ភ្នំពេញ ៖ ថវិកា៤០០០ដុល្លារ ដែលលោកជំទាវ សម មុន្នីកា ទទួលបានពីបុរស រត់រថយន្ដ ឈ្នួលនៅខេត្ដរតនគិរី តាមរយៈការជួយ ឧបត្ថម្ភជា បន្ដបន្ទាប់ ពីសប្បុរជននានា ក្រៅពីទទួល រងព្យុះរិះគន់ យ៉ាងខ្លាំងនៅ ក្នុងបណ្ដាញ ទំនងទំនង សង្គម Facebook នោះ ឥឡូវនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្ដេច កិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន បានប្រកាស មិនទទួលយកថវិកា ទាំងនេះពី លោកជំទាវនោះឡើយ ។

យោងតាម សេចក្ដីជូន ដំណឹងរបស់ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានបញ្ជាក់ថា «កាកបាទក្រហម កម្ពុជា មានការសោកស្ដាយ យ៉ាងខ្លាំង ចំពោះលោកជំទាវ សម មុន្នីកា ដែលមានតួនាទី ជារដ្ឋ លេខាធិការ ក្រសួងទេសចរណ៍ បានធ្វើបទ សម្ភាសន៍នៅ ក្នុងកម្មវិធី BTV TOP STORY Live ជាមួយ ទូរទស្សន៍បាយ័ន កាលពី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង ១៨ដល់ម៉ោង ១៨និង៤៥នាទី ។ នៅក្នុងកិច្ចសម្ភាសន៍ នោះលោកជំទាវ សម មុន្នីកា បានគូសបញ្ជាក់ថា និងយកថវិកា ចំនួន៤០០០ដុល្លារ ដែលជាសំណង ទទួលបាន ពីអ្នកបើកបរ តាក់ស៊ីមក បរិច្ចាគដល់កាកបាទ ក្រហមកម្ពុជា»។

សេចក្ដីជូនដំណឹង របស់កាកបាទក្រហម បានបញ្ជាក់ទៀតថា «កាកបាទក្រហមកម្ពុជា មានកិត្ដិយស សូមជូនដំណឹង ដល់សាធារណៈជន ទាំងអស់ មេត្ដាជ្រាបថា ៖ រហូតមកដល់ពេលនេះ កាកបាទ ក្រហមកម្ពុជា មិនទាន់មាន ទំនាក់ទំនង ជាមួយលោកជំទាវ សម មុន្នីកា ពាក់ព័ន្ធការ ប្រគល់ថវិកានេះ នៅឡើយទេ ។ ផ្អែកតាមគោលការណ៍ គ្រឹះភាព មនុស្សធម៌នៃ ចលនាអន្ដរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម និងព្រះរាជក្រឹត្យ ស្ដីពីការ ទទួលស្គាល់ កាកបាទ ក្រហមកម្ពុជា កាកបាទក្រហមកម្ពុជា សូមបដិសេធ មិនទទួលយក ថវិកាទាំងនេះទេ» ។

សូមបញ្ជាក់ថា លោកជំទាវ សម មុន្នីកា រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងមិត្តភក្តិ របស់ខ្លួន ៣នាក់ផ្សេងទៀត ទទួលសំណងថវិកា ៤ពាន់ដុល្លារ បានសម្រេច ពីបុរសរត់តាក់ស៊ី នៅខេត្តរតនៈគិរី ដោយគ្មានការ យោគយល់ឡើយ ទោះបីបុរស រត់តាក់ស៊ី ធ្លាប់បាន សរសេរលិខិត សុំទោស និងសុំក្តីអនុគ្រោះ ពីលោកជំទាវ ទាំង៤នាក់ យ៉ាងណាក្តី ។

ទឹកប្រាក់ ទាំងអស់មិនមែន ជាទឹកប្រាក់របស់បុរស រត់តាក់ស៊ីនោះទេ ពោលលុយទាំងនេះ បានមកពីការ រ៉ៃអង្គាស របស់សប្បុរសជន ដែលមានទឹក ចិត្តសប្បុរស ក្នុងនោះមានទាំង លោក ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជួយ៥០០ដុល្លារ ខណៈបុរសម្ចាស់ រថយន្តឈ្នួល គ្មានប្រាក់១រៀលនោះទេ។

លោក ផែង វណ្ណៈ អ្នកផ្តើមគំនិត រៃអង្គាសប្រាក់ ពីសប្បុរសជន ជាមួយលោក ព្រំ សាន មន្រ្តីក្រសួងព័ត៌មាន បានប្រាប់ មជ្ឈមណ្ឌល ព័ត៌មានឲ្យដឹងថា នៅព្រឹក ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ថា ទឹកប្រាក់ទាំង ៤ពាន់ដុល្លារ ត្រូវបានរូបលោក និងភរិយា របស់បុរសរត់ រថយន្តឈ្នួល ព្រមទាំងលោក ព្រំ សាន យកទៅប្រគល់ ជូនលោកជំទាវ សម មុន្នីកា រួចរាល់ហើយ ។ រីឯរថយន្ត ត្រូវបានសមត្ថកិច្ច ប្រគល់ជូន ម្ចាស់វិញហើយ ក្រោយបានផ្តល់សំណង រួចរាល់ ។

លោក ខឹម មករា បានបញ្ជាក់ថា កាលពី ថ្ងៃទី១៩ ខែតុលា វេលាម៉ោងជិត ៨ព្រឹក រថយន្តតាក់ស៊ី ប្រភេទទេសចរម៉ាក សាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AA-8934 បើកបរដោយបុរស ឈ្មោះ ខឹម មករា ចេញដំណើរពី ចំណតរថយន្ត មុខស្ថានីយ៍រថភ្លើង ភ្នំពេញឆ្ពោះទៅ ខេត្តរតនគីរី ដោយដឹក អ្នកដំណើរ១៥នាក់។

លុះដល់វេលា ម៉ោងប្រហែល ៤និង៣០នាទី រសៀលថ្ងៃទី១៩ ខែតុលា ខណ:ពេលកំពុងបើកបរ រថយន្តបានខូចដាច់ រ៉ូទីលធ្លាក់ចេញ ពីផ្លូវចម្ងាយប្រហែល ៤,៥ម៉ែត្រ នៅចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគីរី ។ ក្នុងការខូច រថយន្តធ្លាក់ផ្លូវនេះ មិនបង្កឲ្យអ្នកដំណើរ មានរងរបួស គ្រោះថ្នាក់អ្វីទេ ប៉ុន្តែបានបង្ក ការភ័យខ្លាច ដល់អ្នកដំណើរ។

ក្រោយកើតហេតុ ខូចរថយន្ត អ្នកដំណើរ ចំនួន១០នាក់ បាននាំគ្នាជិះរថយន្ត ផ្សេងបន្ត ដំណើរទៅមុខទៀត លើកលែងតែ លោកជំទាវ សម មុន្នីកា និងមិត្តិភក្តិ៣នាក់ ផ្សេងទៀត កើតទុក្ខមិនសុខចិត្ត និងប្ដឹងឲ្យនគរបាល ឃាត់រថយន្ត តាក់ស៊ីនោះ ដោយទាមទារ សំណងសម្រាប់ ការភ័យខ្លាច របស់ពួកគាត់ម្នាក់ ១.០០០ដុល្លារ ៤នាក់ស្មើនឹង ៤.០០០ដុល្លារ។ ដោយម្ចាស់រថយន្ត គ្មានលុយឲ្យ រថយន្តត្រូវ បាននគរបាលឃាត់ ទុករហូតមក ដល់ថ្ងៃទី១០ ខែវិច្ឆិកា នៅតែមិនដោះស្រាយ។

ក្រោយពីមានការប្ដឹង ពីអ្នកដំណើរ ម្ចាស់រថយន្តតាក់ស៊ី លោក ខឹម មករា បានសរសេរលិខិត សុំទោសចំនួន២ លើករួចហើយ ផ្ញើជូនទៅលោកជំទាវ ដើមបណ្ដឹង។ នៅក្នុងលិខិត សុំទោសម្ចាស់ រថយន្តបានសារភាពថា គាត់ពិតជា មានការខ្វះខាតត្រួត ពិនិត្យលក្ខណៈបច្ចេកទេស រថយន្តមែន។ ប៉ុន្តែលោកជំទាវ ដើមបណ្ដឹងមិនព្រម អនុគ្រោះនោះឡើយ ដោយនៅ តែទទូចចង់ទាម ទារសំណង ៤.០០០ដុល្លារ ដដែល។

ទន្ទឹមនឹងការដោះស្រាយ មិនទាន់ចប់ម្ចាស់រថយន្ត បានស្នើសុំរថយន្ត ទៅជួសជុសប្រើប្រាស់ ដើម្បីប្រកបរបរ ចិញ្ចឹមជីវិត តែគ្មានសមត្ថកិច្ចណា ហ៊ានអនុញ្ញាតទេ ដោយសមត្ថកិច្ច លួចបង្ហើបប្រាប់ថា មានអ្នកមានអំណាច បញ្ជាមកមិនឲ្យ ដោះលែងរថយន្ត នោះទេ ។

ដោយក្តី អាណិតអាសូរ និងមើលឃើញថា បុរសរត់រថយន្ត ទួរីសមានជីវភាព ខ្វះខាត មិនមានលទ្ធភាពសង លោក ផែង វណ្ណៈ រួមអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក បានអំពាវនាវស្វែង រកការជួយឧត្ថម្ភ ពីអ្នកមានទឹកចិត្ត សប្បុរស រ៉ៃអង្គាសលុយគ្នា តាមទឹកចិត្តសទ្ធា រកលុយបាន រហូតគ្រប់ ៤០០០ដុល្លារ ប្រគល់ជូនលោកជំទាវទាំង ៤នាក់ ដើម្បីបញ្ចប់សំណុំ រឿងយករថយន្ត ប្រគល់ជូនទៅ ម្ចាស់ប្រកបរបរ ចិញ្ចឹមជីវិតបន្ត។

សប្បុរសជន ដែលមានទឹកចិត្ត សប្បុរសធម៌រូមមាន៖ លោក ខៀវ កាញ៉ារីទ្ធ ៥០០ដុល្លារ, លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី សម្តេចតេជោ ហ៊ុន សែន និង លោក នឹម ច័ន្ទតារា ឧបត្ថម្ភ ៣០០ដុល្លារ, លោកស្រី LaLa Dalin ១លានរៀល, លោកស្រី នឹម វណ្ណ: ១០០ដុល្លារ, កញ្ញា Sou Chhi ២០០ដុល្លារ,លោក ជុំ កុសល ១០០ដុល្លារ, លោក. គឹម សន្តិភាព ១០០ដុល្លារ, លោក ផែង វណ្ណៈ ២០ម៉ឺនរៀល... រួមនិងសប្បុរសជន ជាច្រើននាក់ ផ្សេងទៀត ក្នុងនោះ ក៏មានការ ជួយឧបត្ថម្ភពី ក្រុមចលនាយុវជន ១៥៧ផងដែរ។

សំណុំរឿងប្តឹងផ្តល់ ទារសំណងព្រោះតែការ ផិតភ័យកើតចេញពីការ ជិះរថយន្តឈ្នួលនេះ បានធ្វើឲ្យក្រុមលោក ជំទាវនៅក្នុង ក្រសួងទេសចរណ៍ ដែលគេដឹងថា មានស្វាមីជា មន្រ្តីជាន់ខ្ពស់ នៅក្រសួងមហាផ្ទៃនោះ រង់នូវការ រិះគន់យ៉ាង ចាស់ដៃពី ក្រុមអ្នកនិយមលេង បណ្តាញសង្គមហ្វេសប៊ុក និងមជ្ឈដ្ឋានទូទៅ។ ពួកគេបានហៅ ការលើកដៃយកលុយ ៤ពាន់ដុល្លារ កើតចេញ ពីការរ៉ៃអង្គាសគ្នា ដែលមានទាំង មន្រ្តីតូចតាចក្នុង ក្រសួងទេសចរណ៍ ផងនោះថា គឺជាស្រឡាញ់ ទឹកប្រាក់លើសលប់ គ្មានទឹកចិត្ត សណ្តោសប្រណី ជាសណ្តានថ្លៃថ្នូរ ជាមនុស្សនោះឡើយ។

ក្រុមអ្នកលេងបណ្តាញ សង្គមហ្វេសប៊ុក បានលើកឡើងបន្តថា ប្រសិនបើបុរស អ្នករត់រថយន្តឈ្នួល ពិតជាបាន បើកបរដោយ មិនមានការប្រុងប្រយ័ត្ន ជាហេតុបង្កការតក់ស្លុត ដល់លោកជំទាវនោះ យ៉ាងហោចណាស់ត្រឹមការ ពិន័យត្រឹមការ សុំទោស ឬការអប់រំដល់ពួកគាត់ ព្រោះអ្នករត់រថយន្ត ឈ្នួលទឹកប្រាក់ ៤.០០០ដុល្លារ ជាចំនួន មួយដ៏លើសលប់ជិត ស្មើនឹងតម្លៃរថយន្ត ទៅហើយ ពួកគាត់ប្រាកដជា គ្មានលទ្ធភាព រកសងនោះឡើយ។

តែសោកស្តាយលោក ជំទាវទាំង៤រូប គ្មានការយោគយល់ នៅតែចិញ្ចឹមចិត្តទារសំណង ៤ពាន់ដុល្លាររហូតបាន សម្រេច៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]