តាកែវ ៖ នៅព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៤ មានការភ្ញាក់ផ្អើល តៗគ្នាជាពិសេស ក្នុងបណ្ដាញសង្គមហ្វេសប៊ុក ដោយបាន លើកឡើងថា លោកតាភិរម្យ ប្រាជ្ញ ឈួន ដែលជាអ្នកចម្រៀង ចាប៉ីដ៏ល្បីថា បានទទួលមរណភាព កាលពី ថ្ងៃទី៣០ ខែតុលា កន្លងទៅ ។

ជុំវិញព័ត៌មានអកុសល ដ៏រសើបនេះ នៅព្រឹក ថ្ងៃទី៣១ ខែតុលា នេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានធ្វើការ ទំនាក់ទំនង ទៅកាន់ក្រុមគ្រួសារ របស់លោកតា ប្រាជ្ញ ឈួន ដើម្បីបញ្ជាក់ឱ្យបានច្បាស់ ហើយត្រូវ បានកូនប្រុស របស់តាឈ្មោះ ប្រាជ្ញ ឆាត បញ្ជាក់ឱ្យដឹងថា លោកតា ប្រាជ្ញ ឈួន មិនទាន់ទទួល មរណភាព ដូចអ្វីដែលព័ត៌មាន កំពុងតែបង្កការ ភ្ញាក់ផ្អើល នាំឱ្យមានការភ័ន្ដ ច្រឡំនោះឡើយ ។

លោក ប្រាជ្ញ ឆាត និយាយថា “គាត់នៅ មានសុខភាពល្អ អាចដើរបាន អាចហូបអីបានធម្មតា ខ្ញុំក៏ឆ្ងល់ដែរ ហេតុអ្វី មានព័ត៌មាននេះឡើង ខ្ញុំអាចសន្និដ្ឋានថា មានជនខិលខូច ចង់យកព័ត៌មាននេះ ស្វែងរកផល ប្រយោជន៍អ្វីមួយ ជាពិសេស ក្នុងហ្វេសប៊ុក” ។

ជាមួយគ្នានេះ លោកសុះ ម៉ាច ប្រធាន សមាគមសិល្បករខ្មែរ ក៏បានអះអាងដូចគ្នា នេះថា លោកតា ប្រាជ្ញ ឈួន កំពុងតែមាន សុខភាពធម្មតា ដោយសារតែលោក ទើបតែបានទំនាក់ទំនង ទៅកាន់ក្រុមគ្រួសារអំបាញ់មិញ នេះដូចគ្នា ហើយអ្វីដែលមាន ការភ្ញាក់ផ្អើលថ្មីៗនេះ លោកបានចាត់ទុកថា ជាព័ត៌មានបោកប្រាស់ ទាំងស្រុង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]