បារាំង៖ មួកដ៏កម្រ ដែលជាវត្ថុ បន្សល់ពីមេទ័ពបារាំង ណាប៉ូឡេអុង (Napoleon) ត្រូវបាន គេបញ្ចេញ ឲ្យឃើញ និងដាក់ដេញថ្លៃលក់ ជាសាធារណៈ ក្នុងតំលៃ ៧៨០,០០០ ដុល្លារអាមេរិក។ មួកពណ៌ខ្មៅ ដែលមាន ឈ្មោះថា bicorne នេះត្រូវបាន គេស្គាល់ថា ជាមួកមួយ ក្នុងចំណោម មួក ទាំង ១២០ ផ្សេងទៀត ដែលមេដឹកនាំផ្តាច់ការ រូបនោះ ធ្លាប់មាន ក្នុងសម័យដឹកនាំ របស់លោក ពីចន្លោះ ឆ្នាំ ១៨០៤ ដល់ ១៨១៥ នៃគ្រិស្តសករាជ។

បើតាមប្រវតិ្តសាស្ត្រ ណាប៉ូឡេអុង ធ្លាប់ប្រើប្រាស់ មួកប្រភេទ bicorne នេះ នៅពេលដែល កងទ័ព របស់លោក កាន់កាប់កោះ Elba មួយរយៈពេល នៅក្នុងឆ្នាំ ១៨១៤ ហើយក្រោយមក កងទ័ព របស់គាត់ ត្រូវចាញ់សង្គ្រាម ក្នុងចំបាំងជាមួយ អាណាចក្រ Wellington។ មួកដែលដាក់ដេញថ្លៃពេលនេះ ធ្លាប់បានរក្សាទុក ក្នុងសារមន្ទីរមួយ កាលពីពេលមុន ហើយកាលពីឆ្នាំ ១៩៦៨ គេធ្លាប់ដេញថ្លៃលក់ មួកប្រភេទដូចគ្នានេះ ម្តងដែរ នៅបារាំង។

ណាប៉ូឡេអុង ធ្លាប់បាននិយាយថា ក្នុង ១ឆ្នាំគាត់ត្រូវប្តូរមួក bicorne ពី ៣ ទៅ ៤ដង ហើយមួក ដែលដាក់ដេញថ្លៃមួយនេះ គឺត្រូវបានបុរសឈ្មោះ Joseph Giraud ដែលជាគ្រូពេទ្យ ផ្ទាល់របស់គាត់ យកមករក្សាទុក នៅពេលដែល ណាប៉ូឡេអុង ទុកចោលលែងប្រើវា។ មួកប្រវែង ១៩ អ៊ីញ ខាងលើ ក្រោយមក ត្រូវបានកាន់កាប់ ជាច្រើនម្ចាស់ ដែលមានដូចជា គ្រួសារត្រកូល Giraud និង រាជបុត្រ នៃប្រទេស ម៉ូណាកូ (Monaco)  ព្រះនាម Louis II ជាដើម។

លោក Jean-Pierre Osenet ជានាយក កន្លែងដេញថ្លៃបាន ឲ្យដឹងថា បច្ចុប្បន្នមិនមាន វត្ថុសំណល់ របស់មនុស្សល្បីៗ ច្រើននោះទេ ជាក់ស្តែងដូចជាមួករបស់ ណាប៉ូឡេអុងនេះ គឺសល់ត្រឹមតែ ២០ ប៉ុណ្ណោះ ហើយភាគច្រើន គឺរក្សាទុក ក្នុងសារមន្ទីរ មានមនុស្សតែ ២ ឬ ៣ នាក់ ប៉ុណ្ណោះ ជាម្ចាស់ កម្មសិទ្ធិរបស់វា។ ការដាក់ដេញថ្លៃ នឹងធ្វើឡើង នៅក្នុងខែវិច្ឆិការនេះ ដែលគេរំពឹងថា នឹងអាច លក់បាន ក្នុងតំលៃ ៧៨០,០០០ ដុល្លារអាមេរិក៕



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]