ជប៉ុន៖ មនុស្សស្រីគ្រប់រូប សុទ្ធតែចង់បាន អាពាហ៍ពិពាហ៍ ដ៏ស្រស់ស្អាតមួយ ដែលមិនអាច បំភ្លេចបាន ប៉ុន្តែអ្នកខ្លះមិនអាច រៀបការបាន ព្រោះតែគ្មាន មិត្តប្រុស ចំណែកអ្នកខ្លះទៀត បែកបាក់មិត្តប្រុស ដែលស្រលាញ់គ្នារាប់ឆ្នាំ ទើបគ្មានសង្ឃឹម ថាអាចនឹងមាន ថ្ងៃពិសេសនោះទេ។ ប៉ុន្តែពេលនេះ គ្មានមិត្តប្រុស ឬបែកបាក់មិត្តប្រុស លែងជាឧបសគ្គ ក្នុងការរៀបការទៀតហើយ ព្រោះតែនៅក្នុង ប្រទេសជប៉ុនមានក្រុមហ៊ុន ជួយរៀបចំ អាពាហ៍ពិពាហ៍ ដោយពុំចាំបាច់ មានកូនកំលោះ។

ក្នុងនាមជា មនុស្សស្រី ដែលមានភាពជោគជ័យ និង ជាមនុស្សដែល មានភាពឯករាជ្យ ផ្នែកហិរញ្ញវត្ថុ នោះ ពួកគេពិបាកនឹងមាន មិត្តប្រុសណាស់ ជាហេតុធ្វើឲ្យ អ្នកទាំងនោះ មានការព្រួយបារម្ភ ក្នុង មួយជីវិតនេះ មិនអាច មានពិធីរៀបការ តាមក្តីស្រមៃបាន ទើបមាន ក្រុមហ៊ុនមួយនៅក្នុង ប្រទេសជប៉ុន បានបង្កើតឲ្យមាន សេវាកម្មរៀបចំ ពិធីអាពាហ៍ពិពាហ៍ ដោយពុំចាំបាច់ មានកូនកំលោះ។ ក្រុមហ៊ុនដែល បង្កើតឲ្យមាន ការរៀបចំ សេវាកម្ម អាពាហ៍ពិពាហ៍ ដែលមាន តែកូនក្រមុំនោះ មាន ឈ្មោះថា Cera Travel មានទីតាំង ស្ថិតនៅ ទីក្រុងតូក្យូ ហើយសេវាកម្មនោះ មានឈ្មោះថា “Solo Wedding”។

សេវាកម្ម “Solo Wedding” បានបង្កើតឡើង នៅកាលពីខែមិថុនា សម្រាប់នារី ដែលសម្រេចចិត្ត ជ្រើសរើសយកការងារ ជំនួសឲ្យការគោរពតាម ប្រពៃណីរបស់ជប៉ុន ក្នុងការរៀបការ នៅផ្ទះមើលថែទាំ ក្រុមគ្រួសារ។ សេវាកម្មនេះ គឺអាចឲ្យនារីៗ ដែលនៅលីវទាំងអស់ បានរីករាយជាមួយ ដំណើរកម្សាន្ត អាពាហ៍ពិពាហ៍ ដ៏អស្ចារ្យមួយ និង អាចក្រេបទឹកឃ្មុំ នៅក្នុងសណ្ឋាគារ តាមក្តីស្រមៃ ថែមទៀតផង។

ជាមួយគ្នានេះដែរ អាពាហ៍ពិពាហ៍បែប ដំណើរកម្សាន្តនេះ មានរយៈពេល ២ថ្ងៃ ដែលអាចឲ្យអតិថិជន ជ្រើសរើសរ៉ូបអាពាហ៍ពិពាហ៍ និង ផ្កាស្អាតៗ តាមចំណូលចិត្ត រួមជាមួយការតុបតែងមុខ និង ការថតរូបរៀបការ ដ៏ស្រស់ស្អាត។ សេវាកម្មនេះ មិនត្រឹមតែ ធ្វើឡើងតម្រូវនឹងនារី ដែលនៅលីវ ចង់រៀបការនោះទេ គឺថែមទាំងសម្រាប់ ស្ត្រីដែលលែងលះស្វាមី ហើយចង់ទទួល បានអារម្មណ៍ពិសេស ក្នុងថ្ងៃរៀបការ ម្តងទៀតផងដែរ។

យ៉ាងណាមិញ សេវាកម្មរៀបចំ ពិធីមង្គលការគ្មាន កូនកំលោះនេះ មានតម្លៃប្រមាណ ១,៧០០ផោន (២,៧៥០ដុល្លារ) ហើយកំពុងតែ ទទួលបាន ការពេញនិយមខ្លាំង នៅពេលនេះ ព្រោះតែវាអាចឲ្យនារី ដែលគ្មានដៃគូ ទទួលបាននូវបទពិសោធន៍ នៃការរៀបការ ដ៏អស្ចារ្យមួយ៕






ប្រភព៖ ដេលីម៉េល

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]