អ៊ីតាលី៖ អ្នកវិទ្យាសាស្ត្រចំនួន ៦ រូប ត្រូវជាប់ក្នុង ពន្ធនាគារ ម្នាក់ ៦ឆ្នាំ ដោយសារតែ ពួកគេ បង្កើតកំហុសមួយដ៏ធំ ដោយមិនបាន ព្យាករណ៍ឲ្យត្រឹមត្រូវ អំពីគ្រោះមហន្តរាយ រញ្ជួយដីមួយ ដែលបានកើតឡើង ក្នុងប្រទេសអ៊ីតាលី បណ្តាលឲ្យ មនុស្ស ច្រើនជាង ៣០០នាក់ បានបាត់បង់ជីវិត ។

កាលពីឆ្នាំ ២០០៩ បន្ទាប់ពី ការញ័ររញ្ជួយតិចតួច នៅក្នុងទីក្រុង L’Aquila  អ្នកវិទ្យាសាស្ត្រ មួយក្រុម ជាសមាជិក នៃកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយ បានទៅត្រួតពិនិត្យ ក្នុងទីក្រុងនេះ ហើយបានធ្វើសេចក្តីសន្និដ្ឋានថា នឹងមិនមានបញ្ហា ធ្ងន់ធ្ងរកើតឡើងនោះទេ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយមក នៅថ្ងែទី ៦ ខែមេសា នាពេលវេលា ម៉ោងជាង ៣ ទៀបភ្លឺ  គ្រោះធម្មជាតិ រញ្ជួយដី ដ៏ខ្លាំងក្លាមួយ មានទំហំកំរិតរញ្ជួយ រហូតដល់ ៦.៣ រុិចទ័រ បានកើតឡើង ក្នុងទីក្រុង ដែលបានសម្លាប់ មនុស្សជាង ៣០០ នាក់ ខណៈពួកគេ កំពុងដេកលង់លក់ និង ធ្វើឲ្យមនុស្ស រាប់ពាន់នាក់ បានរងរបួស និង បាត់បង់ទីលំនៅ ផងដែរ។

ការកាត់ក្តី លើការសន្និដ្ឋាន របស់ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនោះ ត្រូវបានធ្វើជាលើកដំបូង កាលពី ឆ្នាំ ២០១២ ដែល បានប្រកាសថា សមាជិក នៃកម្មាធិការនេះ ដែលរួមមាន អ្នកជំនាញត្រួតពិនិត្យ គ្រោះរញ្ជួយដី ជនជាតិ អ៊ីតាលី បានធ្វើការព្យាករណ៍ និង កំណត់នៃ គ្រោះមហន្តរាយ ដោយខុសឆ្គង ហើយបាន បណ្តាល ឲ្យមនុស្សច្រើនជាង ២៩នាក់ ដែលចង់ចាកចេញ ពីក្នុងទីក្រុង បែរជាសម្រេចចិត្ត មិនចាកចេញទៅវិញ និង បានស្លាប់បាត់បង់ជីវិត។ ក្នុងការកាត់ក្តីនេះ ពួកគេត្រូវបាន ចោទប្រកាន់ពី បទសម្លាប់មនុស្ស ហើយបានជាប់គុក កាលពីខែ តុលា ឆ្នាំ២០១២ ម្នាក់ៗ ចំនួន ៦ឆ្នាំ ហើយនឹងត្រូវ ពិន័យជាទឹកប្រាក់ ជាង ១១ លានដុល្លារអាមេរិក សំរាប់សងជំងឺចិត្ត ដល់ជនរងគ្រោះ។

ទោះបីជា យ៉ាងណា ការសម្រេចសាលក្រមនេះ ធ្វើឲ្យមាន ការមិនឯកភាព ពីសមាគមន៍ អ្នកវិទ្យាសាស្ត្រ ហើយតាមប្រភពព័ត៌មាន កាលពី ថ្មីៗ នេះ ក៏មាន ការប្តឹងឡើង ឧទ្ធរណ៍បន្តទៀត ដោយក្នុងនោះ បើតាមទស្សនាវដ្តី Nature បានឲ្យដឹងថា នេះជាការ វិនិច្ឆ័យដែលមិនសមរម្យ ហើយ បញ្ជាក់ថា ការចោទប្រកាន់ មានលក្ខណៈប្លែក គួរឲ្យសើចចំអក ដែលដាក់កំហុសទាំងនេះ មកលើ អ្នកព្យាករណ៍អំពី គ្រោះរញ្ជួយដី ដែលបាន កើតឡើងទៅវិញ៕

រូបភាពៈ ស្ថានភាពបន្ទាប់ពីគ្រោះរញ្ជួយដី និង សាកសពមនុស្សបានស្លាប់បាត់បង់ជីវិត


ប្រភព Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]