ឥណ្ឌា៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមចោរឥណ្ឌាមួយក្រុម បានជីករូងដីមួយ ប្រវែង៤០ម៉ែត្រ ចូលទៅក្នុងធនាគារមួយ ហើយបានលួចលុយ គ្រឿងអលង្កា និងវត្ថុមានតម្លៃជាច្រើន រួចគេចរត់គេចខ្លួន ដោយសុវត្ថិភាព។

យ៉ាងណាក៏ដោយ ប៉ូលីសឥណ្ឌា កំពុងតាមប្រមាញ់ ក្រុមចោរទាំងនោះ ដែលចិត្តសឿងហ៊ានជីករូងដី ចូលទៅធនាគារ លួចយកលុយ គ្រឿងអលង្កា និងវត្ថុមានតម្លៃ សរុបរាប់ម៉ឺនដុល្លារ។

ប្រភពដដែលបានបន្តទៀតថា ក្រុមចោរបានជីករូងដីមួយ ដែលមានប្រវែង ៤០ម៉ែត្រ ពីក្នុងផ្ទះមួយខ្នង ដែលស្ថិតនៅក្បែរនោះ ដើម្បីចូលទៅក្នុង សាខានៃធនាគារ Punjab National Bank ក្នុងរដ្ឋ Haryana ប្រទេសឥណ្ឌា។

បើតាមអ្នកឆ្លើយឆ្លងព័ត៌មាន បាននិយាយថា សកម្មភាពរបស់ក្រុមចោរ ហាក់មានគំនិត ចេញពីខ្សែភាពយន្តឥណ្ឌា ដ៏ល្បីល្បាញមួយ ដែលមានចំណងជើងថា “Dhoom” (ក្នុង ២០០៤) ព្រោះសកម្មភាពលួច របស់ក្រុមចោរ មានភាពស្រដៀងគ្នា ទៅនឹងក្រុមចោរ នៅក្នុងខ្សែភាពយន្តនោះ។

បើតាមសម្តីប៉ូលីស បានប្រាប់ឲ្យដឹងថា ក្រុមចោរទាំងនោះ បានធ្វើសកម្មភាព កាលពីយប់ថ្ងៃសៅរ៍ ទី២៥ ខែតុលា ខណៈគេបានរកឃើញរូងដី ដែលក្រុមចោរនោះជីក នៅព្រឹកថ្ងៃច័ន្ទ ទី២៧ ខែតុលា។

លោក Arun Nehra អគ្គនាយកប៉ូលីស នៅស្រុក Sonepat បាននិយាយថា ក្រុមចោរបានយកលុយ និងវត្ថុមានតម្លៃ ពីក្នុងហិបចំនួន៧៧ ក្នុងចំណោមហិប ចំនួន៣៥០ ដែលបានចាក់ចោរការពារ យ៉ាងត្រឹមត្រូវបំផុត។ លោក Nehra ឲ្យដឹងទៀតថា «ក្រុមស៊ើបអង្កេតពិសេស បានបង្កើតឡើងហើយ សម្រាប់ស៊ើបអង្កេត លើករណីចោរជីករូងដី ចូលលួចលុយ ក្នុងធនាគារនេះ ប៉ុន្តែមិនទាន់មាន ជនសង្ស័យណាម្នាក់ ត្រូវបានចាប់ខ្លួនឡើយ»៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ BBC

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]