អង់គ្លេស៖ នាឡិកា បុរាណមួយ ដែលគេ ចាត់ទុកថា ជានាឡិកាដែលស្អាត និងថ្លៃជាងគេ នៅលើលោកនោះ ពេលនេះត្រូវបាន គេសង្ស័យថា មានជាប់នូវ បណ្តាសា ដោយសារតែ បុគ្គលណាក៏ដោយ ឲ្យតែ ហ៊ានទិញនិង យកនាឡិកា នោះទៅទុកប្រើតែងតែ ជួបរឿងអប្បមង្គល និងស្លាប់ ដោយសារជំងឺ និង គ្រោះថ្នាក់ផ្សេងៗជា រឿយៗ។

ម្ចាស់ចុងក្រោយ របស់នាឡិកា តំលៃ ១៥ លានផោន (ជាង២៣ លានដុល្លារអាមេរិក) ខាងលើ គឺ លោក Mohammed Al-Thani ក៏ទើបតែស្លាប់ កាលពីសប្តាហ៍មុន នេះដែរ នៅផ្ទះរបស់ លោក ក្នុងទីក្រុងឡុងដ៍។ មហាសេដ្ឋីវ័យ៤៨ ឆ្នាំ ជនជាតិកាតារូបនោះ គឺជាមនុស្សម្នាក់ ដែល ចូលចិត្ត ប្រមូលទិញ វត្ថុបុរាណ ចាស់ៗ យកមករក្សាទុក។ Mohammed Al-Thani បានទិញ នាឡិកាឈ្មោះ The Graves មកជាង ១៥ ឆ្នាំទៅហើយក្នុងតំលៃ ១១ លានដុល្លារ អាមេរិក ពីមនុស្ស ម្នាក់ ដែលគេ មិនបានដឹង ពីអត្តសញ្ញាណ ហើយគាត់ក៏មាន គំរោងយកវាទៅដាក់ លក់បន្តផងដែរ តែផែនការនេះ ត្រូវអាក់ខានទៅវិញ ដោយសារតែរូបគាត់បាន ស្លាប់ដោយសារជំងឺបេះដូង ។

កាលពីឆ្នាំ ១៩២៥ ម្ចាស់ដំបូង របស់នាឡិកា បុរាណនេះ គឺលោក Henry Graves បានលក់វា ឲ្យទៅ បុរសម្នាក់ឈ្មោះ Patek Phillipe។ ៧ ខែបន្ទាប់ មិត្តជិតស្និទ្ធរបស់លោក Graves បានស្លាប់ ហើយក្រោយមក កូនប្រុសរបស់គាត់ ក៏បានស្លាប់ក្នុង គ្រោះថ្នាក់ចរាចរណ៍ បន្តបន្ទាប់គ្នា។


លោក Al-Thani ដែលជាម្ចាស់ ចុងក្រោយរបស់នាឡិកា The Graves ទើបតែស្លាប់ ពេលថ្មីៗនេះ

គូសបញ្ជាក់ផងដែរថា មូលហេតុដែលធ្វើឲ្យ នាឡិកា The Graves នេះ មានតំលៃថ្លៃ គឺដោយសារតែ អាយុកាលរបស់វា ជាពិសេសគឺ វាធ្វើឡើងពីមាស និងមានភ្ជាប់ ជាមួយមុខងារ ស្មុគស្មាញផ្សេងជាច្រើនទៀត មានដូចជា ម៉ោង ប្រតិទិន ដំណើររបស់ព្រះចន្ទ (moon phases) ថ្មបំរុង និងសញ្ញាប្រាប់ ឲ្យដឹង ពីពេលដែលព្រះអាទិត្យ លិច និង រះ រួមទាំងមុខងារ ជាច្រើនទៀត សរុបទាំងអស់ មាន ២៤ យ៉ាង ដែលធ្វើឲ្យ នាឡិកានេះ ជាប់កំណត់ត្រា ជានាឡិកា ដែល ស្មុគស្មាញជាងគេ នៅលោក៕


តើអ្នកយល់ថានាឡិកា នេះពិតជាមានបង្កប់ នូវបណ្តាសាដែរ ឬទេ?

ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]