អាមេរិក៖ វាទំនងអាចជា ដំណឹងល្អ សំរាប់សិស្ស ដែលតែងតែ ទៅរៀន មិនទាន់ម៉ោង បណ្តាលមកពី ផ្លូវ ទៅរៀនឆ្ងាយ ឬក៏ មធ្យោបាយ ធ្វើដំណើរ របស់ពួកគេ មានលក្ខណៈ យឺតយ៉ាវជាដើម ដោយសារ តែ ពេលនេះ មាន បុរសម្នាក់ បានសាកល្បងយករថយន្ត ដឹកសិស្សមកបំពាក់ ថាមពល ប្រើក្នុងយន្តហោះ អាច ឲ្យរថយន្តនោះ រត់បានក្នុងល្បឿន ដ៏លឿនមែនទែន គឺ ៥៩០ គឺឡូម៉ែត្រ ក្នុងមួយម៉ោង។

ល្បឿន៥៩០ គីឡូម៉ែត្រនេះ ជាល្បឿន ឯតទគ្គកម្ម មិនធ្លាប់មាន ធ្វើឲ្យ រថយន្តដឹកសិស្ស ខាងលើ ក្លាយ ជារថយន្ត ដឹកសិស្ស ដែល លឿនបំផុត ក្នុងពិភពលោក។ ការទៅរៀនយឺតលែង ជាបញ្ហាហើយនៅ ពេលនេះតែ បញ្ហា បន្ទាប់គឺនៅ លើគ្រូ និងមាតាបិតា សិស្សប៉ុណ្ណោះថាតើ ពួកគាត់ ហ៊ានឲ្យសិស្ស និងកូនៗ របស់ គាត់ជិះរថយន្ត នេះដែរឬអត់។


រថយន្តដឹកសិស្សដែលរត់បានក្នុងល្បឿន៥៩០ គីឡូម៉ែត្រក្នុង១ ម៉ោង

គំនិតច្នៃប្រឌិតនេះ កើតចេញពីលោក Paul Stender និងក្រុមការងារ របស់គាត់ ដែលមានឈ្មោះថា Indy boys ហើយបាន ដាក់បង្ហាញ នៅក្នុងកម្មវិធី ពិព័រណ៍រថយន្ត មួយនៅអាមេរិក តែយ៉ាងណា ក៏ដោយ វាគ្រាន់តែជា ការដាក់បង្ហាញ ពីការច្នៃប្រឌិត របស់គាត់ប៉ុណ្ណោះ ដោយមិនមាន សិស្សណាម្នាក់ ជិះក្នុងរថយន្តនោះទេ នៅពេលសាកល្បង ហើយគាត់ក៏គ្មាន បំណងយក រថយន្តនេះ ប្រើសំរាប់ ដឹក សិស្ស នោះដែរ។

Paul បានឲ្យដឹងថា រថយន្តទាំងមូលគឺ ធ្វើតាមការបញ្ជា របស់គាត់ ព្រោះមែនទែនទៅ រថយន្តក្រុង ធម្មតា មិនអាចទ្រាំទ្រ នឹងល្បឿនជិត៦០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង នេះបានទេ។ ហើយផ្នែកខ្លះ នៃម៉ាស៊ីនរបស់រថយន្ត គឺយកមកពី ម៉ាស៊ីនដែលប្រើ សំរាប់យន្តហោះ ដែលការងារ របស់គាត់នេះ អាចជា ការបណ្តុះ គំនិតដល់ក្មេងៗ ក្នុងការបង្កើត អ្វីមួយថ្មី ដោយអាចចៀស ពួកគេឲ្យឆ្ងាយពី គ្រឿងញៀន និង ការអង្គុយ ចំនាយពេល ឥតប្រយោជន៍ នៅពីមុខ កុំព្យូទ័រជារៀងរាល់ថ្ងៃ។

វាមានសារៈសំខាន់ ខ្លាំងណាស់ សំរាប់ការបង្ហាញ ពីទំលាប់ដែលបញ្ចេញសកម្មភាព ការច្នៃប្រឌិត ការរក្សាខ្លួនឲ្យរវល់ជាប់ជានិច្ច ដោយមិន ឲ្យទំនេរច្រើន ព្រោះការទំនេរ អាចឲ្យក្មេងគិត ដល់ធ្វើរឿងរ៉ាវ មិនល្អ ឬការប្រើថ្នាំញៀនជាដើម បុរសខាងលើបញ្ជាក់ដូច្នេះ៕


ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]