កណ្តាល៖ ជនរងគ្រោះពីរនាក់ ប្តីប្រពន្ធ ត្រូវក្រុមចោរ១ក្រុម មានគ្នា៣នាក់ ជិះម៉ូតូដេញតាម កាប់ចាក់ប្លន់ បណ្តាលឲ្យរងរបួស ធ្ងន់ទាំងពីរនាក់ និងចៅស្រីម្នាក់ ពុំមានរងរបួស ប្លន់យកម៉ូតូមួយ គ្រឿងបានសម្រេច ជិះរត់គេចមិនរួច ក៏ផ្តួលម៉ូតូចោល រត់គេចខ្លួនបាត់ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ៤និង០០ នាទីទៀបភ្លឺ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុចភូមិ ព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សាច់ញាតិរបស់ ជនរងគ្រោះឲ្យដឹងថា ជនរងគ្រោះឈ្មោះ គួយ អ៊ាវ ភេទប្រុស អាយុ ៦១ឆ្នាំ មុខរបរកសិករ (ត្រូវជាប្តីជា អ្នកបើកបរម៉ូតូ) របួសដៃខាងឆ្វេង មួយកន្លែង និងប្រពន្ធឈ្មោះ លី គ្រុយ អាយុ ៥៨ឆ្នាំ មុខរបរកសិករ រងរបួសមុតលើ ពោះមួយកន្លែង និងចៅស្រីម្នាក់ ពុំមានរង របួសនោះទេ។ ទាំងពីរនាក់ប្តីប្រពន្ធ រស់នៅក្នុង ភូមិពោធិ៍រាមា ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ម៉ូតូដែលក្រុម ចោរធ្វើសកម្មភាព ប្លន់បានសម្រេចនោះ ម៉ាកហុងដាសេ ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ប.មានជ័យ 1K.0852។ ចំណែកឯជន សង្ស័យវិញ មានគ្នា៣នាក់ ពុំត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ជិះម៉ូតូមួយគ្រឿង ប្រដាប់ដោយកាំបិត និង ដំបងដែក។

ប្រភពបានបន្តថា មុនពេលកើត ហេតុជនរងគ្រោះ បានជិះម៉ូតូឌុបប្រពន្ធ និងចៅស្រីម្នាក់ ដោយចេញពី ផ្ទះបងប្អូននៅ ក្រុងតាខ្មៅ ក្នុងគោលបំណង ឆ្ពោះទៅផ្ទះ នៅភូមិពោធិរាមា លុះជិះម៉ូតូ មកដល់កន្លែង កើតហេតុ ស្រាប់តែជនសង្ស័យ ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ពុំចាំស្លាកលេខ បានជិះតាមពីក្រោយ មកកៀរម៉ូតូ ជនរងគ្រោះផ្តួល រួចហើយគ្នាវា ម្នាក់នៅពីក្រោយ កាន់ដំបងដែក មកវាយជនរង គ្រោះជាប្តី ត្រូវដៃខាងឆ្វេង បណ្តាលឲ្យរបួសរយះ ហើយគ្នាវាម្នាក់ទៀត ក៏យកកាំបិតមក ចាក់ស្រ្តីជាប្រពន្ធ បណ្តាលឲ្យរងរបួស រយះពោះស្ទើរធ្លាយ ភ្លាមៗនោះដែរ គ្នាវាម្នាក់បានលើក ម៉ូតូរបស់ជនរងគ្រោះ ជិះត្រឡប់ ក្រោយទៅទិស ខាងជើងវិញ និងពីរនាក់ទៀត បានជិះម៉ូតូរបស់ពួកវា ទៅតាមក្រោយ។

ភ្លាមៗនោះដែរ លោក សេង សុជាតិ អធិការនគរបាល ស្រុកស្អាង បន្ទាប់ពីទទួលព័ត៌មាន បានដឹកនាំកម្លាំង ជាច្រើន ធ្វើការពួកស្ទាក់ និងដេញជនសង្ស័យ យ៉ាង ប្រផាត់ប្រភីង រហូតហួសវត្ត ឈូងលៀប ដោយសារតែ នគរបាលដេញ តាមប្រគៀកប្រកិត ពេក ធ្វើឲ្យក្រុមចោរ ជិះរត់មិនរួច ក៏ផ្តួលម៉ូតូរត់ ចូលព្រៃយកតែព្រះ អាយុបាត់អស់។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវ បាននគរបាល ហៅរថយន្តសង្គ្រោះ ដឹកយកមកកាន់ មន្ទីរពេទ្យ ស្រុកស្អាង ដើម្បីជួយ សង្គ្រោះជាបន្ទាន់៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]