បរទេស៖ បុរសម្នាក់ ពិតជាអ្នកដំណើរ ផ្សងព្រេង ដ៏អស្ចារ្យ ដោយសារតែ គាត់ បានចាកចេញពីផ្ទះ និង ឈប់ធ្វើការងារ តាំងពីអាយុ ៣០ឆ្នាំ  ដើម្បីធ្វើដំណើរ ជុំវិញពិភពលោក ជាមួយប្រពន្ធ របស់គាត់ ដោយ ឆ្លងកាត់ ស្ទើរគ្រប់ប្រទេស ជុំវិញពិភពលោក ។

តាមប្រភព ព័ត៌មានបានឲ្យដឹងថា កាលពីដំបូងឡើយ នៅក្នុងឆ្នាំ១៩៨៨ លោក Gunther Holtorf ដែលរស់នៅ តំបន់ Bavaria ប្រទេសអាល្លឺម៉ង់ បានរៀបចំ គម្រោងធ្វើដំណើរតែ ១៨ខែ ក្នុង ទ្វីបអាហ្វ្រិកតែប៉ុណ្ណោះ។ ប៉ុន្តែអ្វីដែល មិននឹកស្មាន ដល់នោះ គឺគាត់បានសម្រេចចិត្ត បន្តធ្វើដំណើរ តាមរយៈ រថយន្ត ចាស់របស់គាត់ ស៊េរី Mercedes Benz មានឈ្មោះក្រៅ ហៅថា Otto អស់រយៈពេល ជិត ៣ទសវត្ស ឆ្លងកាត់ ២១៥ ប្រទេស ឯណោះ ។

លោក Gunther បានបោះបង់ ការងារ នៅអាយុ៣០ឆ្នាំ ហើយគាត់ និង ប្រពន្ធរបស់គាត់ Christine ក៏សម្រេចធ្វើដំណើរ ផ្សងព្រេង ដោយ ជិះឡាន របស់គាត់ ចេញពី តំបន់រស់នៅ របស់គាត់ នៅប្រទេសអាល្លឺម៉ង់ ទៅកាន់ទ្វីបអាហ្រ្វិក។ ក្រោយពី ធ្វើជុំវិញទ្វីបអាហ្វ្រិករួចមក ប្តីប្រពន្ធ ពីរនាក់នេះ ក៏បាន សម្រេចចិត្ត ធ្វើដំណើរផ្សងព្រេង បន្តទៀត ជុំវិញពិភពលោក ដោយពួកគេបាន កែច្នៃ កន្លែងអង្គុយផ្នែក ខាងក្រោយនៃ ឡានឲ្យមានភាព ទូលាយ សំរាប់ទុកសំលៀកបំពាក់ និង ឧបករណ៍ប្រើប្រាស់ ចាំបាច់នានា។

ក្រោយពី ចាកចេញពី ទ្វីបអាហ្វ្រិក ពួកគាត់ បានធ្វើដំណើរ ទៅកាន់ ទ្វីបអាមេរិកខាងជើង អាមេរិកខាងត្បូង អាស៊ី អូស្ត្រាលី និង អឺរ៉ុប ជាមួយឡាន របស់គាត់ ដែលពេលខ្លះ ឡានគាត់ ត្រូវបានដឹកតាម កប៉ាល់ នៅពេលគាត់ ត្រូវចាកចេញ ពីទ្វីបមួយ ទៅទ្វីបមួយទៀត តាមមហាសមុទ្រ នានា។

ចំពោះ សំណួរថា តើ គូស្នេហ៍មួយគូនេះ នឹងមានលទ្ធភាព អ្វីសំរាប់ផ្គត់ផ្គង់ ជីវិត រយៈពេល២៦ឆ្នាំនេះ? តាមប្រភព ព័ត៌មានបានឲ្យដឹងថា ពួក គាត់ អាចធ្វើដំណើរ បានយ៉ាងយូរនេះ ដោយសារ ប្រើប្រាស់លុយ ដែលពួកគាត់ បានសន្សំទុក ហើយពួកគាត់ បានទិញម្ហូបអាហារ ពីតាម ផ្សារតាមតំបន់ និង គេង ក្នុងឡានរបស់ពួកគាត់។ លើសពីនេះពួកគាត់ ក៏មិន ដែលចូលទៅដេក ក្នុងសណ្ឋារគារ ឬ ចូលពិសាអាហារ ក្នុង ភោជនីយដ្ឋាន នោះទេ គឺ ពួកគាត់ ដើរទិញឥវ៉ាន់ តាមផ្សារធម្មតា និង ចំអិនអាហារ ពិសាដោយពួកគេផ្ទាល់។

ក្នុងនោះលោក Gunther ក៏បាននិយាយ ពីបទពិសោធន៍ នៃដំណើរផ្សងព្រេង នេះថា គាត់បានជួបមនុស្សជាច្រើន ជុំវិញពិភពលោក ហើយ គាត់ថា ដំណើរកំសាន្តនេះ មិនជារបៀបអ្នកទេសចរ នោះទេ ពីព្រោះរឿង ជាច្រើន គាត់បានឆ្លងកាត់ និងត្រូវជួប ស្ថានភាពអាក្រក់ ត្រូវ អត់ធ្មត់បំផុត ។ ពេលខ្លះ គាត់ត្រូវទៅកាន់ តំបន់គ្មានអ៊ីនធើណេត គ្មានទូរស័ព្ទទំនាក់ទំនងជាដើម។ ក្រៅពីនេះ  គាត់បាននិយាយបន្ថែមថា ប្រពន្ធរបស់គាត់ បានស្លាប់ កាលពី ឆ្នាំ ២០១០ ដោយសារ ជំងឺមហារីក ហើយប្រពន្ធរបស់គាត់បាន ប្រាប់គាត់ឲ្យ ធ្វើដំណើរបន្តទៀត និងធ្វើអ្វីៗ ដែលគាត់ធ្វើជំនួសនាង។ បន្ទាប់មកគាត់ នៅតែមិនបោះបង់ ចោលការធ្វើដំណើរ ផ្សងព្រេងនេះ ហើយបន្តដំណើរ ផ្សងព្រេងដោយ ដាក់រូបថត របស់ប្រពន្ធ គាត់នៅក្នុងឡាន និង បន្តដំណើរ ទៅកាន់ប្រទេស ចិន ស្រីលង្កា កូរ៉េខាងជើង និងជប៉ុន បន្តទៀត។

គួរបញ្ជាក់ដែថា  នៅឆ្នាំនេះ គាត់ក៏បានត្រលប់មក ស្រុកកំណើតក្នុង ប្រទេសអាល្លឺម៉ង់វិញ ដែលពេលនេះ គាត់ មានអាយុ ៧៧ឆ្នាំ ហើយ គាត់ បាន និយាយប្រាប់ ប្រភពព័ត៌មានថា អ្វីដែលត្រូវ ចងចាំ ក្នុងដំណើរ ផ្សងព្រេងនេះ គឺត្រូវចងចាំនូវ ឡានចាស់ របស់គាត់ ដែលធ្វើឲ្យ គាត់ អាចធ្វើដំណើរ ២៦ឆ្នាំបាន។ អ្វីដែលគាត់ ចង់បាន នោះគឺ ចង់ឲ្យ គេយកឡាន របស់គាត់ ដាក់ក្នុងសារមន្ទីរ ដើម្បី ឲ្យឡាននេះ ត្រូវបានគេឃើញ និង ស្គាល់ ពីមនុស្សទូទៅគ្រប់ៗគ្នា៕

រូបភាពៈ ទីកន្លែងនានាដែលគាត់បានទៅដល់ជាមួយនិងឡានរបស់គាត់


ប្រភព បរទេស

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]