច្រើន បានស្ទុះជាន់គ្នារត់រួចដែរ ។

គេមិនទាន់ដឹងថា អ្នកបើករថយន្ត បណ្តាលឱ្យងាប់សត្វ ច្រើនបែបនេះ ត្រូវមានទោសពៃរ៍ ឬក៏អត់នោះទេ ។ យ៉ាងណាក៏ដោយ ពេលកើត ឧប្បត្តិហេតុ អ្នកបើកបរ រថយន្តបានរត់គេច ខ្លួនបាត់ទៅហើយ អត់ឱ្យមាន ទោសទាន់ទេ ។ ចំណែកខ្មោចគោ ត្រូវក្រុមកម្មករ ចុះរាវក្នុងទឹក សែងចេញតាំងពី ម៉ោង២រសៀល រហូតម៉ោងជិត៥ល្ងាច ថ្ងៃទី២០ វិច្ឆិកា យកខ្មោចគោ ចេញមិនទាន់អស់ទេ ប៉ុន្តែគេឃើញក្រុម ឈ្មួញ វៀតណាម ឡើងមកចាំទិញ គោដែលងាប់ និងនៅរស់ជា បន្តបន្ទាប់ ។ ការយឺតយ៉ាវមិនទាន់ ស្រង់ខ្មោចគោអស់ និងមិនទាន់ស្រង់ រថយន្ត ឡើងគោក គឺដោយសាររង់ចាំ រថយន្តស្ទូច ។

ប្រភពព័ត៌មានចុង ក្រោយរាយការណ៍មកថា រហូតមកដល់ល្ងាច ថ្ងៃទី២១ វិច្ឆិកា នេះ រថយន្តដែលធ្លាក់ចូល ទឹកបានស្ទូចឡើងគោកហើយ ។ តំណាងក្រុមហ៊ុន ដែលទៅចាត់ចែងក្នុងរឿងនេះ បាននិយាយថា គោតូចធំដែល ងាប់ពិតប្រាកដមាន  ចំនួន៣១ក្បាល ។ ក្រៅពីនោះ សុទ្ធតែបាក់ជើង របួស ត្រូវបានចាប់ចង ប្រមូលទុកម្តុំ ហើយត្រូវបានលក់ ទៅឱ្យឈ្មួញវៀតណាម ទូទាត់លាត់សើយ ភ្លាមៗអស់ទៅហើយ ដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]