រាជធានីភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូ ឌុបកូនទៅស៊ីឈ្នួល ជៀរសាច់គោឱ្យគេ ត្រូវក្រុមជនសង្ស័យ មួយក្រុមជិះម៉ូតូ បីគ្រឿងមកកៀប និងបានយកកាំភ្លើង ភ្ជង់ប្លន់យកម៉ូតូ បុរសរូបនោះ ជិះគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៤ទៀបភ្លឺ ឈានចូលថ្ងៃទី៣១ តុលា ២០១៤ នៅចំណុច ផ្លូវម៉ៅសេទុង កែង និង ផ្លូវលេខ១៩៣ ស្ថិតក្នុងសង្កាត់ ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។

ជនរងគ្រោះទី១. ឈ្មោះ ស្មាន សេន ភេទប្រុស អាយុ៤០ឆ្នាំ ចំណែកជនរងគ្រោះ ទី២. ឈ្មោះ សា លី ភេទប្រុស អាយុ១៧ឆ្នាំ ។ ជនរងគ្រោះទាំងពីរនាក់ គឺជាឪពុកកូន ហើយរស់នៅក្នុង ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គឺបុរសរងគ្រោះ បានជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1CJ-5427 ឌុបកូនប្រុសឈ្មោះ សាលី ចេញពីផ្ទះនៅ សង្កាត់ព្រែកប្រា ទៅធ្វើការស៊ីឈ្នួល ជៀរសាច់គោឱ្យគេ នៅសង្កាត់បឹងសាឡាង ខណៈធ្វើដំណើរមកដល់ ចំណុចកើតហេតុ ក៏មានក្រុមជនសង្ស័យ មួយក្រុមជិះ ម៉ូតូបីគ្រឿង បានជិះម៉ូតូមកកៀបម៉ូតូ របស់ជនរងគ្រោះ ដោយម៉ូតូជនសង្ស័យ ពីរគ្រឿង ម៉ាក ស៊ុយស៊ូគីនិច និង ម៉ាក វីវ៉ា ជិះមកកៀបសងខាង ម៉ូតូជនរងគ្រោះ និងម៉ូតូហុងដាឌ្រីម មួយគ្រឿងទៀត របស់ក្រុមជនសង្ស័យ ឈប់ស្ទាក់ពីមុខជាប់។ បន្ទាប់មកក្រុម ជនសង្ស័យបាន យកកាំភ្លើងគំរាម ឱ្យបុរសរងគ្រោះ ប្រគល់ម៉ូតូឱ្យក្រុម ពួកវាតាមសម្រួល តែជនរងគ្រោះមិនព្រម ក្រុមជនសង្ស័យ ក៏បានដកសោម៉ូតូ ពីជនរងគ្រោះ និងបានយក កាំភ្លើងមកវាយ ចំថ្ពាល់ខាងឆ្វេង និងកំភួនដៃខាងស្តាំ របស់ជនរងគ្រោះ បណ្តាលឱ្យ របួសហូរឈាម ។ បន្ទាប់មកទៀត ក្រុមជនសង្ស័យ ក៏បានដកកាំភ្លើង អាមេភ្ជង់គំរាម ជនរងគ្រោះឱ្យ ចុះពីលើម៉ូតូ រូចក្រុមជនសង្ស័យ បានឡើងជិះម៉ូតូ របស់ជនរងគ្រោះ បើកគេចខ្លួន ដោយសុវត្ថិភាព ដោយបន្សល់ទុក នៅជនរងគ្រោះពីរនាក់ ឪពុក និងកូនឈរសោកស្តាយ ម៉ូតូនៅកន្លែងកើតហេតុ ។

បន្ទាប់ពីក្រុមជនសង្ស័យ ប្លន់ម៉ូតូជិះគេចខ្លួន ដោយសុវត្ថិភាពហើយនោះ គេបានឃើញសមត្ថកិច្ច នៅប៉ុស្តិ៍ទំនប់ទឹក និង សមត្ដកិច្ចនៅប៉ុស្តិ៍ ទួលស្វាយព្រៃពីរ បានចុះមកដល់ កន្លែងកើតហេតុ ក៏បានប្រកែកគ្នា មួយប្រាវដោយ និយាយពីទឹកដី កើតហេតុស្ថិតនៅក្នុង សង្កាត់ទំនប់ទឹក ឬ សង្កាត់ទួលស្វាយព្រៃទី២ ព្រោះកន្លែងកើតហេតុ គឺស្ថិតនៅចំណុច ជាប់គ្នារវាង សង្កាត់ទាំងពីរនេះ។ ពេលនោះសមត្ថកិច្ច បានឱ្យជនរងគ្រោះ ចង្អុលទៅទីទាំងកើតហេតុ ហើយជនរងគ្រោះ ក៏បានចង្អុលទៅ ទីតាំងស្ថិតក្នុង សង្កាត់ទួលស្វាយព្រៃទី២ ។

ក្រោយពីប្រកែក រកទីតាំងកើតហេតុ ច្បាស់លាស់ហើយ នោះសមត្ថកិច្ច ប៉ុស្តិ៍នគរបាល រដ្ឋបាលទំនប់ទឹក ក៏បានជិះម៉ូតូ ត្រឡប់ទៅកន្លែងវិញ ចំណែកសមត្ថកិច្ច ប៉ុស្តិ៍ទួលស្វាយព្រៃទី២ បានបាននាំជនរងគ្រោះ ជិះទៅដាក់ពាក្យ បណ្តឹងតែម្តង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]