រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវ រថយន្តហ៊ីយ៉ាន់ដាយ កិនស្លាប់យ៉ាង អាណោចអធ័ម នៅនឹងកន្លែង កើតហេតុបន្ទាប់ ពីជិះម៉ូតូទៅបុក រថយន្តហីុយ៉ាន់ដាយ ដឹកគ្រឿងចក្របើកឆ្លងផ្លូវ ។ ហេតុការណ៍ខាងលើនេះ កើតឡើងកាលពី វេលាម៉ោង៣ និង១០នាទីទៀបភ្លឺ ថ្ងៃទី៣០ តុលា ២០១៤ នៅចំណុចមុខ ក្រុមហ៊ុនវឌ្ឍនៈ តាមបណ្តោយ ផ្លូវជាតិលេខ៥ ស្ថិតក្នុង ក្រុម១៨ភូមិ២ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះមានឈ្មោះ លី សុគ្រី ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិ ខ្មែរ-ឥស្លាម រស់នៅក្នុងភូមិ១ សង្កាត់ច្រាំងចំរេះ ខណ្ឌឬស្សីកែវ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូស្មាស វី ពណ៌ក្រហម លាយ ខ្មៅ មួយគ្រឿង តែម្នាក់ឯង ដោយធ្វើដំណើរយ៉ាងលឿន តាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ ចំណុចកើតហេតុ ក៏បានជ្រុលទៅបុក រថយន្តម៉ាកហ៊ីយ៉ាន់ដាយ មួយគ្រឿង ដឹកគ្រឿងចក្រចេញ ពីក្រុមហ៊ុនវឌ្ឍនៈ បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយ ព្រូរថយន្តម្នាក់ទៀត បើកឆ្លងផ្លូវជាតិលេខ៥ ក្នុងទិសដៅ ពីកើតទៅលិច ពេញទំហឹងបណ្តាល ឱ្យដួលម៉ូតូ និងមនុស្សទៅ ក្រោមរថយន្ត ត្រូវរថយន្តកិនស្លាប់ ភ្លាមមួយរំពេច។ បន្ទាប់មកគេឃើញ បុរសបើករថយន្តបង្ក និង ព្រូរថយន្តចុះ ពីលើរថយន្ត ជិះម៉ូតូឌុបគេចខ្លួន បាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមក ពិនិត្យវាស់វែង និងទាក់ទងក្រុមគ្រួសារ ឱ្យមកទទួលយក សពបុរសរងគ្រោះ ទៅធ្វើបុណ្យតាមប្រពៃណី ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]