មុិចស៊ីកូ៖ រូងក្រោមដី ដែលជាកន្លែង ស័ក្តិសិទ្ធិមួយ ត្រូវក្រុមបុរាណវិទូ រុករកឃើញ នៅក្នុងទីក្រុងបុរាណ របស់ប្រទេសមិុចស៊ីកូ Teotihuacan ដែលក្នុងរូងនេះ មានវត្ថុបុរាណ ធ្វើពី ឈើ  ថ្ម  គ្រឿងអលង្ការ និង សំបកខ្យង ជាង ៥០,០០០ ហើយ អ្នកបុរាណវិទូ និយាយថា អាចនឹងរកឃើញ ផ្នូរសេ្តចមុិចស៊ីកូ សម័យបុរាណទៀត ក្នុងរូងនេះ។


រូងបុរាណនេះ មានអាយុកាលជាង ១៨០០ ឆ្នាំមុន ជាទីកន្លែងស័ក្តិសិទ្ធិមួយ ស្ថិតនៅក្រោម ប្រាសាទភ្នំ មួយឈ្មោះ Plumed Serpent ដែលមានទីតាំង ៥០ គីឡូម៉ែត្រ ពីទីក្រុងមុិចស៊ីកូ។ សំរាប់ប្រវត្តិនៃ សំណង់ប្រាសាទ និង រូងនេះ ត្រូវបាន លាក់កប់ទុក នៅក្នុង អាថ៌កំបាំង ពីព្រោះ គ្មានការកត់ត្រា ណាមួយ ត្រូវបានរក្សាទុក នោះឡើយ។

បើតាមសំដី អ្នកបុរាណវិទូម្នាក់ លោក Sergio Gomesz បានឲ្យដឹងថា ច្រកចូល ក្នុងរូងបុរាណនេះ ត្រូវបាន រកឃើញ ជាលើកដំបូង នៅក្នុងឆ្នាំ ២០០៣ ដោយ ការប្រើមនុស្សយន្ត តូចសំរាប់ រុករកក្នុងរូង មួយគ្រឿង ដែលធ្វើឲ្យ អ្នកស្រាវជ្រាវ ដឹងថាក្នុងរូងនេះ មានវត្ថុបុរាណ ជាច្រើន បន្ទាប់មក អ្នកស្រាវជ្រាវ ក៏បាន ធ្វើការ កកាយចូល ទៅក្នុងរូងបុរាណ និង រកឃើញវត្ថុបុរាណជា ច្រើនប្រភេទ។

ក្នុងការរករុកនេះ បានរកឃើញ វត្ថុចំនួនជាង ៥០,០០០ ប្រភេទ ដែលក្នុងនោះ ៤,០០០ ប្រភេទ ធ្វើពីឈើចម្លាក់ ដ៏ស្រស់ស្អាត ធ្វើពីថ្មជាច្រើន  និង គ្រឿងអលង្ការ  សំបកគ្រុំខ្យង និង ក្បាលព្រួញជាដើម។ វត្ថុបុរាណដែល រកឃើញនេះ ក៏អាចបង្ហាញ ពីរបៀបរស់នៅ និង ការរក្សាទុក សំភារៈ នៅក្រោមដី របស់ មនុស្សសម័យបុរាណ ក្នុងទីក្រុងនេះ ផងដែរ។  

លោក Sergio Gomesz ដែលជាបុគ្គលិក ក្នុងវិទ្យាស្ថានប្រវតិ្តសាស្ត្រ ម៉ិចស៊ីកូ បានបន្ថែមថា បើតាមទំហំ នៃវត្ថុបុរាណនានា ដែលក្រុមរបស់គាត់រកឃើញនេះ  គឺនឹងមានលទ្ធផល រកឃើញ ផ្នូរបុរាណរបស់ស្តេចសម័យនោះ ហើយក្រុមស្រាវជ្រាវនេះ នឹងបន្តធ្វើការ រុករក នៅឆ្នាំក្រោយនេះ ។

គូសបញ្ជាក់ផងដែរថា រូងនេះ គឺស្ថិតនៅក្នុង ទីក្រុងបុរាណ Teotihuacan ដែលជាទីកន្លែង ទេសចរណ៍ដ៏ល្បី ដោយសារ ទីក្រុង នេះមាន សំណង់ប្រាសាទ បុរាណ ជាច្រើន និង ព្រមទាំងជាទីកន្លែង តំបន់ប្រវត្តិសាស្ត្រល្បី ដូចជាទីក្រុងសៀមរាបអង្គរ របស់ប្រទេសកម្ពុជាដែរ៕  

រូបភាពៈ វត្ថុបុរាណ នៅក្នុងរូងក្រោមប្រាសាទនេះ

ប្រភព៖ Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]