សម្រាប់ប្រិយមិត្ត មួយចំនួន មិនបាន ចាប់អារម្មណ៍ ពីទំលាប់ងូតទឹក របស់ខ្លួនឡើយ ដែលទម្លាប់នេះ ទៀតសោត អាចធ្វើឲ្យមាន ផលប៉ះពាល់ ដល់ស្បែកសក់ ធ្វើឲ្យពិបាក ក្នុងការកែខៃ។ ដូច្នេះ ថ្ងៃនេះ ខ្មែរឡូត នឹងលើកយក ទំលាប់មិនល្អ ទាំង ៨យ៉ាង ដែលលោកអ្នក បានធ្វើនៅក្នុងពេលងូតទឹក ដូចខាងក្រោម ៖

១. មិនផ្លាស់ប្តូរស្បៃដុសខ្លួន ៖ តើអ្នកដឹងទេថា ស្បៃដុសខ្លួន គឺជាវត្ថុដែលចាប់យក ប្រភេទបាក់តេរី បានស្រួលបំផុត ដូច្នេះ អ្នកគួរសម្អាតវា ជារៀងរាល់សប្តាហ៍ ដោយទឹកក្តៅ ។ ម្យ៉ាងវិញទៀត អ្នកអាចបោះចោល វារួច ហើយប្តូរថ្មី ជារៀងរាល់ ១ ខែម្តង ក៏បានដែរ។

២.ខាត់ស្បែកជារៀងរាល់ថ្ងៃ ៖ អ្នកប្រហែលជា គិតថា ការខាត់ស្បែក នៅពេលងូតទឹក គឺជាវិធីដ៏ល្អបំផុត ក្នុងការកំចាត់ធូលី និង ខ្លាញ់ ដែលជាប់ស្ទះ នៅក្នុងស្រទាប់ស្បែក ប៉ុន្តែ វាមិនមែនជាការពិតទេ។ ការខាត់ស្បែក ជ្រុលហួសហេតុ អាចធ្វើឲ្យស្បែករបស់អ្នក កាន់តែមានជាតិខ្លាញ់ និង មានធូលី, បាក់តេរី នៅក្នុងស្បែកលើសដើម។ ដូច្នេះ អ្នកអាច ខាត់ស្បែក ដោយថ្នមៗ ត្រឹមតែមួយដង ក្នុង មួយសបា្តហ៍ នៅពេលយប់ ជាការគ្រប់គ្រាន់។

៣.កក់សក់ ដោយមិនបានសិតជាមុន ៖ ដើម្បីជៀសវាង សក់ជ្រុះ និង ជំពាក់ អ្នកគួរតែ សិតសក់ឲ្យបានស្អាត ជាមុនសិន មុនពេលកកសក់។ ការធ្វើបែបនេះ អាចជួយ ឲ្យសក់របស់អ្នក មិនជំពាក់គ្នា និង មិនមានការខូចខាត នាពេលក្រោយ។ ម្យ៉ាងវិញទៀត ប្រសិនបើសក់របស់លោកអ្នក មានសភាពជំពាក់គ្នា ជាញឹកញយ គួរតែជ្រើសរើស យកក្រាស់ ធ្មេញធំ មកសិត ដើម្បីធ្វើឲ្យកាន់តែស្រួលសិត។

៤. ដុសធ្មេញ ពេលកំពុងងូតទឹក ៖ ការដុសធ្មេញ ខណៈពេល ដែលអ្នកកំពុងងូតទឹក គឺជារឿង មិនល្អមួយ ព្រោះថា ពេលដែលអ្នក ងូតទឹកផង ដុសធ្មេញផង អ្នកមិនបានយកចិត្ត ទុកដាក់ សម្អាតធ្មេញ ឲ្យបានល្អឡើយ។ ការដុសធ្មេញ ឲ្យបានស្អាតល្អ យ៉ាងហ៊ោចណាស់ ក៏ត្រូវប្រើពេល ២ នាទីដែរ។

៥. កោររោមជើង ៖ ការកោររោមជើង នៅពេលងូតទឹក ក៏ជាទំលាប់ មិនល្អមួយទៀត ដែលអ្នកគួរជៀសវាង ព្រោះថា នៅពេលងូតទឹក រាងកាយរបស់អ្នក ចាប់ផ្តើមចុះត្រជាក់ ដែលជាហេតុធ្វើឲ្យ រន្ធញើស រួមតូច។ ដូច្នេះប្រសិន បើអ្នកចង់កោររោមជើង គួរតែកោរ បន្ទាប់ពីងូតទឹក ហើយ បាន១៥ នាទី ដែលកំដៅ ដែលចេញពីក្នុងទឹក អាចបើករន្ធញើស របស់ជើងអ្នក ដែលជាហេតុធ្វើឲ្យ ងាយស្រួលកក្នុងការ កោរ រោមជើងឲ្យបានស្អាតល្អ។

៦. កក់សក់ជារឿងរាល់ថ្ងៃ ៖ តើអ្នកដឹងទេថា នៅពេលដែលអ្នក កាន់តែកក់សក់ ជាតិប្រេងបញ្ចេញមក កាន់តែច្រើន ដូច្នេះអ្នកអាចងាក មកកក់សក់ ជារឿងរាល់ ២ ឫ ៣ ម្តង ដើម្បីឲ្យជាតិប្រេង នោះបញ្ចុះមកអស់តាមធម្មជាតិ និង ធ្វើឲ្យសក់របស់អ្នក កាន់តែមានសុខភាពល្អ ជាងមុនផងដែរ។

៧. ងូតទឹកក្តៅ ៖ ប្រសិនបើ អាកាសធាតុត្រជាក់ ហើយអ្នកងូតទឺកក្តៅ ប្រាកដណាស់ នេះជាវិធីល្អបំផុត ប៉ុន្តែការងូតទឹកក្តៅជាប្រចាំ អាចធ្វើឲ្យស្បែករបស់អ្នក ស្ងួតក្រៀម និងរមាស់ ដូច្នេះ ដើម្បីជៀសវាងបញ្ហាទាំងនេះ អ្នកអាចងាកមក ងូតទឹកក្តៅអ៊ុនៗ បានហើយ។

៨. យកកន្សែងជូតខ្លាំង ៖ ការយកកន្សែង មកជូតលើស្បែកខ្លាំង អាចធ្វើឲ្យស្បែកខូច  មិនតែប៉ុណ្ណោះទេ វាអាចធ្វើឲ្យស្បែក របស់អ្នក មានសភាព ស្ងួត និង រមាស់ជាដើម។ ម្យ៉ាងវិញទៀត អ្នកគួរតែជៀសវាង ការជូតសក់នឹងកន្សែង ខ្លាំងផងដែរ។

បន្ទាប់ពីបានអាន ទម្លាប់មិនល្អទាំង ៨ យ៉ាងធំៗ ដែលលោកអ្នកធ្លាប់តែធ្វើ នៅក្នុងពេលងូតទឹកនេះ លោកអ្នកអាចផ្លាស់ប្តូរទម្លាប់ទាំងនេះ មកក្លាយជាល្អវិញបាន ដោយអនុវត្ត តាមវិធីសាស្រ្តខាងលើ៕

ប្រភព ៖ Goodhousekeeping

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]