ចិន៖ ស្ត្រីជាម្តាយ នាមត្រកូល Ding ជាអ្នកស្រុក គ័ងចូវ បានទិញកុំទ្យូទ័រមួយតឹក ចំនួន មួយគ្រឿង សំរាប់កូនៗ ទាំង ៤នាក់ របស់គាត់ ដែលមានអាយុ ចន្លោះពី ២ ដល់ ១១ឆ្នាំ ទុករៀនសូត្រ ប៉ុន្តែអ្នកស្រី មិនបានដឹងទាល់តែសោះ ថានៅក្នុង Hard Drive របស់កុំព្យូទ័រនោះ មានអ្វីខ្លះ។

ប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកស្រី Ding មានការមមាញឹក នឹងការងារ មិនមានពេល នៅចាំមើលថែ កូនៗ បានយូរឡើយ ដោយបានទិញកុំព្យូទ័រចាស់មួយគ្រឿង ឲ្យកូនរបស់គាត់ ទុកចុចរៀន នៅផ្ទះ ហើយគាត់ ក៏សប្បាយចិត្តដែរ ដែលឃើញកូនៗ យកចិត្តទុកដាក់ ប្រឹងប្រែង ស្វែងយល់អំពី កុំព្យូទ័រ ដែលអ្នកស្រី បានទិញឲ្យនោះ ហើយអ្នកស្រី Ding ក៏មិនបានចាប់អារម្មណ៍ អ្វីច្រើននោះដែរ។

កន្លងផុតទៅមួយខែ ពេលមួយ ដែលគាត់ត្រឡប់មកពីធ្វើការវិញ គាត់ឃើញ កូនៗ ទាំងបួននាក់ កំពុងប្រជុំក្បាលគ្នា មើលកុំព្យូទ័រនោះ យ៉ាងជក់ចិត្តដិតអារម្មណ៍ ហើយដោយឃើញដូច្នោះ អ្នកស្រី Ding ក៏ឆ្លៀតមកមើល ពួកគេបន្តិចទៅ ប៉ុន្តែពេលមកដល់ គាត់មានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថា នៅលើអេក្រង់កុំព្យូទ័រ ដែលកូនៗ របស់គាត់ កំពុងមើលនោះ ជាវីដេអូអាសអាភាស ទៅវិញ។

ក្រោយពីបានដឹងរឿងនេះរួច អ្នកស្រី រន្ធត់ចិត្តជាខ្លាំង និងបានសួរនាំ ឪពុកក្មេក របស់គាត់ ដែលជាអ្នក នៅមើលថែ ក្មេងៗនៅផ្ទះ។ ឪពុកក្មេកអ្នកស្រី បានប្រាប់មកវិញថា គាត់មិនសូវ ជាយល់អំពី គ្រឿងអេឡិចត្រូនិច អស់នោះឡើយ តែគាត់បានដឹងថា ពួកក្មេងៗ តែងតែចំណាយពេល មើលកុំព្យូទ័រ រាល់តែថ្ងៃ រយៈពេល មួយខែមកហើយ។

ក្នុងនោះ អ្នកស្រី Ding បានព្យាយាម លុបវីដេអូអាសអាភាស ទាំងនោះចេញពីក្នុង កុំព្យូទ័រដែរ ប៉ុន្តែមិនបានសំរេចសោះ ហើយដោយមិនដឹងធ្វើយ៉ាងណា គាត់ក៏ត្រឡប់ ទៅកាន់ហាងលក់កុំព្យូទ័រ ដែលគាត់ បានទិញនោះ និង សួរនាំឲ្យច្បាស់ អំពីរឿងនោះ ជាមួយម្ចាស់ហាង។ ការឆ្លើយតប របស់ម្ចាស់ហាង បានបកស្រាយថា កុំព្យូទ័រ ដែលអ្នកស្រី Ding ទិញ ជារបស់មួយតឹក ដូច្នេះហើយ វាអាចមកពី ម្ចាស់មុន មិនបានលុបចោល ពេលដែលយកមកលក់ ហើយបើថា ក្មេងៗ Download ពីអ៊ិនធើណេត ខ្លួនឯងវិញ មិនអាចទៅរួចទេ ព្រោះកុំព្យូទ័រនោះ គ្មានបំពាក់បច្ចេកវិទ្យា Wireless ឬ កន្លែងដោតឌុយ អ៊ិនធើណេត អ្វីឡើយ៕

រូបតំណាង

ប្រភព៖ Tomonews

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]