ម៉ាឡេស៊ី៖ ក្រុមគ្រួសារ លោក Jee Jing Hang ដែលជា ជនរងគ្រោះម្នាក់ បានជួប ឧបទ្ទវហេតុ នៃការបាត់ យន្តហោះ ម៉ាឡេស៊ី MH370 បានដាក់ពាក្យបណ្តឹងប្តឹង ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី លើការបំពាន កិច្ចសន្យា ដោយមិនបាន ទទួលខុសត្រូវ ក្នុងការជូន លោក Jee ទៅដល់គោលដៅ ដោយសុខសុវត្ថិភាព និង ព្រមទាំង ប្តឹងរដ្ឋាភិបាល ម៉ាឡេស៊ី ថែមទៀត។

ក្រុមគ្រួសារ ជនជាតិម៉ាឡេស៊ីមួយនេះ  បានដាក់ពាក្យបណ្តឹង ទៅតុលាការ កាលពីថ្ងៃ សុក្រ ទី៣១ នេះ។  ពាក្យបណ្តឹងនេះ បានធ្វើ ឡើង ដោយ លោក មេធាវី Gary Chong ជាមេធាវី របស់ក្រុមគ្រួសារ លោក Jee Jing Hang ជាជនរងគ្រោះ ជិះលើយន្តហោះ MH370។ លោក មេធាវី នេះ បាននិយាយថា គាត់ បានរៀបចំ ពាក្យបណ្តឹង ហើយបានប្រគល់ ទៅដល់តុលាការ ម៉ាឡេស៊ី កាលពីសុក្រនេះរួចហើយ ។

ចំពោះពាក្យបណ្តឹងនេះ ក្រុមគ្រួសារម៉ាឡេស៊ីនេះ បានប្តឹងជំនួស ជនរងគ្រោះថា ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ី បាន រំលោភលើ កិច្ចសន្យា មិនបានជូន លោក Jee Jing Hang ទៅដល់គោលដៅ ដោយសុខសុវត្ថិភាព ហើយ គ្រួសារនេះក៏ប្តឹង រដ្ឋាភិបាលម៉ាឡេស៊ី លើ អាជ្ញាធរ អាកាសចរណ៍ ស៊ីវិល នៃនាយកដ្ឋាន អន្តោប្រវេសន៍ និង កងកម្លាំងអាកាសម៉ាឡេស៊ី ដែលមិនបានយក ចិត្តទុកដាក់ និង មានភាពធ្វេសប្រហែស ។ ក្រុមមេធាវី ការពារក្តីឲ្យគ្រួសារនេះ បាននិយាយថា យើងមាន ភាពជឿជាក់លើ ប្រព័ន្ធយុត្តិធម៌ម៉ាឡេស៊ី ដែលរំពឹងថា ពាក្យបណ្តឹងនេះ នឹងត្រូវ យកមកដោះស្រាយ ។ លើសពីនេះ លោក មេធាវី Gary Chong ថាបណ្តឹងនេះ អាចប្តឹងទាមទារ សំណង តែគាត់បដិសេធ មិនប្រាប់ពីចំនួននោះទេ។

គួររលឹកដែរថា យន្តហោះម៉ាឡេស៊ី MH370 បានធ្លាក់បាត់ តាំងពីខែមីនា ដែលមានអ្នកដំណើរ ២៣៩ នាក់នៅលើយន្តហោះ ដែលគេជឿ ថាធ្លាក់ ចូលក្នុង មហាសមុទ្រ ឥណ្ឌាភាគ ខាងត្បូង ហើយទោះបីជា មានការស្វែងរក ជាលក្ខណៈអន្តរជាតិ ក៏មិនទាន់ រកឃើញ យន្តហោះនោះនៅឡើយ។ លើសពីនេះ ទៀត ទាំងរដ្ឋាភិបាល ម៉ាឡេស៊ី និង ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី មិនទាន់បានបង្ហាញ លទ្ធផល ណាមួយនៃ ការស្វែងរក និង ការស៊ើបអង្កេត នានា លើករណី ធ្លាក់យន្តហោះនេះ នៅឡើយទេ។

យន្តហោះ Boeing777 របស់ម៉ាឡេស៊ី មានអ្នកដំណើរ ២៣៩នាក់ បានបាត់ខ្លួន និងដាច់ទំនាក់ទំនង ខណៈហោះរំលងកោះភូគុក ប្រទេសវៀតណាម (មានវីដេអូ)

ទោះបីយ៉ាងណា បើតាមប្រភពព័ត៌មាន លទ្ធភាពនៃ ជោគជ័យលើរឿងក្តីនេះ គឺនឹងមិនអាចដោះស្រាយ ភ្លាមៗនោះទេ ដោយសារ ហេតុការណ៍ ជាប់ពាក់ព័ន្ធ លើបញ្ហា ច្រើន និងជនរងគ្រោះ ច្រើនផ្សេងទៀត ហើយ មិនទាន់មានភស្តុតាង ច្បាស់លាស់អំពីការ ធ្លាក់ យន្តហោះនេះ នៅឡើយផងដែរ៕

ប្រភព channelnewsasia

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]