រាជធានីភ្នំពេញ ៖ បុរសជិះរថយន្តទំនើបម្នាក់ បានបើករថយន្ត ក្នុងស្ថានភាពស្រវឹងទៅបុក ម៉ូតូម៉ាក អិុចសិុនធ័រ មួយគ្រឿងជិះដោយ យុវជនពីរនាក់ បណ្តាលឱ្យរងរបួស រលាត់ដៃជើង និងខូចខាតសម្ភារ មានតម្លៃមួយចំនួន បន្ទាប់មកបុរសរូបនោះ បានបើករថយន្តគេចខ្លួន ដោយមិនទទួលខុសត្រូវ បង្កឱ្យជនរងគ្រោះ ផ្ទុះកំហឹងលើកម៉ូតូ ដេញតាមរហូតដល់ក្លឹប ណូវ៉ា ដែលជាកន្លែង បុរសជិះរថយន្តបង្ក ចូលទៅលាក់ខ្លួន នៅទីនោះ ។ ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង១២ និង១០ នាទីអាធ្រាត្រ ឈានចូលថ្ងៃទី ៣០ តុលា ២០១៤ នៅចំណុចមុខ អតីតរោងភាពយន្ត វិមានទិព្វ នៅផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។

យុវជនរងគ្រោះទី១. មានឈ្មោះ លឹម ឆាយហេង អាយុ២២ឆ្នាំ ចំណែកជនរងគ្រោះ ទី២. ឈ្មោះ ចិន ភេទប្រុស អាយុ២៤ឆ្នាំ ។ ជនរងគ្រោះទាំងពីរ រស់នៅផ្លូវម្តុំផ្លូវ៣១០ ស្ថិតក្នុងសង្កាត់ បឹងកេងកង២ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនពីរនាក់ ជិះម៉ូតូម៉ាកអិុច សិនធ័រ មួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខន គរបាល 1-0274 ដោយធ្វើដំណើរឌុបគ្នា តាមផ្លូវព្រះមុនីវង្ស ខណៈមកដល់ ចំណុចកើតហេតុ ក៏ត្រូវបានរថយន្ត មួយគ្រឿង ម៉ាកឡិច ស៊ីស ៤៧០ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AD-6181 បើកដោយបុរស ស្រវឹងស្រាម្នាក់ បានបើកមកបុកម៉ូតូ ដែលជិះដោយ យុវជនពីរនាក់ បណ្តាលឱ្យ យុវជនពីរនាក់នោះ រងរបួស និងខូចខាតរបស់របរ មានតម្លៃមួយចំនួន ។ បន្ទាប់ពីបើករថយន្ត បុកម៉ូតូបណ្តាលឱ្យ មនុស្សរងរបួសហើយនោះ បុរសជិះរថយន្តទំនើប មិនបានឈប់ មើលជនរងគ្រោះទេ ដែលធ្វើឱ្យ ជនរងគ្រោះខឹង ក៏លើកម៉ូតូជិះដេញតាម ទាំងឈឺមុខរបួស ហើយពេលដែលឃើញ ជនរងគ្រោះជិះម៉ូតូ ដេញតាមរថយន្ត របស់ខ្លួនដូច្នេះ បុរសជិះរថយន្តទំនើបនោះ បានទម្លាក់កញ្ចក់រថយន្ត លើកដៃធ្វើសញ្ញា ឌឺងដងឱ្យ យុវជនរងគ្រោះ ដែលជាហេតុ ធ្វើឱ្យជនរងគ្រោះ កាន់តែមានកំហឹង ជាមួយបុរសរូបនោះ កាន់តែខ្លាំងឡើង រហូតជិះម៉ូតូតាម ជនបង្កគ្មានទីបញ្ចប់ ។

ខណៈបើកគេចខ្លួន អស់មួយសន្ទុះ បុរសជិះរថយន្ត ទំនើបនោះបានជិះមក ដល់ក្លឹបកម្សាន្តណូវ៉ា ហើយចតរថយន្តចោល ចូលទៅសម្ងំ នៅក្នុងក្លឹបបាត់ ហើយជនរងគ្រោះ ក៏បានជិះតាម មកដល់មុខក្លឹប និងរករឿងឱ្យបុរសបង្ក គ្រោះថ្នាក់ចរាចរណ៍ ឱ្យចេញមកដោះស្រាយគ្នា  ។ ក្នុងពេលនោះផងដែរ គេឃើញនគរបាល ប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងរាំង ចុះមកអន្តរាគមន៍ដែរ តែដូចជាមិនឃើញ មានចំណាត់ការ អ្វីទាល់តែសោះ  រហូតជនរងគ្រោះ នៅតែស្រែកទាមទារ ឱ្យបុរសជិះរថយន្ត ទំនើបនោះចេញ មកដោះស្រាយ ដែលបង្កឱ្យមាន ការភ្ញាក់ផ្អើលដល់ អ្នកសារព័ត៌មាន ចុះមកផ្តិតយករូបភាព។ មួយសន្ទុះក្រោយមក គេឃើញបុរសម្នាក់ ឈ្មោះ ថា ជាមិត្តភក្តិរបស់ បុរសបើករថយន្តបង្ក និងជាអ្នកមានរស់នៅ ក្បែរខាងរបស់ ជនរងគ្រោះបាន បើករថយន្តម៉ាក ឡិចសីុស៥៧០ មកដល់ក្លឹបណូវ៉ា ដើម្បីមកជួយអន្តរាគមន៍។ ដោយឃើញ អ្នកសារព័ត៌មាន មកផ្តិតយករូបភាព កាន់តែច្រើនឡើងនោះ សន្តិសុខក្លឹប ក៏បានចូលទៅហៅ បុរសបង្កគ្រោះថ្នាក់ ចរាចរណ៍ចេញមកដោះ ស្រាយគ្នាហើយបុរសនោះ ក៏ដើរចេញមកក្រៅ និងប្រកែកគ្នាជាមួយ ជនរងគ្រោះដោយ មិនព្រមសងសំណង ខូចខាតតាមការ ទាមទាររបស់ជនរងគ្រោះ ចំនួន៥០០ដុល្លារនោះទេ  ដោយបុរសរូបនោះ ដើរសំដៅឡើងជិះ រថយន្តឡិច ស៊ីស៥៧០ របស់មិត្តភក្តិខ្លួនទៅវិញ ដែលកាន់តែធ្វើឱ្យ ជនរងគ្រោះផ្ទុះកំហឹង និងបានបន្លយពាក្យសម្តី ដាក់បុរសរូបនោះថា << បើមិនសងសំណង ៥០០ដុល្លារទេ អញ្ជឹងឱ្យសមត្ថកិច្ច វាស់វែងយកទៅ ដោះស្រាយនៅក្រុងទៅ>> ។

នៅចុងបញ្ចប់ ជនរងគ្រោះបាន ឱ្យសមត្ថកិច្ច ដែលចុះមកអន្តរាគមន៍ នៅកន្លែងកើតហេតុ ជួយឃាត់រថយន្ត របស់ជនបង្កកុំ ឱ្យបើកចេញទៅ រហូតដល់ដល់ នាទីចុងក្រោយ បុរសបើករថយន្ត បង្កគ្រោះថ្នាក់រូបនោះ ក៏ព្រមចេញសំណង ការខូចខាតចំនួន ៥០០ដុល្លារទៅតាម ការទាមទាររបស់ជន រងគ្រោះដើម្បីបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]