សហរដ្ឋអាមេរិក៖ យោងតាមប្រភពព័ត៌មាន BBC បានឲ្យដឹងថា យានអវកាសគ្មានមនុស្សបើក របស់សហអាមេរិកមួយគ្រឿង បានផ្ទុះឡើង ក្នុងអំឡុងពេល ចេញដំណើរពីរដ្ឋ Virginia សហរដ្ឋអាមេរិក កាលពីវេលាម៉ោង៦ និង២២នាទីល្ងាច។ ប្រភពដដែលបានបន្តទៀតថា យានអវកាស គ្មានមនុស្សបើក មួយគ្រឿងនោះ មានឈ្មោះថា Antares បង្កើតឡើងដោយក្រុមហ៊ុន Orbital Sciences Corp បានផ្ទុះឡើង បន្ទាប់ពីហោះចេញ ពីប្រលានយន្តហោះ Wallops Flight Facility បានប៉ុន្មានវិនាទី រួចក៏បានធ្លាក់ចុះមកដី ផ្ទុះកក្រើកម្តងទៀត។

ទោះបីជាយ៉ាងណា មូលហេតុដែលបង្កឲ្យមាន ដំណើរការមិនប្រក្រតី និងការផ្ទុះនេះ មិនទាន់ត្រូវបានគេដឹង នៅឡើយទេ។

គួរបញ្ជាក់ផងដែរថា ការហោះហើរនេះ គឺជាការចុះកិច្ចសន្យា នៃបេសកកម្មទី៣ ជាមួយនឹង National Aeronautics and Space Administration។ ជាមួយគ្នានេះដែរ ការបង្ហោះយានអាវកាស គ្មានមនុស្សបើកនេះ គឺសម្រាប់ផ្គត់ផ្គង់ទៅឲ្យ អាវកាសចរចំនួន៦នាក់ នៅលើស្ថានីយ៏ អាវកាសអន្តរជាតិ International Space Station ខណៈយានមួយនេះ បានផ្ទុកអាហារ និងឧបករណ៏ជាច្រើន មានទំងន់រហូតដល់ទៅ ៥,០០០ផោន ឬ ២,២០០គីឡូក្រាមឯណោះ។

លោក Frank Culbertson អនុប្រធានប្រតិបត្តិនៃវិទ្យាសាស្រ្តគន្លង បានឲ្យដឹងថា គ្មានបញ្ហាណាមួយ ត្រូវបានរាយការណ៏ឡើយ នៅមុនពេលដំណើរការ ការបង្ហោះយានអាវកាសនោះ។ យ៉ាងណាក៏ដោយ នៅក្នុងហេតុការណ៏មួយនេះ មិនមាននរណាម្នាក់ រងគ្រោះថ្នាក់ឡើយ។

លោក Jonathan Amos អ្នកយកការផ្នែកវិទ្យាសាស្រ្ត របស់ BBC បាននិយាយថា «នៅថ្ងៃពុធ ទី២៩ ខែតុលា ព្រឹកមិញនេះ ក្រុមអ្នកស៊ើបអង្កេត បានទៅពិនិត្យមើលកំទេចកំទី នៅជុំវិញកន្លែងកើតហេតុ ហើយ។ ការស៊ើបអង្កេត នឹងមិនលោតទៅរក ការសន្និដ្ឋានភ្លាមឡើយ ប៉ុន្តែការស៊ើបអង្កេត ច្បាស់ណាស់ថា នឹងត្រូវផ្តោតសំខាន់ ទៅលើម៉ាស៊ីនប្រភេទ AJ-26 របស់យានអាវកាស គ្មានមនុស្សបើកនោះ»៕

សូមទស្សនាវីដេអូ នៅពេលកើតហេតុ៖





ប្រភព ៖ BBC

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]