អូស្ត្រាលី៖ តាមប្រភពព័ត៌មាន បានឲ្យដឹងថា ប៉ូលីសអូស្ត្រាលីកំពុង ធ្វើការស៊ើបអង្កេត លើហេតុការណ៍មួយ ដែលព្រះសង្ឃខ្មែរកម្ពុជាក្រោម មួយអង្គ គង់ក្នុងវត្តមួយ ក្នុងប្រទេសអូស្ត្រាលី  បានប្រើប្រាស់ឧបករណ៍ ប្រើសំរាប់បាញ់ដែកគោល (nail gun) ធ្វើអត្តឃាត ហើយក៏បាន បាញ់ព្រះចៅអធិការវត្ត ថែមទៀត ។

បើយោងតាម ប្រភពព័ត៌មាននេះ បានលើកឡើងថា ហេតុការណ៍នេះ បានកើតឡើង កាលពីរាត្រីថ្ងៃ ពុធ នៅក្នុងវត្ត កេតនៈកម្ពុជាក្រោម ដែលស្ថិតនៅ ភាគនិរតីនៃទីក្រុង ស៊ីដនី ប្រទេសអូស្ត្រាលី។ ប្រភពដដែល បានបញ្ជាក់ថា ព្រះសង្ឃ មួយអង្គព្រះនាម គីម ករុណា ព្រះជន្ម ២៩វស្សា ត្រូវបានគ្រាប់ដែកគោលបាញ់ ពីរបីគ្រាប់ជាប់ លលាដ៏ក្បាល និង ត្រូវបានសន្លប់បាត់បង់ស្មារតី ខណៈ ព្រះចៅអធិការវត្តព្រះនាម ឡាំ ថា ព្រះជន្ម ៥៩វស្សា ត្រូវរងរបួសដោយសារ គ្រាប់ដែកគោលមួយគ្រាប់ បានបាញ់ ចំពីក្រោយត្រចៀក ហើយ ត្រូវគ្រូពេទ្យ ធ្វើការដកដែកគោល ចេញ និង បានដឹងខ្លួនវិញហើយ។ ប៉ុន្តែ ព្រះសង្ឃទាំងពីរអង្គ កំពុងតែ សំរាកព្យាបាល ក្នុងមន្ទីរពេទ្យ Liverpool នៅឡើយនោះទេ។

យ៉ាងណាមិញ ប្រភពដដែល បានបន្ថែមថា លោក គីម វណ្ណារ៉ា ជាពុទ្ធបរិស័ទ នៅវត្តនេះ ដែលបានទៅសួរសុខទុក្ខ ព្រះចៅអធិការវត្ត និង បានឲ្យដឹងថា ព្រះអង្គ ឡាំ ថា មានសង្ឃដីកា ប្រាប់គាត់ ថា ខណៈព្រះអង្គ កំពុងរៀបចំសៀវភៅក្នុងបន្ទប់ ព្រះអង្គ បានលឺសំលេង ‘ប៉ាង ប៉ាង’ នៃឧបករណ៍ សំរាប់បាញ់ដែកគោល បន្ទាប់មក ព្រះអង្គនិមន្តទៅមើល ក៏ឃើញ ព្រះអង្គ គីម ករុណា បាញ់ខ្លួនឯង រួចបន្ត មកចាប់ទាញ ព្រះអង្គ និងប្រើឧបករណ៍បាញ់ដែកគោលនោះ បាញ់ព្រះអង្គតែម្តង។

លោក គីម វណ្ណារ៉ា បាននិយាយប្រាប់ ប្រភពព័ត៌មានទៀតថា គាត់ស្គាល់ព្រះសង្ឃ ទាំងពីរអង្គច្បាស់ណាស់ ហើយព្រះសង្ឃ ទាំងពីរអង្គគឺមាន ទំនាក់ទំនងល្អ ជាមួយគ្នា និង ជាមិត្តល្អថែមទៀតផង ប៉ុន្តែគាត់មិនដឹង មូលហេតុអ្វី បានជាកើតមាន រឿងបែបនេះនោះទេ។ ប៉ុន្តែ គាត់និង សហគមន៍ នឹងបន្ត រង់ចាំមើល ការស៊ើបអង្កេតរបស់ប៉ូលីស ដែលនឹងផ្តល់ ព័ត៌មានបន្ថែម ដល់ពួកគាត់ផងដែរ។


រូបភាពៈ ព្រះអង្គគីម ករុណា ព្រះជន្ម២៩វស្សា (ធ្វេង) , ព្រះអង្គ ឡាំ ថា ព្រះជន្ម ៥៩វស្សា (ស្តាំ)

យ៉ាងណាមិញ ប៉ូលីសបានបញ្ជាក់ថា នៅថ្ងៃកើតហេតុ នៅពេលប៉ូលីស ទៅកន្លែងកើតហេតុ គឺឃើញ ព្រះអង្គចៅអធិការ ឡាំ ថា នៅខាងក្រៅ បន្ទប់មួយ ក្នុងកុដិ ខណៈ ដែល ព្រះសង្ឃ គីម ករុណា ស្ថិតនៅបន្ទប់កុដិ ក្នុងស្ថានភាព របួសធ្ងន់ធ្ងរ គួរឲ្យរន្ធត់ ។

ក្នុងនោះបើតាមសំដី ស្នងការ ក្នុងតំបន់នេះ លោក James Johnson បាននិយាយថា គឺគ្មានសាក្សីណាមួយ នៅកន្លែងកើតហេតុនោះទេ ដែលធ្វើឲ្យគាត់ មិនដឹងច្បាស់ថា ព្រះសង្ឃអង្គណា ដែលបាញ់ខ្លួនឯងមុន ឬ បាញ់ព្រះអង្គដទៃ ហើយបាញ់ខ្លួនឯងនោះទេ។ ប៉ុន្តែ លោក James និយាយថា ករណីនេះអាច ជាជម្លោះរវាង ព្រះសង្ឃទាំងពីរអង្គ ទើបធ្វើឲ្យមាន ព្រះសង្ឃមួយអង្គ បាញ់ព្រះសង្ឃ មួយអង្គទៀត ។

រូបភាពៈ បន្ទប់មួយ ជាកន្លែងកើតហេតុនេះ

ទោះបីជាយ៉ាងណា លោកស្នងការ James និយាយថា អ្នកស៊ើបអង្កេតនៅតែ មិនដឹងអំពី ជម្លោះរវាង ព្រះសង្ឃទាំងពីរនេះ ជាអ្វីនោះឡើយ ដោយសារតែ ការធ្វើសាកសួរ ព្រះសង្ឃដទៃទៀត គង់ក្នុងវត្តនេះ ពិបាកក្នុង សាកសួរ ពីព្រោះមានបញ្ហា ទំនាក់ទំនង ក្នុងការប្រើប្រាស់ភាសា ដោយសារស្តាប់គ្នា មិនយល់ ។

លោក James ក៏បានបញ្ជាក់ថា ក្នុងវត្តនេះ មានព្រះសង្ឃជាង ១០អង្គ គង់នៅ ហើយក្នុងវត្តនេះ មិនដែលមាន រឿងហេតុកើតឡើង ពីមុន នោះឡើយ ហើយទីនោះ ជាកន្លែងសុខសន្តិភាពផងដែរ។ បើតាមសំដី លោក Thanh Tan ជាពុទ្ធបរិស័ទជើងវត្ត ម្នាក់ និយាយថា គាត់ភ្ញាក់ ផ្អើលពេលដឹងរឿងនេះ ដោយសារតែ វត្តនេះ គឺជាទីសក្ការៈបូជាពុទ្ធសាសនា ដ៏សុខសន្តិភាព មិនដែលមានរឿងហេតុ កើតឡើងនោះទេ ៕

រូបភាពៈ ឧបករណ៍សម្រាប់បាញ់ដែកគោលប្រភេទនេះ ដែលត្រូវបានប្រើក្នុងពេលកើតហេតុ

រូបភាពៈ ប៉ូលីសនិងអ្នកធ្វើអង្កេតធ្វើការសាកសួរព្រះសង្ឃដទៃ ដែលគង់នៅក្នុងវត្តនេះ

ប្រភព dailytelegraph| smh

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]