ចិន៖ និស្សិតស្រី ជនជាតិចិនម្នាក់ មិនត្រឹមតែមាន រូបសម្រស់ស្រស់ស្អាត នោះទេ ថែមទាំងមាន គំនិតច្នៃប្រឌិត ដោយបើកកន្លែង បិតអេក្រង់ ទូរស័ព្ទដៃ នៅក្នុងសាកលវិទ្យាល័យ របស់នាងដើម្បីរក ប្រាក់ចំណូលបន្ថែម។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា និស្សិតស្រីឈ្មោះ លី មកពីទីក្រុង Shaoyang ខេត្ត Hunan ជានិស្សិតផ្នែករបាំ នៅក្នុងសាកលវិទ្យាល័យ Liaoning University Benshan Art Academy បានរៀនពីរបៀប បិតអេក្រង់ទូរស័ព្ទ តាមអ៊ីនធើណេត។ ដំបូងឡើយលី បានបិតអេក្រង់ ទូរស័ព្ទដៃ របស់នាង ប៉ុន្តែបិតមិនបាន នាងក៏បើកអ៊ីនធើណេត មើលពីវិធីបិត និង រៀនបិតតាមគេ ពេលនាងចេះបិតស្ទាត់ ក៏មានមិត្តភក្តិ របស់នាង ពឹងឲ្យជួយបិតឲ្យ។

ជាមួយគ្នានេះដែរ ដោយមានជំនាញ ក្នុងការបិតអេក្រង់ទូរស័ព្ទ បានយ៉ាងស្ទាត់ហើយនោះ លី ក៏បានបើកកន្លែង បិតអេក្រង់ទូរស័ព្ទ កាលពី មួយខែមុន នៅក្នុងសាកលវិទ្យាល័យ ក្បែរអាហារដ្ឋាន ដោយដាក់ឈ្មោះថា “Screen Protector Girl”។ ក្នុងនោះដែរ លី ក៏បាននិយាយដែរថា៖ «នៅថ្ងៃទី១ ដែលខ្ញុំ បើកកន្លែងនេះ មានមនុស្សជាច្រើន បានសម្លឹងមកខ្ញុំ ហើយថតរូបខ្ញុំទៀត នេះប្រហែលជា គេគិតថា អ្វីដែលខ្ញុំធ្វើ គឺ ចម្លែកហើយ, នៅក្នុងថ្ងៃដំបូង ខ្ញុំទទួលបាន តែអតិថិជនម្នាក់ ប៉ុណ្ណោះ ដែលមិត្តខ្ញុំណែនាំឲ្យមក ប៉ុន្តែខ្ញុំ នៅតែសប្បាយចិត្ត ព្រោះ យ៉ាងហោចណាស់ ក៏មានម្នាក់ដែរ វាប្រសើរជាងអត់»។

ក្នុងនោះដែរ បន្ទាប់ពីថ្ងៃនោះមក អ្នកមកបិតទូរស័ព្ទ នៅកន្លែងរបស់នាង កាន់តែច្រើនឡើងៗ ដែលធ្វើឲ្យ អាជីវកម្មរបស់នាង អាចរកប្រាក់ ចំណូល បានយ៉ាងច្រើន។ មិនត្រឹមតែប៉ុណ្ណោះ លី ក៏បានបង្កើត ការផ្សព្វផ្សាយអាជីវកម្មរបស់នាង នៅក្នុង WeChat ដែលទទួលបាន ប្រជាប្រិយភាព យ៉ាងខ្លាំង។ លើសពីនេះទៅទៀត លី ក៏មានសេវាកម្ម បិតអេក្រង់ទូរស័ព្ទដៃ ដល់ផ្ទះផងដែរ ជាមួយនឹង ការកក់ទុកមុន។

យ៉ាងណាមិញ លី មិនមាន ការខ្មាសអៀន ដែលប្រកបអាជីវកម្មមួយនេះ នៅក្នុងសាលានោះទេ ព្រោះវាអាចឲ្យនាង រកប្រាក់ចំណូល ដោយខ្លួនឯង ហើយនាងថែមទាំង មានគំរោងធ្វើការបង្រៀន ពីវិធីបិតអេក្រង់ទូរស័ព្ទដៃ ដល់និស្សិតដទៃទៀត ដែលចង់រកប្រាក់ចំណូល ដើម្បីផ្គត់ផ្គង់ការសិក្សាផងដែរ៕




ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]